(កណ្ដាល)៖ តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតនៅស្រុកលើកដែក ខេត្តកណ្ដាល មានក្រុមទំនើងមួយក្រុម ដែលជារើយៗតែងតែចាំគប់ដុំថ្មលើរថយន្ត អ្នកធ្វើដំណើរ ជាហេតុបង្កឲ្យមានភាពភ័យខ្លាចដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរតាមផ្លូវមួយខ្សែនេះ តែអ្វីដែលកើតជាចម្ងល់នោះ គេនៅមិនទាន់ឃើញ អាជ្ញាធរ និងសមត្ថកិច្ចមានសមត្ថកិច្ចណា ចាត់វិធានការទប់ស្កាត់សកម្មភាពដ៏គឃ្លើនទាំងនេះម្ដងណាឡើយ បណ្ដោយឲ្យពួកទំនើងទាំងនោះ ប្រព្រឹត្តបទល្មើសតាមអំពើចិត្ត។

ជាក់ស្ដែងនៅវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ សកម្មភាពបង្កគ្រោះថ្នាក់បែបនេះ បានកើតឡើងសារជាថ្មី ដោយសារតែក្រុមទំនើងទាំងនោះ មានយកដុំថ្មគប់ទៅលើរថយន្តក្រុងដឹកភ្ញៀវទេសចរមួយគ្រឿង ដែលធ្វើដំណើរចេញពីប្រទេសវៀតណាម ឆ្លងកាត់តាមផ្លូវជាតិ១ខាងលើ បណ្ដាលបែកកញ្ចក់រថយន្តអស់មួយអន្លើ បង្កភាពភ័យខ្លាចដល់ភ្ញៀវទេសចរផ្ញើលពេញក្នុងរថយន្ត។

ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក៏ដូចជា អ្នកបើករថយន្តបានលើកឡើងថា មិនមែនទើបតែលើកនេះទេ ដែលពួកក្រុមទំនើងនេះ បានធ្វើសកម្មភាពបង្កអសន្តិសុខសង្គមនេះ ពោលសកម្មភាពបែបនេះ នៅកន្លែងនេះ បានកើតឡើងជាញឹកញាប់មកហើយ តែនៅគ្មានអាជ្ញាធរ ឬកម្លាំងសមត្ថកិច្ចណា ចេញចាត់វិធានការទប់ស្កាត់លើក្រុមទាំងនេះឡើយ។

ហេតុដូច្នេះហើយ ទើបប្រជាពលរដ្ឋ ភ្ញៀវទេសចរ អ្នកធ្វើដំណើរ និងអ្នកបើករថយន្តដែលធ្វើដំណើរលើផ្លូវជាតិលេខ១ ឆ្លងកាត់ស្រុកលើកដែកនេះ ស្នើយ៉ាងទទូចសុំឲ្យកម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ចមូលដ្ឋានទាំងអស់ ចាត់វិធានការតាមច្បាប់ចំពោះសកម្មភាពដ៏គគ្លើន ដែលបង្កដោយក្រុមទំនើង ខាងលើ ដើម្បីបំបាត់ភាពភ័យខ្លាចដល់អ្នកធ្វើដំណើរទាំងអស់។

សូមជម្រាបថា ទីតាំងដែក្រុមទំនើងគប់ដុំថ្មលើរថយន្តដឹកភ្ញៀវទេសចរខាងលើ ស្ថិតនៅមុខរោងចក្រផលិតជីផ្កាយប្រាំ បណ្ដាលឲ្យបែកកញ្ចក់សឹងមួយចំហៀងរថយន្ត តែមិនបង្កឲ្យភ្ញៀវទេសចររងរបួសម្នាក់ណាឡើយ៕