(ស្វាយរៀង)៖ លោក ចាន់ សុខុម ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយភូមិរោងស្នោរ ឃុំអន្តូពោធិ៍ ស្រុករសមាសហែក ខេត្តស្វាយរៀង ព្រមទាំងមានសមាជិក ជាច្រើនរូបទៀត បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិក គណបក្សប្រជាជនកម្ពុជាចំនួន២៣០គ្រួសារ។
លោក ព្រាប ប៊ុនថុល ប្រធានភូមិរោងស្នោរ និងលោកស្រី គឹម ស៊ុនណារី ប្រធានឃុំអន្តូងពោធិ៍ បានជម្រាបជូនអំពី សមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងឃុំអន្តូងពោធិ៍កន្លងមកតែងតែ បានយកចិត្តទុកដាក់អនុវត្តន៍នូវតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីបំពេញការងារបក្ស ក្នុងមូលដ្ឋានប្រកបដោយភាពជោគជ័យ។
លោក ចាន់ សុខុម បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារ របស់សមាជិកគណបក្សប្រជាជនភូមិរោងស្នោរ កន្លងមកទទួលបានការសាមគ្គីភាព ឯកភាពគ្នា ធានាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អប្រសើរ។
លោក ចាន់ សុខុម បានបន្តថា រំលឹកឡើងពីចីរភាព ដ៏អង់អាចក្លាហានរបស់សម្តេចទាំង៣ បានរំដោះប្រជាពលរដ្ឋទាំងអស់ឲ្យរួចផុត ពីរបបប្រសល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំពុះពារគ្រប់ឧបសគ្គ ការលំបាកនានា រក្សាបាននូវ សុខសន្តិភាព ស្ថេរភាព រហូតបានអភិវឌ្ឍន៍ប្រទេសជាតិ រីកចម្រើនលើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ ជាពិសេសខនយោបាយឈ្នះឈ្នះ របស់សម្តេចទើបប្រទេសយើងទទួលបានសុខសន្តិភាពពេញលេងរហូតដល់សព្វថ្ងៃ ហើយមានអ្នកវិនិយោគទុន យ៉ាងច្រើនមកដាក់ទុនរកស៊ីខនៅកម្ពុជា ដែលកូន ប្អូន ក្មួយទាំងអស់របស់ពុកម៉ែ មានឱកាសធ្វើការក្នុងរោងចក្រ សហគ្រាសនានា មានប្រាក់ខែខ្ពស់ អាចបង្កើនជីវភាពរស់នៅកាន់តែប្រសើរឡើង។
លោក ចាន់ សុខុម បានបញ្ជាក់ថា សូមបងប្អូន ពុកម៉ែទាំងអស់គ្នាអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ឲ្យបានគ្រប់ៗគ្នា ក្នុងឱកាសនោះដែរ លោកបាននាំយកអំណោយ ចែកជូនប្រជាពលរដ្ឋនៅក្នុងភូមិក្នុងម្នាក់ៗទទួលបាន សារ៉ុង និងថវិកា ដល់សមាជិក ដោយម្នាក់ៗទទួលបាន សារ៉ុង១ ថវិកា២ម៉ឺនរៀល ។ រីឯលោកប្រធានភូមិ, មេឃុំ និងកម្លាំងប្រជាការពារម្នាក់ៗ ៥ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភដល់សាលាបឋមសិក្សាតាធុន ២៣០ដុល្លា និងជួយឧបត្ថម្ភកសាងវត្តតាធុន នូវស៊ីម៉ង់ត៍ចំនួន ៦តោនផងដែរ៕