(ភ្នំពេញ)៖ ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅម៉ោង១០៖០០ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ស្អែកនេះ បន្ទាប់ពីបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិករយៈពេលជាង២សប្តាហ៍មកនេះ។ នេះបើតាម លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា ដែលបានបញ្ជាក់ប្រាប់ Fresh News នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក កឹម សុខា បានចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើទស្សនកិច្ច និងជួបសំណេះសំណាលជាមួយអ្នកគាំទ្រ នៅបណ្តារដ្ឋមួយចំនួនរបស់អាមេរិក កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ ទស្សនកិច្ចទៅកាន់អាមេរិកនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណបក្សសង្រ្គោះជាតិថ្មីរូបនេះ បានទៅទស្សនកិច្ចនៅប្រទេសញូហ្សេឡែន និងប្រទេសអូស្រ្តាលី រយៈពេល២សប្តាហ៍ កាលពីដើមខែមេសា។
អ្នកវិភាគចៅចាក់ស្មុក ដែលជាអ្នកតាមដានសភាពការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា តាមការទទួលព័ត៌មានពីមន្រ្តីសកម្មជន គាំទ្របក្សប្រឆាំងនៅបរទេស បានទម្លាយឲ្យដឹងថា សកម្មភាពរបស់លោកប្រធាន កឹម សុខា មិនសូវទទួលបានផលល្អប្រសើរនោះទេ ដោយបងប្អូនប្រជាពលរដ្ឋ មួយចំនួនធំ មិនបានឧបត្ថម្ភថវិកាច្រើនៗដូចលើកមុននេះទេ។ ពោលគឺធ្លាក់ចំណូលយ៉ាងច្រើនតែម្តង មិនដូចពីអាណត្តិមុននេះឡើយ។
កាលពីម្សិលមិញ លោក កឹម សុខា បានប្រកាសអំពីការជួបជុំរបស់លោក នាថ្ងៃចុងក្រោយនៃទស្សនកិច្ចនេះ នៅសហរដ្ឋអាមេរិក កាលពីម្សិលមិញ។ លោក កឹម សុខា បានសរសេរ នៅលើទំព័រ Facebook របស់លោកថា «នៅរសៀលថ្ងៃទី១៤ខែឧសភា (ម៉ោងនៅសហរដ្ឋអាមេរិក) ក្នុងទីក្រុងសៀអាថល (Seattle) រដ្ឋវ៉ាស៊ីនតោន(Washington State) គឺជាកម្មវិធីចុងក្រោយនៃដំណើរទស្សនកិច្ចខ្ញុំ មុននឹងខ្ញុំឡើងយន្តហោះវិលត្រឡប់ទៅកាន់មាតុភូមិកម្ពុជាវិញ»៕