(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយ ខេត្តបន្ទាយមានជ័យ បានថ្លែងថា «មកដល់ពេលនេះ មានសមាជិក សមាជិកា គណបក្សសង្រ្គោះជាតិ ចំនួន១២ឃុំ-សង្កាត់ មានរហូតដល់រាប់រយនាក់នោះហើយ បានកំពុងបន្តចាកចេញពីបក្សមួយនេះ។ ពួកគេបានមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា»

លោកបានបានលើកឡើង នៅចំពោះមុខសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជាង៤ពាន់ ក្នុងពិធីសំណេះសំណាលមួយ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ថា «ការចាកចេញនោះ ដោយសារតែគណបក្សសង្រ្គោះជាតិ បាននិយាយបោកប្រាស់ភូតកុហកប្រជាពលរដ្ឋ រហូតទៅដល់ប្រជាពលរដ្ឋ ដែលជាសាជិកគណបក្សរបស់ខ្លួន អស់ជំនឿទុកចិត្តចូលមករួមរស់​ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ»

ការចាកចេញរបស់សមាជិកគណបក្សសង្រ្គោះជាតិ និងគណបក្សនានា នៅក្នុងឃុំ-សង្កាត់ចំនួន១២ ក្នុងខេត្តបន្ទាយមានជ័យច្រើនរយនាក់ ត្រូវគេមើលឃើញថា ធ្វើឡើងនៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែខិតជិតមកដល់នៅសល់មិនដល់ ១ខែទៀតប៉ុណ្ណោះ។

ជាការកត់សម្គាល់ ការចាកចេញនោះដែរ ទន្ទឹមដែលថ្នាក់ដឹកនាំកំពូលគណបក្សប្រឆាំងមួយនេះ កំពុងមានរឿងអាស្រូវមួយចំនួនរួមមាន៖ ការបែកធ្លាយការកំណត់ឲ្យចៅសង្កាត់ និងមេឃុំជាប់ឆ្នោត ត្រូវរកប្រាក់បង់ចូលបក្សសង្រ្គោះជាតិ, រឿងអាស្រូវពុករលួយ យកប្រាក់បានមកពីការរៃអង្គាសប្រាក់ ពីសប្បុរសជនក្នុង និងក្រៅប្រទេសបើក ទូរទស្សន៍ព្រះអាទិត្យ យកមកចាយវាយអស់ និងរឿងអាស្រូវអំពើអយុត្តិធម៌ ពាក់ព័ន្ធអ្នកមានប្រាក់ឲ្យឈរឈ្មោះបេក្ខជន ឃុំ-សង្កាត់ លំដាប់លេខរៀងទី១ បើអ្នកអត់លុយត្រូវដាក់លេខរៀង នៅតាមក្រោយ អ្នកដែលបានបង់ប្រាក់តាមលំដាប់ជាបន្តបន្ទាប់។

ការចេញនោះដែរខណៈដែលគណបក្សសង្រ្គោះជាតិដាក់ចេញនូវគោលនយោបាយដូរមេឃុំបំរើបក្ស ដាក់មេឃុំបំរើរាស្រ្ត ដែលជាគោលនយោបាយបំបែកបំបាក់ឱ្យខ្មែរ និងខ្មែរបែកបាក់គ្នា និងមានការរើសអើង គណបក្សសង្រ្គោះជាតិក៏កំពុងបាត់បង់អ្នកគាំទ្រ​ នៅខាងក្រៅប្រទេសផងដែរ៕