(ព្រៃវែង)៖ ក្រុមប្រជា​ពលរដ្ឋនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បាននិងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើចំណាត់ការតុលាការខេត្ត បន្ទាប់ពីពួកគាត់បានទទួលព័ត៌មានមកថា មេក្លោងចោរប្លន់ឈ្មោះ ម៉ឹង សារី ហៅគ្រូម៉េង និងបក្ខពួក ដែលធ្លាប់ធ្វើសកម្មភាពរហូតដល់៣៧លើក ត្រូវបានសាច់ញាតិរបស់ខ្លួន កំពុងរត់ការឲ្យដោះលែងនៅក្រៅឃុំ ខណៈពួកគេកំពុងជាប់នៅក្នុងពន្ធនាគារ ហើយការតុលាការនឹងប្រកាសសាលក្រម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះហើយ។

សំណុំរឿងមេក្លោងចោរប្លន់ទាំងនេះ ត្រូវបានសភាស៊ើបសួរសាលាឧទ្ធរណ៍ បដិសេធមិនឲ្យជនជាប់ចោទ ជាមេក្លោង នៃអំពើប្លន់៣៧លើកឈ្មោះ ម៉ឹង សារី ហៅគ្រូម៉េង នៅក្រៅឃុំ ព្រមទាំងបានបញ្ជូនសំណុំរឿងមួយនេះ មកសាលាដំបូងខេត្តព្រៃវែងដើម្បីបន្តនីតិវិធី។

ប្រជាពលរដ្ឋរស់នៅភូមិក្រាំងវែង ឃុំជាងដែក ស្រុកកំពង់ត្របែង បានឲ្យដឹងថា ពួកគាត់កំពុងមានការភិតភ័យ និងបានរម្ភយ៉ាងខ្លាំង ទៅលើក្រុមចោរប្លន់ប្រដាប់អាវុធ ដែលមានបក្ខពួក៦នាក់ ដែលកន្លងមកពួកគេតែងតែធ្វើសកម្មភាពប្លន់ កក្រើកខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលបច្ចុប្បន្ននេះមេក្លោងម្នាក់ កំពុងជាប់ឃុំនៅខេត្តព្រៃវែង និង២នាក់ទៀត ជាប់ឃុំនៅខេត្តស្វាយរៀង ខណៈបក្ខពួកចំនួន៣នាក់ ទៀតកំពុងរត់គេចខ្លួន។

ជនជាប់ចោទ​ទាំង៣នាក់ ដែលជាប់ឃុំនេះ គឺត្រូវបានសាលាដំបូងខេត្តព្រៃវែង បើកសវនាកាជំនុំជម្រះកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ហើយ​ត្រូវប្រកាសសាលក្រមនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។

ដោយមានមតិខ្សឹបខ្សៀវ ពីមាត់មួយទៅមាត់មួយថា ឈ្មោះ ម៉ឹង សារី ជាមេក្លោងកំពុង រត់ការសុំនៅក្រៅឃុំពោល គឺអាចនឹងចេញពីពន្ធនាគារ នៅក្រោយពេលក្រកាសសាលក្រមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ធ្វើឲ្យពលរដ្ឋនៅភូមិខាងលើមានការភិតភ័យ ព្រួយពីសុវត្ថិភាពពួកគាត់ ដោយខ្លាចមេក្លោង និងបក្ខពួកចោរប្លន់ប្រដាប់អាវុធទាំងនោះ​ចេញមក ហើយមានគំនុំជាមួយពួកគាត់ ដែលជាជនរងគ្រោះ ណាមួយខ្លាចមកប្លន់ទ្រព្យសម្បត្តិ ពលរដ្ឋ ឬប្រព្រឹត្តអំពើអសន្តិសុខផ្សេងៗបន្តទៀត។

ជនរងគ្រោះម្នាក់ ​បានឲ្យដឹងថា ផ្ទះរបស់គាត់ត្រូវបានចោរប្លន់កាលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១១ ដែលបាត់បង់ទ្រព្យសម្បត្តិអស់ជាង១០,០០០ដុល្លារ ដោយពួកនោះ​មានគ្នា០៦នាក់ ទី១៖ឈ្មោះ នៅ ស័រ ​អាយុ៤៥ឆ្នាំ មានទីលំនៅភូមិក្រចាប់ក្រោម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ទី២៖ឈ្មោះ ថោង យា ភេទប្រុស អាយុ៥១ឆ្នាំ ត្រូវជាបងប្អូនថ្លៃឈ្មោះ នៅ ស័រ នៅភូមិជាមួយគ្នា អ្ន​កទាំង២កំពុងជាប់ឃុំនៅខេត្តស្វាយរៀង, ទី៣៖ឈ្មោះ នុត ថង ហៅតុក ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិចំណងទា ឃុំជាមួយ, ទី៤៖ឈ្មោះ ងិន ថា ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិក្រូច ឃុំជាងដែក​, ទី៥​៖ឈ្មោះ គង់ មករា ហៅបៀវ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមជាមួយ ងិន ថា និងទី៦ឈ្មោះ ម៉ឹង សារី ហៅគ្រូម៉េង ភេទប្រុស អាយុ៦១ឆ្នាំ ជាមេខ្លោងក្នុងអំពើប្លន់យ៉ាងសកម្មទាំង៣៧លើក ដែលមានទីលំនៅភូមិក្រាំងវែង ឃុំជាងដែក ស្រុកកំពុងត្របែក ខេត្តព្រៃវែង ដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅព្រៃវែង។ មេក្លោងរូបនេះកន្លងមកតែងតែដើរទិញជ្រូក ដើម្បីស៊ើបរកផ្ទះណាមានទ្រព្យសម្បត្តិច្រើន អាងឆ្លៀតឱកាសបញ្ជាបក្ខពួកខ្លួនមកប្លន់។

ពាក់ព័ន្ធករណីនេះ ពលរដ្ឋដែលខ្លាចតុលាការដោះលែង ជនជាប់ចោទខាងលើនេះ លោក ញឹក រ៉ាន្នី អ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង មិ​នអាចសុំការបំភ្លឺបានទេ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋសុំឲ្យតុលាការខេត្តព្រៃវែង ដាក់ទោសជនជាប់ចោទខាងលើ និងបក្ខពួកឲ្យជាប់ពន្ធនាគារអស់មួយជីវិត គឺដើម្បីសុវត្ថិភាពអ្នកភូមិ ព្រោះថា ចាប់តាំងពីពេលចាប់ខ្លួន ជនជាប់ចោទទាំងនោះ​ គឺភូមិស្រុករបស់ពួកគាត់មិនសូវកើតអំពើប្លន់ដូចមុនៗឡើយ៕