(ក្រចេះ)៖ លោក សរ ចំរុង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ និងលោកឧត្តមសេនីយ៍ឯក ឈួន ថាវរិន្ទ អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកព្រែកប្រសព្វ ជួបសំណេះសំណាលជាមួយសមាជិក មន្រ្តីថ្នាក់ស្រុក និងគ្រួសារបក្ស ក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧។ នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំបក្សកាន់អំណាចនៅខេត្តក្រចេះទាំង២រូប បានប្រាប់ពលរដ្ឋត្រៀមឯកសារ សម្រាប់ការចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
លោក សេក ប៊ុនហេង អភិបាលស្រុក បានឲ្យដឹងថា សមាជិកគណបក្យប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនេះ មានចំនួន១,០៦០នាក់ នៅក្នុងឃុំព្រែកប្រសព្វទាំងមូល ហើយគណបក្សនយោបាយដែលឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន៦ នៅក្នុងស្រុកព្រែកប្រសព្វ។
លោកឧត្ដមសេនីយ៍ឯក ឈួន ថាវរិន្ទ បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានពុះគ្រប់ឧបសគ្គ ដើម្បីរំដោះជាតិកម្ពុជា ឲ្យរួចផុតពីបនប្រលយ័ពូជសាសន៍ ដឹកនាំនយោបាយឈ្នះឈ្នះ។ គុណសម្បត្តិធំធេងរបស់សម្ដេចតេជោ ខ្មែរគ្រប់រូបត្រូវដឹងគុណចំពោះសម្តេច ព្រោះការដឹកនាំរបស់សម្ដេចតស៊ូបម្រើសង្គម ឲ្យរីកចម្រើនរហូតមកទល់សព្វថ្ងៃនេះ មានទាំងផ្លូវថ្នល់ សាលារៀន អគ្គិសនី ស្ពានគ្រប់ទីកន្លែង។
លោកឧត្តមសេនីយ៍ឯក បានសុំឲ្យបងប្អូនចូលរួមបោះឆ្នោត ឲ្យបានគ្រប់គ្នា ព្រោះថានៅសល់តែ២១ថ្ងៃទៀតទេ ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយលោកបានណែនាំបងប្អូនពលរដ្ឋទាំងអស់ ឲ្យណែនាំកូនចៅត្រូវចៀងឆ្ងាយពី បទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន។
ជាមួយគ្នានោះ លោក សរ ចំរុង បានបញ្ជាក់ប្រាប់បងប្អូនពលរដ្ឋទាំងអស់ ត្រូវយលដឹង់អំពីបញ្ហាបោះឆ្នោតបងប្អូន ត្រូវយកអត្តសញ្ញាប័ណ្ណទៅនៅថ្ងៃបោះឆ្នោត បើបងប្អូនណាមិនទាន់មានអត្តសញ្ញាប័ណ្ណត្រូវលិខិត្តបញ្ជាក់ពីមេឃុំ ឬចៅសង្កាត់ ដោយមានរូបថតចំនួន៣សន្លឹក ហើយលោកបញ្ជាដល់មេទាំងអស់ ឲ្យធ្វើជូនបងប្អូនដោយមិនគិតលុយពីបងប្អូនទេ ទោះជាលិខិតផ្សេងៗ ដូចជាសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត។ល។
កិច្ចបញ្ចប់ពិធីសំណេះសំណាល លោក សរ ចំរុង និងលោកឧត្ដមសេនីយ៍ឯក បានចេញថវិការផ្ទាល់ខ្លួនម្នាក់ពាក់កណ្ដាល ជូនដល់បងប្អូនពលរដ្ឋចំនួន១,០៦០នាក់ ក្នុងម្នាក់ទទួលបានសារុង១ និងថវិកាចំនួន១០,០០០រៀល ហើយលោកឧត្ដមសេនីយ៍ឯក បានផ្ដល់ជូនComputer១គ្រឿង និងម៉ាស៊ីនPrinter១គ្រឿង និងថវិកា ចំនួន១លានរៀល ដល់ស.ស.យ.ក ស្រុកព្រែកប្រសព្វផងដែរ៕