(ភ្នំពេញ)៖ ទាំងរដូវកាលមិនបោះឆ្នោត ទាំងនៅរដូវកាលបោះឆ្នោត សកម្មជន និងអ្នកគាំទ្របក្សប្រឆាំង ជារឿយៗបានចាកចេញពីបក្សរបស់ខ្លួនមកចូលរួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់បានរំដោះប្រទេស សង្គ្រោះជីវិតប្រជាជន និងបងប្អូនចេញពីរបបខ្មែរក្រហម បន្ទាប់ពីគាត់ចាញ់បោកការសន្យាខ្យល់ ការបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តរបស់បក្សប្រឆាំងអស់មួយរយៈរួចមក ហើយឥឡូវបានយល់ច្បាស់ថា បក្សប្រឆាំងគ្មានអ្វីក្រៅពីការបោកប្រាស់ ដើម្បីសំឡេងឆ្នោតឡើយ។ តើកត្តាអ្វីខ្លះដែលនាំឱ្យសកម្មជន និងអ្នកគាំទ្រទាំងនោះចាកចេញពីបក្សបែបនេះ?
១៖ អំពើអយុត្តិធម៌ និងពុករលួយ៖ ភាគច្រើននៃបងប្អូនដែលចាកចេញទាំងនោះបានលើកឡើងថាបក្សប្រឆាំងដែលអួតអាងថាខ្លួនស្អាតស្អំ និងមានលទ្ធិប្រជាធិបតេយ្យផ្ទៃក្នុង តែធាតុពិត គឺប្រកបដោយភាពផ្តាច់ការ បក្សពួកនិយម និងពុករលួយជាពិសេសនៅពេលរៀបចំបញ្ជីឈ្មោះបេក្ខជន សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ។ អ្នកដែលគ្មានប្រាក់គឺមិនអាចមានឱកាសបម្រើប្រជាជនឡើយ ត្រូវបានគេរុញទៅឈរលេខរៀង ក្រោយគេ ដែលមិនមានលទ្ធភាពជាប់ឆ្នោតបាន។ ចំណែកអ្នកដែលមានលុយបង់ឱ្យបក្សតាមការកំណត់ ទោះគ្មានប្រវត្តិការងារជួយបក្ស ក៏អាចឈរលេខរៀងល្អៗដែលមានលទ្ធផលភាពអាចជាប់ឆ្នោត និងមានឱកាសស្វែងរកប្រាក់ដើម្បីស្រង់ដើម សងនូវការចំណាយរបស់ខ្លួនតាមគ្រប់រូបភាព។ បក្សនេះបានបង្កនូវភាពអយុត្តិធម៌សម្រាប់អ្នកតស៊ូ លះបង់តាំង ពីបក្សកវែកកឆ្នាំង ក្នុងគណបក្សជាតិខ្មែរ ក្រោយមកដូរជាគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ បក្សនេះបានបំភ្លេចអ្នកចាស់ ដែលលក់អស់ទ្រព្យសម្បត្តិ ដើម្បីជួយបក្សពីមុនមក ហើយឥឡូវគ្មានលុយសូកបន្ថែម ខណៈលេខរៀងល្អៗ ត្រូវចំណាយថវិកាច្រើនដើម្បីសូកយក។ ជម្លោះផ្ទៃក្នុង និងការបែកបាក់កំពុងមាននៅក្នុងបក្សនេះដោយសារតែភាពអយុង្តិធម៌ បក្សពួកនិយម និងពុករលួយ។
២-គោលនយោបាយបោកប្រាសរាស្ត្រ៖ សកម្មជនបក្សដែលចាកចេញបាននិយាយថា ខ្លួនមិនអាចបន្តគាំទ្របក្សប្រឆាំងដែលបានតែថា សន្យាខ្យល់ តែមិនបានធ្វើអ្វីសោះ ចាំតែស៊ីពែរគេ។ ពួកគាត់ថា ពេលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសម្រេចសមិទ្ធផលផ្សេងៗ មន្ត្រីគណបក្សប្រឆាំង តែងតែនិយាយថា គឺដោយសារតែខ្លួនលើកឡើង ដូចជាការដំឡើងប្រាក់បៀវត្សរ៍ មន្ត្រីរាជការ កម្មករកម្មការិនី ឬការលុបបំបាត់តម្លៃសេវាកម្មរដ្ឋបាលមួយចំនួន។ តាមពិត ទោះបីជាបក្សប្រឆាំងមិននិយាយ ក៏កំណែទម្រង់ស្ថាប័ន រួមនឹងការដំឡើងប្រាក់ខែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងការលុបកម្រៃសេវាមួយចំនួន រួមនឹងសមិទ្ធផលផ្សេងៗទៀតដែលសម្រេចបា គឺស្ថិតក្នុងគោលនយោបាយចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជារួចស្រេចទៅហើយ។
