(ត្បូងឃ្មុំ)៖ លោក វ៉ា សារិទ្ធ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានថ្លែងថា ក្រោមតម្លៃនៃគោលនយោបាយឈ្នះ-ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យប្រទេសជាតិរួបរួមគ្នា បន្តដំណើរលើនាវាតែមួយ ឆ្ពោះទៅកាន់ការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ ដូច្នេះត្រូវកាន់ដៃគ្នាបន្តការពារសន្តិភាពនេះ។
លោក វ៉ា សារិទ្ធ ថ្លែងបែបនេះក្នុងឱកាសចុះជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជាចំនួន ១,៨៩១នាក់ មកពី៦ភូមិ មានភូមិឈើទាលជ្រុំ ភូមិត្រពាំងឈូក ភូមិវាលអណ្តើក ភូមិគោកចារ ភូមិស៊ាងឃ្វាង និងភូមិត្រពាំងស្រង៉ែ ក្នុងឃុំគោកស្រុក ស្រុកតំបែរ ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០១៧។
លោកបានរំឭកនូវប្រវត្តិនៃការបែកបាក់គ្នាសាមគ្គីគ្នា ធ្វើឲ្យប្រទេសជាតិចុះខ្សោយ ដោយសារតែការដណ្តើមអំណាចគ្នា ជាក់ស្តែង កូនខ្មែរគ្រប់រូបបានដឹងច្បាស់ហើយនូវវិនាសកម្ម ក្រោយការធ្វើរដ្ឋប្រហារទម្លាក់ថ្នាក់ដឹកនាំ ដោយរបបលន់នល់ និងការទទួលរងនូវភាពចលាចលរបបខ្មែរក្រហម គឺអំពើប្រល័យពូជសាសន៍របស់ពួកប៉ុលពត ពេលនោះហើយ ជាពេលវេលាដ៏ខ្មៅងងឹតបំផុតចូលមកដល់ប្រទេសជាតិពោរពេញ ដោយការឈឺចាប់ខ្លោចផ្សារកទីបំផុតគ្មាន ការកាប់សម្លាប់រង្គាលនូវជាតិសាសន៍ខ្លួនឯង ដែលប្រជាជនទូទាំងប្រទេសចង់ចាំមិនភ្លេចនោះ ក៏ដូចជារំឭកនឹកគុណទៅដល់ ប្រវត្តិនៃការផ្តួលរំលំរបបដ៏យ៉ង់ឃ្នងនេះ។
លោកបន្តថា វេលាដ៏តក់ស្លុត ភាពខ្មៅងងឹតដែលគ្មានរស្មី សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស បានរលាយបាត់ទៅក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ ជាង៣០ឆ្នាំកន្លងផុតទៅ ប្រទេសជាតិបានទទួលសុខសន្តិភាពពេញលេញ ដែលសន្តិភាពនេះច្បាស់ណាស់ គឺទទួលបានយ៉ាងលំបាក ក្រោមការតស៊ូពុះពារលះបង់គ្រប់បែបយ៉ាង ទាំងកម្លាំងកាយ កម្លាំចិត្តរបស់ឥស្សរជន ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយកសាងប្រទេសជាតិពីចំណុចសូន្យ តាំងពីបាតដៃទទេពីគំនរដែលមានតែផេះផង់ ដោយសារភ្លើងសង្គ្រាមមនោះ បានធ្វើការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដោយដាក់ចេញអនុវត្តនូវគោលនយោបាយឈ្នះ-ឈ្នះ ដែលជាគោលនយោបាយបង្រួបបង្រួមជាតិតែមួយ ខ្មែរតែមួយ ទើបទទួលបាននូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រទេសជាតិ មានការរីកចម្រើនជឿនលឿន បានដូចសព្វថ្ងៃនេះ។
លោកក៏បានធ្វើការលើកឡើងផងដែរ ពីបញ្ហាសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា ដូចជា ប្រទេសលីបី ស៊ីរី អ៊ីរ៉ាក់ ជាដើមនោះ ក្រោមការញ៉ុះញ៉ុង ពីសំណាក់អ្នកនយោបាយខិលខូចមួយចំនួន ដែលចង់បានអំណាច បង្កើតឲ្យមានចលនាបដិវត្តន៍ពណ៌ បានធ្វើឲ្យប្រទេសពីសុខសន្តិភាព ប្រជាជនសម្បូរសប្បាយ មានការអភិវឌ្ឍរីកចម្រើន តែបច្ចុប្បន្នបែរជាត្រូវចលាចលលិចលង់ក្នុងភ្លើងសង្គ្រាម ព្រាត់ប្រាស់លំបាកវេទនារកទីបំផុតគ្មាន។
លោកក៏បានសង្កត់ធ្ងន់ថា «យើងទាំងអស់គ្នាត្រូវការពារ ឲ្យបានដាច់ខាត មិនឲ្យមានបដិវត្តពណ៌ ចូលមកបំផ្លាញសុខសន្តិភាព នៅលើទឹកដីនៃកម្ពុជា ដែលពួកយើងទាំងអស់គ្នា ខិតខំថែរក្សាអស់ជាង៣០ឆ្នាំនោះទេ សូមក្រលេកទៅមើលប្រទេសនៅមជ្ឈឹមបូព៌ាជាគំរូស្រាប់»។
ជាមួយគ្នានោះដែរ លោក វ៉ា សារិទ្ធ ក្នុងនាមប្រធានក្រុមការងារចុះជួយឃុំគោកស្រុក បានបង្ហាញជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួន ក្នុងការបម្រើដល់ប្រជាពលរដ្ឋ និងក្រើនរំឭកដល់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ និងសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋ ព្រមទាំងធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់បងប្អូនទាំងអស់ ដែលតែងតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងសូមបន្តគាំទ្របន្តទៀត ដោយបោះឆ្នោតជូនបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