(កោះកុង)៖ ដោយសារអស់ជំនឿ លើការដឹកនាំរបស់ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ (CNRP) នោះ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ សមាជិក CNRP ចំនួន៩៥នាក់ នៅក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង បានសម្រេចចាកចេញពី CNRP មករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា (CPP)។

ពិធីប្រកាសបញ្ចូលសមាជិកថ្មី មកពី CNRP មករួមរស់ក្នុងជីវភាពនយោបាយជាមួយ CPP នេះ ធ្វើឡើងក្រោមអធីបតីភាព លោក កាយ សំរួម សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ខេត្តកោះកុង រៀបចំឡើងនៅស្ថិតភូមិកោះស្រឡៅឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

លោក កាយ សំរួម បានថ្លែងក្នុងឱកាសនោះថា «ថ្ងៃនេះខ្ញុំព្រមទាំងថ្នាក់ដឹកនាំទាំងអស់ មានសេចក្តីសោមនោស្សរីករាយបំផុត ដោយបានបងប្អូនជាសមាជិកថ្មី ចូលមករួមរស់ជាមួយ គណបក្សប្រជាជន ដោយបងប្អូនបានយល់យ៉ាងច្បាស់នៅសកម្មភាព របស់គណបក្សប្រជាជន រាល់ទង្វើរស់ររើក ដែលគណបក្សប្រជាជន ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ តាំងពីបាតដៃទទេ ឲ្យមានការរីចម្រើនលើគ្រប់វិស័យ ជាពិសេសបង្កើននូវធនធានមនុស្ស បានយ៉ាងល្អមិនថាទីជិត ឬឆ្ងាយឡើយ។ គណបក្សប្រជាជនតែងតែយកចិត្តទុកដាក់ លើប្រជាពលរដ្ឋដោយ មិនប្រកាន់និន្នាការ នយោបាយ សាសនា ឬគណបក្សណាឡើយ គឺយើងរកដំណោះស្រាយឲ្យទាំងអស់ព្រោះនេះ ជាតួនាទីរបស់យើង»។

លោក កាយ សំរួម បានបញ្ជាក់ថា ហេតុដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចទាំងពីរជាអ្នកដឹកនាំ ជាពិសេសសម្តេចនាយរដ្ឋមន្រ្តីនៃកម្ពុជា ជាអ្នកដឹកនាំដ៍ឈ្លាសវៃ តែងតែគិតគូរសុខទុករបស់ប្រជាពល​រដ្ឋទាំងអស់​ទូទាំងប្រទេស មានតែគណបក្សប្រជាជនទេ ដែលនាំសុខសន្តិភាពពេញលេញឲ្យកម្ពុជា។

តំណាងសមាជិកថ្មី ដែលដកខ្លូនចេញពីគណបក្សសង្គ្រោះជាតិ បានថ្លែងថា «ជាភាពជាក់ស្តែងពេលពួកគាត់ មានបញ្ហាឃើញតែគណបក្សប្រជាជនប៉ុណ្ណោះ ដែលចុះជួយរហូត មិនដែលឃើញ គណបក្សសង្គ្រោះជាតិ ចុះសួរសុខទុក ឬជួយអី្វដល់ពួកគាត់នោះទេ ដោយឃើញទង្វើល្អរបស់ គណបក្សប្រជាជន ទាំងទង្វើរាល់សកម្មភាព មកលើប្រជាជន ទើបក្រុមគាត់សម្រេចចិត្តដកខ្លួនចេញពីសង្គ្រោះជាតិ មករួមរស់ជាគណបក្សប្រជាជនកម្ពុជាវិញ»៕