(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ចូនខ្លួនកូនប្រុសបង្កើតរបស់តារាកំប្លែងនាយ ហុង ដា និងសង្សាររបស់គេ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីសម្លាប់ម្តាយចុងរបស់ខ្លួន កាលពីប៉ុន្មនាថ្ងៃមុននេះ ដើម្បីប្លន់យកគ្រឿងអលង្ការ ដើម្បីទៅទិញថ្នាំជក់។

ភ្នាក់ងារ Fresh News ប្រចាំនៅតុលាការបានរាយការណ៍មកថា នៅពេលនេះជនដៃដល់ និងសង្សាររបស់ខ្លួន កំពុងស្ថិតក្រោមការសួរនាំ របស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សិន វីរៈ។

សូមបញ្ជាក់ថា បន្ទាប់ពីការឃាត់ខ្លួនកូននាយ ​ហុង ដា តារាកំប្លែងមានប្រជាប្រិយមួយរូបនៅកម្ពុជា បានសារភាពហើយថា រូបគេពិតជាបានសម្លាប់ ម្តាយចុង វ័យក្មេងរបស់ខ្លួន ពិតប្រាកដមែន។ ជនសង្ស័យវ័យក្មេងរូបនេះបានសារភាពថា ការសម្លាប់នេះ គឺដើម្បីប្លន់គ្រឿងអលង្ការ ដែលមានតម្លៃជិតមួយពាន់ដុល្លារ និងដើម្បីបន្សាបកំហឹងដែលម្តាយចុងរបស់ខ្លួន តែងតែជេរប្រទេចបណ្តាសាទៅលើខ្លួន។

ភរិយាវ័យក្មេងរបស់តារាកំប្លែងនាយ ហុង ដា ឈ្មោះ ស៊ឹម ចន្ធី ត្រូវបានឃាតកសម្លាប់នៅក្នុងខុនដូរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។ ក្រោយឃាតកម្មនេះកើតឡើងតាមរយៈវិដេអូ កាមេរ៉ាសុវត្ថិភាព កូនប្រុសនាយហុង ដា គឺជាជនសង្ស័យដែលសមត្ថកិច្ចបានកំណត់គោលដៅ។

បន្ទាប់ពីការកំណត់គោលដៅនេះ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌដង្កោ និងខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាគូស្នេហ៍នឹងគ្នា។ ជនសង្ស័យទី១. ឈ្មោះ ខា សុខេន ហៅនិត ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនប្រុសបង្កើតរបស់នាយហុង ដា និងទី២. ឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកនៅហាងរស្មីបឹងកក់ ត្រូវជាស្រីស្នេហ៍របស់ឈ្មោះ ខា សុខេន។

ក្រោយការឃាត់ខ្លួន កម្លាំងកងរាជអាវុធរាជធានីភ្នំពេញក៏បានបើកការសាកសួរ ទៅតាមជំនាញរបស់ខ្លួន។ នៅចំពោះសមត្ថកិច្ចជនសង្ស័យវ័យក្មេងលើកដៃសម្លាប់មនុស្ស ដោយឥតខ្លាចញញើត ខា សុខេន ក៏បានសារភាពដោយឥតមានលាក់បាំងនោះឡើយ។

ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព សម្លាប់ម្តាយចុងឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ ពិតបា្រកដមែនគឺធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅបន្ទប់ខុនដូឪពុកបង្កើតរបស់គេ(នាយហុងដា)។ ក្រោយពេលសម្លាប់រួច សង្សាររបស់ខ្លួនមកពីធ្វើការវិញទាន់ ខ្លួនក៏បានអង្វរសង្សារកុំឲ្យឆោឡោ និងជួយយកភួយមករុំសាកសព អូសទៅទុកនៅបន្ទប់ទឹក ព្រមទាំងដោះយកកងដៃ២១កង ចិញ្ចៀន១វង់ ទូរស័ព្ទណូគាមួយគ្រឿង និងម៉ូតូមួយគ្រឿងចាកចេញតែងម្តង។

