(កំពត)៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពត បានដឹកនាំសមាជិកសរុប១៥នាក់ ដើរចេញពីបក្ស ដោយមកសុំរួមរស់ជីវភាព នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកំពុងកាន់អំណាច និងមានចរឹកចាស់ទុំខាងផ្នែកនយោបាយផងដែរ។ ថ្នាក់ដឹកនាំ និងសមាជិកសំខាន់ៗ ដែលចាកចេញនោះបានអះអាង គណបក្សសង្គ្រោះជាតិ មានបក្ខពួកនិយម ពុករលួយ និងបានតែសន្យា ប៉ុន្ដែមិនបានសម្រេចលទ្ធផលអ្វីនោះទេ។
ថ្នាក់ដឹកនាំ និងសមាជិកដែលបានចាកចេញនោះ ត្រូវបានទទួលដោយភាពកក់ក្ដីពីសំណាក់លោក វ៉ាន សំអឿន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអតីតតំណាងរាស្រ្តមណ្ឌលកំពត គណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នៅភូមិច្រកកែស ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។
លោក វ៉ាន សំអឿន បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងសមាជិកសំខាន់ៗ CNRP ទាំង១៥នាក់នោះ រួមមាន៖ លោកក្រុមប្រឹក្សាខេត្ត២រូប, លោកក្រុមប្រឹក្សាស្រុក២រូប, ក្រុមប្រឹក្សាឃុំ១រូប និងសមាជិកចំនួន១០រូបផ្សេងទៀត ដែលបានមកចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា។ ពួកគាត់បានខិតខំធ្វើការទំនាក់ទំនងជាមួយបងប្អូនខ្លះ ដែលគាំទ្រគណបក្សសង្រ្គោះជាតិ ហើយមានបំណងចង់មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់ទៀត។
ទីប្រឹក្សានាយករដ្ឋមន្ដ្រីរូបនេះ បានលើកឡើងថា សង្គ្រាមនាំមកនូវក្តីវិនាស មហន្តរាយ ខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន រងរបួស ពិការ ស្លាប់បែកបាក់គ្រួសារ គ្មានសេដ្ឋកិច្ច គ្មានសេរីភាព គ្មានសេចក្តីសុខ គ្មានសុភមង្គល ហេតុដូច្នេះសូម បងប្អូនសម្រេចចិត្តឲ្យបានច្បាស់លាស់ថា តើបក្សណាដែល នាំយកសុខសន្តិភាព កសាងប្រទេសឲ្យមានការរីកចម្រើនដូចសព្វថ្ងៃ ហើយបក្សណាដែលតែងតែរួមសុខទុក្ខ និងជួយដោះស្រោយរាល់ការលំបាក ដែលប្រជាជនជួបប្រទេះនោះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោតែមួយគត់។
បន្ថែមពីនេះ លោករំលឹកថា សូមបងប្អូនកុំជឿការឃោសនាបោកប្រាស់ សន្យាខ្យល់ គ្មានការពិត របស់គណបក្សសង្រ្គោះជាតិ ឲ្យសោះ បើសិនជាគ្មានគណបក្សប្រជាជនដឹកនាំ ដោយសម្តេចតេជោ នាយករដ្ឋមន្រ្តីដឹកនាំ រំដោះប្រទេសជាតិពីរបបឃោឃៅ ប៉ុល ពត ទេក៏គ្មានសន្តិភាព និងការរីកចម្រើនមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃដែរ ហើយក៏គ្មានគណបក្សសង្រ្គោះ និងតំណាងរាស្រ្តមកឈរជាបេក្ខជនបោះឆ្នោតនៅពេលបច្ចុប្បន្ននេះដែរ៕