(កំពង់ស្ពឺ)៖ រថយន្ត៣គ្រឿងបុកគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបណ្តាលឲ្យអ្នកដំណើស្លាប់៤នាក់ និងរបួសធ្ងន់ស្រាលជិត១៧នាក់ នាព្រឹកមិញនោះ ត្រូវបានសមត្ថកិច្ច និងសាក្សីអះអាងថា ជនរងគ្រោះជាអ្នកស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលកំពុងធ្វើដំណើរទៅលេងខេត្តព្រះសីហនុ នាថ្ងៃឈប់សម្រាក។
ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សម សាមួន បានប្រាប់អង្គភាព Fresh News ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង ដោយរថយន្តបែនដឹកដី ម៉ាកហ៊ីយ៉ានដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-2933 មិនស្គាល់អ្នកបើកបរ (ចុះរត់គេចខ្លួនបាត់) បើកបរពីលិចទៅកើតមកដល់ចំណុចខាងលើ បានបុករថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ (ឡានការ៉េ) ពាក់ស្លាកលេខភ្នំពេញ 2J-0849 បើកបរដោយឈ្មោះ រឹត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង បើកបរបញ្ច្រាសទិសគ្នាបណ្ដាឲ្យក្រឡាប់ផ្ងាជើង រួចរថយន្តបែនក៏រេចង្កូតទៅបុករថយន្ត ដែលជនរងគ្រោះកំពុងជិះ ម៉ាកសាំយ៉ុង (ប្រភេទទេសចរណ៍) ពាក់ស្លាកលេខភ្នំពេញ 2Q-4362 បើកបរពីកើតមកលិច បណ្ដាលឲ្យស្លាប់៤នាក់ និងរបួស១៧នាក់ ក្នុងនោះស្រី១០នាក់។
បើតាមស្នងការ វត្ថុតាងត្រូវបានកម្លាំងនគរបាលចរាចរណ៍យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា រហូតមកដល់ម៉ោងប្រមាណ១០៖៥៥នាទីព្រឹកថ្ងៃនេះ បញ្ហាចរាចរណ៍បានចាប់ផ្តើមចរាចណ៍ឡើងវិញហើយ បន្ទាប់ពីកម្លាំងសមត្ថកិច្ច បានជួយទៅជួយសម្រួលនោះ។
សម្រាប់ជនរងគ្រោះដែលរងរបួសនោះ ត្រូវបានរថយន្តសង្គ្រោះចំនួន៣គ្រឿង ដឹកទៅកាន់មន្ទីរពេទ្យ ទាំងនៅក្នុងខេត្ត និងរាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះ៕