(ពោធិ៍សាត់)៖ ប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខា នាពេលថ្មីៗនេះ បាននាំយកថវិកា ចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយយ៉ាងក្រៃលែង ចំពោះការពលីរបស់ព្រិន្ទបាលទោ មុំ តុលា ក្នុងចំណោមកងកម្លាំងមួកខៀវកម្ពុជា៤រូប ដែលរងការវាយប្រហារ ដោយក្រុមឧទ្ទាម នៅប្រទេសអាហ្រ្វិកកណ្តាល និងបន្តចុះសាកសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនជនចាស់ជរា ពិការ គ្មានទីពឹង ដល់ខ្នងផ្ទះ ចំនួន១៥គ្រួសារ ក្នុងសង្កាត់លលកស សង្កាត់រលាប និងសង្កាត់ចំរើនផលផងដែរ។

លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន បានថ្លែងថា «យើងខ្ញុំទាំងអស់គ្នា សូមសំដែងនូវការសោកស្តាយក្រៃលែង និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសពព្រិន្ទបាលទោ មុំ តុលា និងកងខេមរភូមិន្ទទាំងអស់ ដែលពលីជីវិត ប្រកបដោយកិត្តិយសថ្លៃថ្នូរបំផុត ក្នុងបេសកកម្មមនុស្សធម៌ ការពារសន្តិភាពអន្តរជាតិ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ UN»

សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ជាអង្គការមហាជន ដែលបានបំផុសបងប្អូននារីគ្រប់ស្រទាប់ វណ្ណៈទាំង ក្នុង និងក្រៅប្រទេស រួមជាកម្លាំងគាំទ្រ និងអនុវត្តគោលការណ៍១១(ខ) និងមានទស្សនៈវិស័យរបស់ខ្លួនគឺ អ្វីៗទាំងអស់ដើម្បីសុខមាលភាពរបស់ស្រ្តី និងកុមារនៅក្នុងសហគមន៍។ ជាក់ស្តែងថ្ងៃនេះដោយមើលឃើញពីកង្វះខាតរបស់ជនចាស់ជរា ពិការ គ្មានទីពឹង សាខាសមាគមនារីខេត្ត បានចុះមកដល់ខ្នងផ្ទះ ដើម្បីបានដឹង បានឃើញ និងស្វែងយល់អំពីស្ថានភាពរស់នៅរបស់បងប្អូនដោយផ្ទាល់ ដើម្បីមានវិធានការឆ្លើយតប។

ឆ្លងតាមរយៈនៃការចុះសួរសុខទុក្ខនេះ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន បានជម្រាបជូនថា បងប្អូនរស់នៅសព្វថ្ងៃ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋអំណាចមូលដ្ឋាន ហេតុនេះបើមានករណីអ្វីកើតឡើង គប្បីផ្តល់ដំណឹងជាបន្ទាន់ ដើម្បីឱ្យជំនាញ និងស្ថាប័នពាក់ព័ន្ធបានឆាប់រហ័ស ងាយស្រូលក្នុងការដោះស្រាយ។ លោកស្រី ក៏បានសំណូមពរដល់លោកតា លោកយាយ ខិតខំថែរក្សាសុខភាព ទទួលទានអាហារប្រកបដោយអនាម័យ ពោលគឺ ហូបស្ងាត ផឹកស្អាត និងរស់នៅស្អាត បើមានករណីអ្វីកើតឡើង ត្រូវប្រាប់អ្នកជិតខាង និងរដ្ឋអំណាចមូលដ្ឋាន។

ជនចាស់ជរា ពិការ គ្មានទីពឹង ដែលទទួលបាននូវអំណោយមនុស្សធម៌ទាំងនោះ ទោះជាគាត់ងើបមិនរួចក្តី និងអង្គុយបានក្តី ក៏បានខិតខំលើកម្រាមដៃ១០សំពះថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រតិភូទាំងអស់ និងបានបួងសួងសូមឱ្យទេវតាក្នុងលោក ជួយតាមថែរក្សាលោកស្រី និងក្រុមប្រតិភូ ជួបតែសំណាងល្អ មានសុភមង្គល សិរីសួស្តី ឈ្នះអស់មាសត្រូវ រកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារ ឱ្យមានការរីកចម្រើនដើម្បីដឹកនាំនាវាកម្ពុជា ជាពិសេសនៅក្នុងខេត្ត មានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ជនចាស់ជរា ពិការ គ្មានទីពឹង ដែលមានវ័យជិត៨០ឆ្នាំឡើងទៅ មានជម្ងឺប្រចាំកាយសម្រាកនៅតាមផ្ទះសរុបចំនួន១៥គ្រួសារ គឺនៅក្នុងភូមិព្រែកស្តី និងភូមិកោះ សង្កាត់លលកស ៦គ្រួសារ, ភូមិព្រែកត្នោត សង្កាត់រលាប ៤គ្រួសារ, ភូមិលាវ និងភូមិអូរតូង សង្កាត់ចម្រើនផល ៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១០គីឡូក្រាម មី១កេសតូច ទឹកសុទ្ធ១យួរ ទឹកត្រី១យួរ ថ្នាំពេទ្យមួយចំនួន និងថវិកា៥ម៉ឺនរៀល ដោយឡែកលោកយាយ វ៉ែន សំ អាយុ៧៩ឆ្នាំ រស់នៅភូមិលាវ សង្កាត់ចំរើនផល លោកជំទាវបានជូនគ្រែ១ ដែលមានតម្លៃ១៤ម៉ឺនរៀលផងដែរ៕