(កោះកុង)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានផ្តាំផ្ញើថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូខ្មែរឥស្លាម និងសកម្មជន សមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាមគណបក្សប្រជាជនកម្ពុជា ខេត្តកោះកុង ជាច្រើនកុះករថា សូមបងប្អូនបន្តរក្សាកម្លាំងចាស់ និងបន្ថែមកម្លាំងថ្មី បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីស្របតាមប្រសាសន៍របស់សម្ដេចតេជោ «គណបក្សប្រជាជនកម្ពុជាត្រូវតែឈ្នះ»។
ការជួបសំណេះសំណាលនេះ ធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ក្នុងនោះក៏ប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាជិក សមាជិការ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដែលមានវត្តមានជាសហអធិបតីដោយ លោក ប៊ុន លើត អភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត។
លោក ប៊ុន លើត បានបញ្ជាក់ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្រ្តីគណបក្សប្រជាជនកម្ពុជា ពីថ្នាក់លើដល់មូលដ្ឋាន បានកំពុងតែខំប្រឹងយ៉ាងសស្រះសស្រាំ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ តែទោះបីយ៉ាងណាការខ្វះចន្លោះ ឬធ្វើឲ្យមានការថ្នាំងថ្នាក់ពីបុគ្គលមន្រ្តីតាមមូលដ្ឋាន តែងតែចៀសមិនផុតទេ វាមិនខុសពីម្រាមដៃទាំងប្រាំដែលមិនស្មើគ្នានោះដែរ។ ទោះបីយ៉ាងណា ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សខេត្ត សូមកោតសតសើរនូវ សម្លេងគាំទ្រយ៉ាងច្រើនលើសលប់ របស់សហគមន៍ខ្មែរឥស្លាម ដែលឈរលើលំដាប់ថ្នាក់លេខមួយ ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោក អូស្មាន ហាស្សាន់ បានកោតសរសើរ នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សកម្មជន សមាជិកសមជិកាគណៈចលនាសាសនិកឥស្លាម ដែលសម្រេចបាននូវការគៀងគរកម្លាំង គាំទ្រគណបក្សប្រជាជនកម្ពុជា ជារៀងរាល់អាណត្តិកន្លងមក ហើយសូមឲ្យបន្តនូវកិច្ចខំប្រឹងប្រែងនេះ សម្រាប់អាណត្តិជាបន្តបន្ទាប់។
លោកប្រធានគណៈចលនាសាសនិកឥស្លាមរូបនេះ លើកឡើងថា «សូមកុំមានទស្សនៈចាត់ទុកការបែកបាក់ប្រេះឆា របស់គណបក្សប្រឆាំង ជាភាពជោគជ័យរបស់ខ្លួន តែយើងត្រូវឈរនៅលើគុណធម៌ ឆន្ទៈ បន្តនូវតួនាទីជាអ្នកដឹកនាំល្អ បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងពុះពាតស៊ូដោះស្រាយរាល់កង្វល់ របស់សហគមន៍»។
ក្នុងឱកាសនោះដែរ លោកបញ្ជាក់ពី ការកសាងប្រទេសពីបាតដៃទទេ និងការលះបង់ឈាមស្រស់របស់ប្រមុខថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលបានទាមទារមកវិញនូវសុខសន្តិភាព សេរីភាព និងការរីកចម្រើននូវសាមិទ្ធផលនានា គ្រប់វិស័យដុះដាលទូទាំងប្រទេស ហេតុនេះការតបស្នងសងគុណ ដែលសាកសមបំផុត គឺមានតែការបន្តគាំទ្របោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀត នឹងឈានដល់ថ្ងៃបោះឆ្នោត គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ក៏ដូចជាការបោះឆ្នោតសភានៅឆ្នាំ២០១៨ ខាងមុខនេះ៕