(កំពង់ចាម)៖ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោកឧកញ៉ា ឡូវ ហ៊ឹង បានប្រាប់ និងណែនាំក្រុមប្រឹក្សាឃុំ ត្រូវលះបង់អាប្បកិរិយាឆ្មើងឆ្មៃ លះបង់ការប្រកាន់ឬកពារជាអ្នកធំ ដែលជាមូលហេតុ ធ្វើឲ្យប្រជាជនការអាក់អន់ចិត្ត ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋគ្រប់ពេល និងមិនរើសអើងពួកគាត់។
ការណែនាំនេះបានធ្វើឡើង ខណៈលោកបាននាំយកអំណោយជាសារុង ថ្នាំពេទ្យ ប្រហុក និងថវិកាមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងបរិវេណវត្ត ព្រះពុទ្ធសាធារាម ហៅវត្តខ្ទឹង ស្ថិតក្នុងភូមិខ្ទឹង ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧។
លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងនូវបញ្ហាអំពីជីវភាពសេដ្ឋកិច្ច ក្នុងឃុំទងត្រឡាច មានផ្ទៃដីស្រែវស្សា សរុបប្រមាណ១០១០ហិកតា បច្ចុប្បន្នព្រួសបាន៥៩៨ហិកតា ពង្រោះស្រូវស្រាលបានចំនួន៣៧០ហិកតា នៅសេសសល់១០ភាគរយ ផ្ទៃដីស្រែប្រាំងនៅពុំទាន់ដល់រដូវកាល។ នាពេលបច្ចុប្បន្ន បញ្ហាប្រឈមរបស់ប្រជាជនមួយចំនួន បានជំពាក់លុយស្ថាប័នមីក្រូហិរញ្ញវត្ថុឯកជន និងគ្រួសារមួយចំនួនទៀតបានចំណាកស្រុក។
នៅក្នុងឱកាសនោះ លោកឧកញ៉ា ឡូវ ហ៊ឹង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម បូរណភាពទឹកដី ធ្វើឲ្យប្រជាពលរដ្ឋមានឱកាសកសាងជីវភាពរីកចម្រើន ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ដែលមកដល់បច្ចុប្បន្ននេះបានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ដំឡើងប្រាក់បៀវត្សន៍ ដល់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ កម្មករជាបន្តបន្ទាប់។
លោកបានផ្តល់ជូននូវមតិមួយចំនួន រួមមាន៖
ទី១៖ ប្រធានក្រុមប្រឹក្សាឃុំត្រូវរៀបចំ ការប្រជុំប្រចាំខែដោយផ្តោតទៅលើប្រជាជនក្រីក្រ ត្រូវធានាឲ្យបានថា មិនឲ្យប្រជាជន ណាលំបាក ឬដាច់បាយស្លាប់ក្នុងភូមិរបស់ខ្លួន
ទី២៖ ក្រុមប្រឹក្សាឃុំត្រូវចុះដល់គ្រួសារក្រីក្រ ដែលមានភាពលំបាកនៅតាមភូមិនីមួយៗ ដូចជា៖ ចូលរួមបុណ្យសព អាពាហ៍ពិពាហ៍ ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដែលបានជួបប្រទះដោយគ្រោះថ្នាក់ចៃដន្យ ត្រូវការសង្រ្គោះបន្ទាន់ឬស្រ្តីឆ្លងទន្លេ
ទី៣៖ ក្រុមប្រឹក្សាឃុំត្រូវមានទំនាក់ទំនងល្អជាមួយវត្តអារាម
ទី៤៖ ក្រុមប្រឹក្សាឃុំត្រូវលះបង់អាប្បកិរិយាឆ្មើងឆ្មៃ លះបង់ការប្រកាន់ឬកពារជាអ្នកធំ ដែលជាមូលហេតុធ្វើឲ្យប្រជាជនការអាក់អន់ចិត្ត ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋគ្រប់ពេលនិងមិនរើសអើង
ទី៥៖ ក្រុមប្រឹក្សាឃុំត្រូវខិតខំបណ្តុះបណ្តាល មន្រ្តីក្នុងសាលាឃុំ ត្រូវគ្រូបង្រៀនជាទីប្រឹក្សា ប្រចាំរបស់យើង ហើយមួយចំនួនដល់អាជ្ងាធរមូលដ្ឋាន និងប្រជាពលរដ្ឋសូមយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ដែលជាកក្តាកំណត់នូវជោគជ័យ នៅក្នុងការកសាង និងអភិវឌ្ឍន៍ភូមិ-ឃុំ មានសុវត្ថិភាពរបស់យើង។
លោកបានសូមឲ្យបងប្អូនប្រជាពលរដ្ឋ យល់ឲ្យច្បាស់ថា សួមកុំចាញ់បោកការញ៉ោះញ៉ង់ ភូតភរកុហកបោកប្រាស់របស់ជនអគតិមួយចំនួន និងសូមក្មួយៗ ក្នុងស្រទាប់យុវវ័យត្រូវចៀសឲ្យឆ្ងាយអំពីការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង ដែលជាមូលហេតុធ្វើឲ្យក្មួយៗ បំផ្លាញ អនាគតនៅក្នុងការសិក្សា និងគ្រួសាររបស់ក្មួយៗ។
ឧកញ៉ា ឡូវ ហ៊ឹង បានផ្តល់អំណោយដល់ប្រជាពលរដ្ឋនីមួយៗគ្រួសារ រួមមាន៖ សារុងចំនួន០១ ថ្នាំពេទ្យចំនួន២កញ្ចប់ ប្រហុក០១គីឡូ ឧបត្ថម្ភគ្រួសារ ដែលមានជំងឺ១២០ដុល្លារ ឧបត្ថម្ភលោកតា លោកយាយចាស់ជរា២៤ម៊ឺនរៀល ឧបត្ថម្ភបុណ្យបំបួសនាគ៤០ដុល្លារ ឧបត្ថម្ភក្រុមប្រឹក្សា៥០ម៉ឺនរៀល សម្រាប់ដោះស្រាយការងារដ្ឋបាល និងកាហ្វេ១០០០កញ្ចប់ផងដែរ៕