(បាត់ដំបង)៖ ប្រជាពលរដ្ឋរាប់រយគ្រួសារ រស់នៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានបង្ហាញអារម្មណ៍ក្តុកក្តួល និងឈឺចាប់ខ្សោចផ្សា ក្នុងរបបអាវខ្មៅប៉ុលពត ប្រល័យពូជសាសន៍ជាតិឯង និងអំពាវនាវឲ្យអ្នកគ្រប់គ្នា ចូលរួមរក្សាសន្តិភាពឲ្យបានគង់វង្ស ដើម្បីទុកជូនកូនចៅជំនាន់ក្រោយ។
ការលើកឡើងនូវឈឺចាប់របស់ប្រជាពលរដ្ឋខាងលើនេះ ខណៈដែលពួកគាត់ បានចូលរួមក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ ២០ ឧសភា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នៅបរិវេណវត្តភ្នំសំពៅ ក្រោមការចូលរួមពីលោក ហែម ថេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំភ្នំសំពៅ ដោយមាន ប្រជាពលរដ្ឋចូលរួមប្រមាណ៣០០នាក់។
លោកប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ ក៏បានយកឱកាសនោះ ចុះពិនិត្យមើលការចាក់ដីគ្រួសថ្មចំនួន៧១៥ឡាន ធ្វើផ្លូវ២ខ្សែប្រវែង សរុប៧.៦០០ម៉ែត្រ និងជួសជុលផ្លូវ១ខ្សែផ្សេងទៀត ប្រវែង៦ពាន់ម៉ែត្រ ក្នុងនោះខ្សែទី១-ចាប់ពីចំណុចអាងដង្កោ ដល់ចំណុចវត្តភ្នំកុយប្រវែង ៣.១០០ម៉ែត្រ ខ្សែទី២-ចាប់ពីចំណុចវត្តភ្នំកុយ ដល់លូតាឈនប្រវែង៤.៥០០ម៉ែត្រ ខ្សែទី៣-ចាប់ពីចំណុចវត្តភ្នំ ប្រវែង៤.៥០០ម៉ែត្រ និងខ្សែទី៤-ជួសជុលផ្លូវក្នុងភូមិក្រពើជើងប្រវែង៦ពាន់ម៉ែត្រ។
ពេលចុះពិនិត្យនោះលោកបានថ្លែងថា «ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ និងតាមការស្នើសុំរបស់ពលរដ្ឋាន ក្នុងនាមគណៈពង្រឹងមូលដ្ឋាន យើងបានសម្រេចផ្តល់ជូនពួកគាត់ ដើម្បីប្រើប្រាស់ក្នុងការធ្វើដំណើរ បានស្រួលទៅថ្ងៃខាងមុខ។ ការសាងសង់ផ្លូវទាំងអស់ជូនប្រជាពលរដ្ឋនេះ គឺក្នុងគោលបំណងសម្រាប់សម្រួល ដល់កសិករដឹកកសិផលពីទីឆ្ងាយ មករកទីផ្សារដើម្បីលក់បានចំណេញដើម្បីទ្រទ្រង់ជីវភាព និងកាត់បន្ថយការលំបាករបស់ពួកគាត់»។
ចំពោះក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះវិញ លោក ហែម ថេង បានរំលឹកដល់ប្រជាពលរដ្ឋ ឲ្យចូលរួមទប់ស្កាត់របបកាប់សម្លាប់នេះ កុំឲ្យវិលមកជាលើកទី២បានទៀត។ លោកបានអំពាវនាវដល់បងប្អូន សូមកុំជឿឃោសនាចំពោះពួកបោកប្រាស់ ចង់ផ្លាស់ប្តូររបប គោលបំណងបំផ្លាញជាតិ ចង់ប្តូរអ្នកដឹកនាំរបបបច្ចុប្បន្ន ដើម្បីឲ្យធ្លាក់ក្នុងភ្លើងសង្គ្រាម តែប្រមុខរាជរដ្ឋាភិបាលមានការឈ្លាវៃ បានទុបស្កាត់សភាពការណ៍បាន និងមិនអនុញាតឲ្យមានការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាជាដាច់ខាត។
លោកបានបន្តថា មានតែ CPP មួយគត់ដែលបានរំដោះប្រទេសជាតិ កសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ តាមយុទ្ធសាស្រ្ត និងគោលនយោបាយឈ្នះឈ្នះបញ្ចប់សង្រ្គាមទាំងស្រុង ក្រោមដំបូលខ្មែរតែមួយ។ នៅក្នុងឱកាសនេះដែរ ប្រធានក្រុមការងារ បានផ្តល់ថវិកាកម្តរដៃ ដល់អ្នកចូលរួមទាំងអស់ម្នាក់ៗទទួលបាន១ម៉ឺនរៀលផងដែរ៕