(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណៈកម្មាធិការ កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៧នេះ បានអំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា (CPP) ជិត៣០០០នាក់ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួមសាមគ្គីគ្នា ចុះពន្យល់ប្រជាពលរដ្ឋ តាមផ្ទះ ដើម្បីឲ្យបោះឆ្នោតជូន CPP ដើម្បីបន្តអភិវឌ្ឍប្រទេស។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា មិនមែនបុគ្គលណាម្នាក់ រាប់ទាំងរូបលោកផ្ទាល់ ដែលអាចដណ្ដើមជ័យជំនះជូនបក្សបាន ដោយគ្មានកម្លាំងសាមគ្គីភាពនោះឡើយ ដើម្បីបក្ស និងដើម្បីការពារ សុខសន្តិភាព ស្ថិរភាព ដែលមានដូចសព្វថ្ងៃនេះឲ្យគង់វង្ស សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិតជាខំប្រឹងប្រែងខ្លាំងណាស់ សម្រាប់ការដឹកនាំប្រទេសជាតិយើង ឲ្យមានដូចសព្វថ្ងៃនេះ។
ការអំពាវនាវរបស់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលលោក បានដឹកនាំគណៈប្រតិភូ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន២៧០០នាក់ ដែលប្រជាពលរដ្ឋមកពីឃុំចំនួន២ ឃុំឈ្នួរមានជ័យបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃផ្សេងទៀត ដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្តថា អាស្រ័យដូច្នេះហើយទាំងអស់គ្នា ត្រូវតែរួមសាមគ្គីកៀកស្មាគ្នាចុះទៅពន្យល់ដល់ប្រជាពលរដ្ឋ នៅតាមផ្ទះរាប់ទាំងសាច់ញតិរបស់ខ្លួនផ្ទាល់ផងដែរ ដើម្បីឲ្យពួកគាត់នាំគ្នាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនបន្តទៀត។
នាយឧត្តមសេនីយ៍ បានបព្ជាក់ថា រឿងកំហុសតូចតាច របស់មន្ត្រីយើងពិតជាមាន ប៉ុន្តែសូមបងប្អូនជួយពិចារណាថា គ្រួសារមួយមានកូនពីរបីនាក់ ម្នាក់ល្អ ម្នាក់ទៀតខូច ចុះទំរាំសម្ដេចគ្រប់គ្រងលើមនុស្សរាប់លាននាក់ គង់អីនឹងមានអ្នកខ្លះខូចជាមិនខាននោះទេ ហើយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើទៅសមាជិ សមាជិកាយើងទាំងអស់ សូមកុំជឿតាមពួកបក្ស ដែលលាបពណ៍ឲ្យសោះ។
នៅក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្រ្តី បានផ្តល់អំណោយជូនសមាជិក សមាជិកាម្នាក់ៗ ទទួលបានសារុង១ កម្មករសាងសង់សាលាម្នាក់សារុង១ បក្យឃុំទាំងពីរឃុំ ក្នុងមួយឃុំទទួលបានថវិកា១លានរៀល (ឃុំជប់វ៉ារី ឃុំទឹកជោរ ឃុំអូរប្រាសាទ ក្នុងមួយឃុំទទួលបានថវិកា៥០ម៉ឺនរៀល) ជូនវិទ្យាល័យ ហ៊ុន សែន ឈ្នួរមានជ័យ ថវិកា៥០ម៉ឺនរៀល ជូនឃុំបុស្បូវអង្ករពីរតោន និងឃុំឈ្នួរមានជ័យ អង្ករ១តោន៕