(កំពង់ចាម)៖ លោក សាន វិជ្ជាសារ៉ាវុធ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកព្រៃឈរ ខេត្តកំពង់ចាម និងជាប្រធានគណៈពង្រឹងភូមិដូនឡី ឃុំគរ បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានភាពជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល ប្រកបដោយគតិយុត្តិ គឺសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ការលើកឡើងបែបនេះរបស់លោក សាន វិជ្ជាសារ៉ាវុធ បានធ្វើឡើងនៅក្នុងពិធី ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកកញ្ចប់អំណោយរបស់ លោក ម៉ក់ ពេជ្ជ រិទ្ធ ប្រធានគណៈពង្រឹងឃុំគរ ទៅចែកជូនដល់ប្រជាពលរដ្ឋ៥២០គ្រួសារ ស្ថិតនៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការចូលរួមពី ក្រុមការងារគណៈពង្រឹងភូមិដូនឡី ឃុំគរ រួមជាមួយលោកស្រីអភិបាលរងស្រុក លោកជំទប់ទី១ ក្រុមការងារភូមិ ឃុំ ប្រជាការពារ និងក្រុមការងារយុវជន កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧។
លោក សាន វិជ្ជាសារ៉ាវុធ បានបន្តទៀតថា ប្រទេសកម្ពុជាយើងបច្ចុប្បន្នមានសុខសន្តិភាព ស្ថេរភាព នយោបាយ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់ឆ័ត្រសន្តិភាព ដ៏ផូរផង់មិនអាចកាត់ថ្លៃបាន ដែលរាជរដ្ឋាភិបាលបានខិតខំ ប្រឹងប្រែង ថែរក្សា ការពារ ជូនប្រជាពលរដ្ឋ ឲ្យរស់រានមានជីវិត សុខសាន្ត និងផ្តល់ឱកាសជូន គ្រប់ក្រុមគ្រួសារ ដើម្បីទទួលបានការងារ បង្កើនប្រាក់ចំណូលកាត់បន្ថយភាពក្រីក្រស្ទើទាំងស្រុងនៅទូទាំងប្រទេសកម្ពុជា គឺក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លោក បានបន្ថែមថា សន្លឹកឆ្នោត១សន្លឹក គឺមានតម្លៃខ្លាំងណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំ ដែលបងប្អូនបានស្គាល់ បានដឹងហើយបានទទួលនូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍន៍ដ៏សម្បូរបែប ហេតុនេះបងប្អូនមិនត្រូវលង់ជឿលើការ ឃោសនាបោកប្រាស់ និងការសន្យាខ្យល់ បំពុលសង្គមរបស់បុគ្គលណានោះឡើយ ព្រោះថា អ្នកថាមិនដូចអ្នកធ្វើនោះទេ។
នាឱកាសនោះ លោក សាន វិជ្ជាសារ៉ាវុធ និងក្រុមការងារ បាននាំយកកញ្ចប់អំណោយ របស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រធានគណៈពង្រឹកឃុំគរ ស្រុកព្រៃឈរទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៥២០គ្រួសារ រួមមាន៖ ឃីត១កញ្ចប់, ឧបត្ថម្ភស្រី្តសំរាលកូន៥នាក់ ៥០០,០០០រៀល, គ្រួសារមរណៈភាព១នាក់ ២០០,០០០រៀល, ជួលរោង កៅអី ទឹកសុទ្ធ មេក្រូ ៧៥០,០០០រៀល, ក្រុមការងារភូមិ ឃុំ ប្រជាការពារ និងក្រុមយុវជន ៥០០,០០០រៀល, ចាស់ជរាមានជម្ងឺ១នាក់ ២០,០០០រៀល, បង្គន់អនាម័យ១ខ្នងផ្ទះ គ្រួសារដែលមានការខ្វះខាត ដើម្បីទុកប្រើប្រាស់, អណ្តូងស្នប់៣ ជូន៣ខ្នងផ្ទះ ៤,២០០,០០០រៀល, ទិញនំចែកជូនក្មេងៗ១កញ្ចប់ ៕