(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងឲ្យដឹងថា កងកម្លាំងនគរបាលជាតិ បានបើកកិច្ចសហប្រតិបត្តិការ យ៉ាងសកម្មតាមភារកិច្ចរៀងៗខ្លួន ដោយបានធ្វើឲ្យបទល្មើសជាច្រើនថយចុះយ៉ាងខ្លាំង រួមមាន៖ ឧក្រិដ្ឋថយចុះ៥ភាគរយ, គ្រោះថ្នាក់ចរាចរណ៍ ១១ភាគរយ, អាវុធជាតិផ្ទុះ៧០ភាគរយ នៅក្នុងឆ្នាំ២០១៦កន្លងទៅ។ នេះបើយោងតាមខ្លឹមសារនៃសារជូនពររបស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើជូនកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស ក្នុងទិវារឭកខួបអានុស្សាវរីយ៍លើកទី៧២ របស់កងកម្លាំងនគរបាលជាតិ ចាប់បដិសន្ធិ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា ទិវាដែលឧទ្ទិសដល់ស្នាព្រះហស្តរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបង្កើតអង្គប្រតិបត្តិច្បាប់មួយនេះឡើង។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបន្ថែមថា ក្រៅពីកងកម្លាំងនគរបាលជាតិ ក៏បានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ យុទ្ធនាការបង្រ្កាបបទល្មើសព្រៃឈើ និងការការពារធនធានធម្មជាតិ យុទ្ធនាការបង្រ្កាបបទល្មើសស៊ីសងខុសច្បាប់ យុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ និងយុទ្ធនាការលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យតាមផ្លូវគោក និងផ្លូវទឹក ទទួលបានលទ្ធផលល្អប្រសើរ ដែលធ្វើឲ្យខឿនសន្តិសុខកាន់តែត្រូវបានពង្រឹងបន្ថែមទៀត។
អគ្គស្នងការនគរបាលជាតិ បានបន្តឲ្យដឹងថា ក្នុងឆ្នាំ២០១៦កន្លងមកនេះ កងកម្លាំងនគរបាលជាតិគ្រប់ថ្នាក់ បានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដោយបានបង្កើត នូវស្នាដៃធំៗជាច្រើនទៀត។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា តាមរយៈលទ្ធផល និងស្នាដៃឆ្នាំកន្លងទៅ បានឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែង របស់កងកម្លាំងនគរបាលជាតិកម្ពុចាគ្រប់ជាន់ថ្នាក់ ដែលបានលះបង់កម្លាំងកាយ ក្នុងបេសសកម្មរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ដែលគោលដៅធ្វើយ៉ាងណាឲ្យប្រទេសជាតិមានសុខសុវត្ថិភាព ប្រជាពលរដ្ឋមានក្តីសុខ មិនមានការភ័យខ្លាចនៅគ្រប់ទីកន្លែងទូទាំងប្រទេស និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឈានទៅរកភាពរីកចម្រើនរុងរឿង៕