(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះ គឺជាទិវាខួបអនុស្សាវរីយ៍លើកទី៧២ឆ្នាំ ថ្ងៃកំណើតនគរបាលជាតិ, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជម្រុញឲ្យកងកម្លាំងនគរបាលជាតិ ខិតខំបន្ដទៀត ក្នុងការលើកកម្ពស់សមត្ថភាព រក្សាសន្ដិសុខ ជូនមាតុភូមិ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបុព្វហេតុស្នួលបម្រើការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសធ្វើឲ្យភូមិ-ឃុំ មានសុវត្ថិភាព គ្មានបទឧក្រិដ្ឋកើតឡើង។
ក្រៅពីការជម្រុញបែបនេះ ក្នុងសារជូនពររបស់សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ សម្ដេចបានសម្ដែងនូវ ការកោតសរសើរឥតឧបមា ចំពោះការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ក្នុងបុព្វហេតុរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមរយៈពេល០១ឆ្នាំកន្លងមកនេះ និងសូមផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខជូនដល់និវត្តន៍ជន នគរបាលជាតិ និងដល់ក្រុមគ្រួសារមន្ដ្រីនគរបាលជាតិនៅទូទាំងប្រទេស។
ឆ្លៀតក្នុងឱកាសនេះ សម្ដេច ស ខេង សូមឧទ្ទិសនូវទឹកចិត្តកតញ្ញូកតវេទី ជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរសនៃកងកម្លាំងនគរបាលជាតិគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការបំពេញ កាតព្វកិច្ចបម្រើសេចក្ដីសុខក្សេមក្សាន្ដជូនប្រជាពលរដ្ឋ និងសង្គមជាតិកម្ពុជា។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៧នេះ សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា ក្រសួងមហាផ្ទៃ ពុំបានរៀបចំមឹទ្ទិញរំលឹកខួបអនុស្សាវរីយ៍ដូចសព្វមួយដង ដែលអាស្រ័យដោយភាពមមាញឹក នៃការងារ ក៏ដូចជាការទទួលខុសត្រូវ ធានាសន្ដិសុខសម្រាប់កិច្ចដំណើរការ រៀបចំបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ រាជរដ្ឋាភិបាល។
ខាងក្រោមនេះជាសារជូនពររបស់សម្ដេច ស ខេង ដែលមានខ្លឹមសារទាំងស្រុង៖