(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងក្រុមគ្រួសារ សមាជិកាសាខាសមាគមនារី និងមន្ត្រីអ្នកមុខអ្នកការក្នុងខេត្ត ថ្ងៃចុងសប្តាហ៍នេះ បានអញ្ជើញចូលរួមពិធី បុណ្យឡើងរោង ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។
ពិធីបុណ្យនេះ ត្រូវបានធ្វើឡើងនៅបូជនីយដ្ឋានលោកឧកញ៉ា ដែលចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ជាប់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមរាប់បាត្រពីប្រពលរដ្ឋក្នុង និងក្រៅខេត្តជាង២ពាន់នាក់ និងនិមន្តព្រះសង្ឃ១៥០អង្គ មកពីវត្តចំនួន៩ផងដែរ។
លោកសាស្ត្រាចារ្យ ម៉ៅ សោភ័ណ្ឌ អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងជាអ្នកគ្រប់គ្រងបូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង បានរាយការណ៍ពីការកសាង និងការអភិវឌ្ឍន៍ ដោយបានជម្រាបជូន អំពីប្រាក់ចំណូល និងចំណាយ សម្រាប់ធ្វើការរៀបចំកសាងកែលម្អរ បូជនីយដ្ឋានប្រវត្តិសាស្ត្រនេះ។
លោកបានឲ្យដឹងថា ជារៀងរាល់ឆ្នាំទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋក្នុង និងក្រៅខេត្ត តែងតែមកកាន់បូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដើម្បីមកចូលរួមធ្វើបុណ្យ ក្នុងគោលបំណងសុំសេចក្តី សុខចម្រើន នាំមកនូវភោគផលស្រូវដំណាំ និងលាភសក្ការ ដល់សង្គមជាតិ និងក្រុមគ្រួសារ។
បើតាមតំណាលរឿងព្រេង លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ចាត់ទុកជាវរៈជនស្នេហាជាតិខ្លាំងពូកែ ក្នុងការធ្វើសឹកសង្គ្រាមជាមួយចោរសៀម ការពារទឹកដី។ រូបរាងកាយលោកឧកញ៉ា និងជំទាវ បានលាចាកលោកទៅក៏ពិតមែន ប៉ុន្តែភាពល្បីល្បាញ និងភាពស័ក្តិសិទ្ធិ បានដក់ជាប់នៅក្នុងអារម្មណ៍ របស់ប្រជាជនទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស និងបាននាំគ្នាមកគោរពបូជា ជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ។ ដោយសារបារមីនេះ ទើបថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បានបួងសួងសុំឲ្យឆ្នាំនេះ មានទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ការងារដាំដុះ គ្មានគ្រោះមហន្តរាយ៕