ជនសង្ស័យបានរៀបរាប់បន្តថា រូបគេបានមករស់នៅខុនដូជាមួយឪពុក និងម្តាយចុង ប្រហែល៤ទៅ៥ខែមកហើយ ព្រោះម្តាយបង្កើតឈ្មោះ រ៉េន សុធារី ហៅឃ្មឹប ដែលត្រូវជាប្រពន្ធមុនរបស់នាយ ហុង ដា មានប្តីថ្មី។ ក្នុងពេលមករស់នៅជាមួយឪពុក ជនសង្ស័យបាននាំសង្សារឈ្មោះ នេត រស្មីកន្និកា មកនៅជាមួយ ហើយរូបគេមានគម្រោង សម្លាប់ម្តាយចុងនេះ តាំងពីពីរថ្ងៃមុនមកម្ល៉េះ ដើម្បីប្លន់យកគ្រឿងអលង្ការ ព្រោះម្តាយចុងបានប្រាប់ថា គ្រឿងអលង្ការគាត់មានតម្លៃជិត១ពាន់ដុល្លារអាមេរិក។

ក្រៅពីការប្លន់យកគ្រឿងអលង្ការ ការសម្លាប់នេះក៏ដើម្បីបន្សាបកំហឹងផងដែរ។ ជនសង្ស័យបានរៀបរាប់បន្តថា ខ្លួនមិនសូវចូលចិត្តម្តាយចុងទេ ដោយសារនៅពេលដែលឪពុកខ្លួនមិននៅផ្ទះ ម្តាយចុងតែងតែជេរ និងស្តីបន្ទោសឲ្យខ្លួនជាញឹកញាប់ ធ្វើឲ្យខ្លួនមានគំនុំមករហូត។

ជនសង្ស័យបានបញ្ជាក់ថា ក្រោយពេលសម្លាប់ម្តាយចុងរួចហើយ រូបគេបានទៅសម្រាកនៅផ្ទះម្តាយសង្សារមួយយប់ នៅខណ្ឌឬស្សីកែវ លុះព្រឹកឡើង ទើបនាំសង្សារមកដេកស្នាក់នៅជក់ថ្នាំញៀននៅចំណុចផ្ទះគ្មានលេខ ក្នុងភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា(ខាងក្រោយវិហារចាម) រីឯគ្រឿងអលង្ការដែលរូបគេប្លន់បាន យកទៅបញ្ចាំបាន៤ម៉ឺនរៀល ព្រោះអ្នកបញ្ចាំប្រាប់ថាកាឡៃ ហើយម៉ូតូបញ្ចាំបាន១០០ដុល្លារ រួចយកលុយទាំងនោះទិញថ្នាំញៀនជក់។

ជនសង្ស័យបានឲ្យដឹងដែរថា រូបគេធ្លាប់បានប្រើប្រាស់គ្រឿងញៀន តាំងពីឆ្នាំ២០១៤មក តាំងពីខ្លួននៅផ្ទះជួលម្តុំភោជនីយដ្ឋានហង្សនាគ ព្រែកលៀប ដោយដំបូងឡើយ ប្រើប្រាស់តាមរយៈក្រុមក្មេងស្ទាវ ម្តុំវត្តកៀនឃ្លាំង ដោយពួកនោះប្រាប់ថាថ្នាំញៀនពេលជក់ហើយធ្វើឲ្យមានកម្លាំង មិនសូវឃ្លានបាយនិងក្លាហាន ហើយធ្វើឲ្យសប្បាយ។ នៅថ្ងៃដែលរូបគេសម្លាប់ម្តាយចុង រូបគេកំពុងតែស្រវឹងគ្រឿងញៀននៅឡើយ ព្រោះគេទើបតែមកពីជកថ្នាំញៀនជាមួយ ឈ្មោះង៉ែត ២ថ្ងៃជាប់គ្នា៕

សូមស្តាប់ចម្លើយសារភាព របស់ជនដៃដល់៖