(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រកាសបញ្ចូលសកម្មជន និងសមាជិក៤៧រូបទៀត ដែលបានចាកចេញពីគណបក្សសង្គ្រោះជាតិ ដើម្បីសុំចូលមករួមនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក៏ព្រោះតែពួកគាត់បានមើលឃើញយ៉ាងច្បាស់លាស់ ពីសកម្មភាពរបស់គណបក្សផ្សេងៗ ពិសេសមិនពេញចិត្តការដឹកនាំ និងរបៀបរបប ធ្វើការងាររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ពោលគឺមេដឹកនាំគណបក្សនេះ គ្មានសមត្ថភាពដឹកនាំ ប្រទេសឡើយ ចេះតែម្យ៉ាង គឺឃោសនាញុះញង់បំបែកបំបាក់សាមគ្គីភាពជាតិ បង្កអសន្តិសុខសង្គម ប្រព្រឹត្តិអំពើមិនគួរគប្បីក្នុងជួរគណបក្ស និងអំពើអសីលធម៌ជាដើម។
សមាជិកដែលចាកចេញទាំងនោះ បញ្ជាក់ថា ក្នុងនាមពលរដ្ឋខ្មែរ ពួកគាត់មិនអាចបោះឆ្នោត ឲ្យក្រុមបក្សប្រឆាំងបានឡើយ ហើយពួកគាត់ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដដឹកនាំប្រទេស ឲ្យកាន់តែមានការរីកចម្រើនថែមទៀត ដែលស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តដឹកនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍សង្គម ធ្វើឲ្យមានការរីកចម្រើនជាបន្តបន្ទាប់រហូតទល់សព្វថ្ងៃនេះ។
ការប្រកាសបញ្ចូលសមាជិកថ្មីបន្ថែមទៀត របស់គណបក្សប្រជាជនកម្ពុជា ក្រោមស្នូរទះដៃយ៉ាងគងរំពង ដែលបានប្រប្រត្តឡើង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីអភិបាលរងខណ្ឌលោក ប្រាជ្ញ សីហា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយប៉ាក និងបេក្ខភាពប្រធានគណបក្សសង្កាត់ស្វាយប៉ាក លោក ហ៊ូ សាម៉ន និងសមាជិក សមាជិកា ជាបេក្ខជនក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ ចំនួន២០នាក់ រួមជាមួយសកម្មជន និងសមាជិកមកពីគណបក្សសង្គ្រោះជាតិចំនួន៤៧រូប ថែមទៀតផងដែរ។
លោក ជា ពិសី បានថ្លែងថា «ចំពោះសមាជិកដែលទើបបញ្ចូលថ្មីទាំងអស់ សូមឲ្យមានការជឿជាក់ និងស្មោះត្រង់ មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលមានសម្ដេចតេជា ហ៊ុន សែន បានបន្តដឹកនាំរួមគ្នាធ្វើការងារ ក៏ព្រោះតែដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនកម្ពុជាយើង»។
ក្រោយបញ្ចប់កម្មវិធី លោក ជា ពិសី បានថ្លែងទៀតថា ក្នុងចំណោមសមាជិកថ្មីទាំង៤៧នាក់ ក្នុងនោះមានលោក ម៉ម ណយ ទទួលបានប្រាក់ឧបត្ថម្ភ២០ម៉ឺនរៀល, លោក ឡុង សាវ៉ុន ទទួលបានប្រាក់ឧបត្ថម្ភ១០ម៉ឺនរៀល, លោក ស សុភាព ទទួលបានប្រាក់ឧបត្ថម្ភ១០ម៉ឺនរៀល រួមនិងសមាជិកចំនួន៤៤រូបផ្សេងទៀត ទទួលបានប្រាក់ឧបត្ថម្ភក្នុងម្នាក់ៗ២ម៉ឺនរៀលស្មើៗគ្នា៕