ពួកគាត់លើកឡើងថា គណបក្សប្រជាជនកម្ពុជា ថាគឺធ្វើ មិនសន្យាខ្យល់ តែធ្វើការងារពិតដើម្បី ការអភិវឌ្ឍរបស់ជាតិ បម្រើរាស្ត្រពិត។ អ្នកចាកចេញទាំងនោះនិយាយថា គាត់មិនអាចបន្តនៅជាមួយបក្សប្រឆាំងទៀតបានទេ ព្រោះពួកគាត់ខ្មាសខ្លួនឯង និងខ្មាសប្រជាជន ខំដើរសន្យាឱ្យលុយរាស្ត្រ ៤០០០០ រៀលសម្រាប់ចាស់ៗ សន្យានេះសន្យានោះ តែ ចុងបញ្ចប់គ្មានបានផលអ្វីសោះ ពេលខ្លះពិបាកនឹងជួបមុខរាស្ត្រថែមទៀត ព្រោះភូតកុហកច្រើនពេក។ គាត់ត្អូញត្អែរថា តើទៅសន្យាម៉េចនឹងគេជឿ បើមន្ត្រីបក្ស និងសកម្មជនខ្លួនឯង ជួយខ្លួនឯង មិនទាំងរួចផង។ ខ្លះត្រូវជំពាក់បំណុលគេ ឬលក់ទ្រព្យ ឬដំណាំដើម្បីទ្រទ្រង់បក្ស តែបក្សមិនបានផ្តល់អ្វីឱ្យវិញឡើយ ប៉ុន្តែបានឃើញមេដឹកនាំបក្សប្រឆាំងមួយចំនួនកើនទ្រព្យសម្បត្តិដូចជា សម រង្ស៊ី កឹម សុខា មានលុយឡានដីចម្ការរាប់ហិកតា និងយកលុយចិញ្ចឹមស្រីកំណាន់ថែមទៀត។
៣-អស់ជំនឿលើបក្ស និងបុគ្គលដឹកនាំ៖ មើលពីខាងក្រៅបក្សសង្គ្រោះជាតិចាត់ទុកខ្លូនឯងថាជាបក្សប្រឆាំងធំជាងនៅកម្ពុជា ប៉ុន្តែជាបក្សប្រហោងក្នុង គ្មានធនធានមនុស្សគួរឱ្យទុកចិត្ត និងមានសមត្ថភាពដឹកនាំប្រទេសបានឡើយ មានតែអ្នកលក់ដូណាត់នៅក្រៅប្រទេសដែលសូកលុយ ដើម្បីឈរឈ្មោះកាន់តំណែងខ្ពស់ៗ និងជាបេក្ខជនតំណាងរាស្ត្រ ឬតំណែងផ្សេងទៀត ស្រេចតែមេដឹកនាំបក្សនេះសន្យាជាថ្នូរនឹងប្រាក់។ ពួកគាត់ លើកឡើងថា គ្រាន់តែលក្ខន្តិកៈបក្សសរសេរខ្លួនឯង អនុវត្តមិនត្រូវផង តើឱ្យរំពឹង និងទុកចិត្តលើយ៉ាងម៉េចនឹងកើត? បក្សនេះក៏ត្រូវបានបរទេសបង្រៀនរបៀបឃោសនាបោះឆ្នោត និងបរទេសជួយសរសេរគោលនយោបាយឱ្យទៀត។
តើអ្វីទៅជាសមត្ថភាពពិតរបស់មន្ត្រី និងថ្នាក់ដឹកនាំបក្សនេះ? ពួកគេបានត្រឹមតែ ទាក់ទងស្រីកំណាន់ និងគិតពីផ្លូវភេទ និងចេះតែញុះញង់ បញ្ឆេះកំហឹងបុគ្គល កំហឹងវណ្ណៈសង្គម ញុះញង់ឱ្យរើសអើងប្រឆាំងនឹងជាតិសាសន៍ ប្រើវោហារសាស្ត្រ វាយប្រហារ រិះគន់គ្មានមូលដ្ឋានគ្រឹះ បង្កើតឱ្យមានការស្អប់ខ្ពើម និងជម្លោះពាក្យសម្តី។ ថ្នាក់ដឹកនាំមួយចំនួនគ្មានសីលធម៌ ជេរប្រមាថស្ត្រី និងគ្មានការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន អាងរត់ចោលស្រុក និងកាន់លិខិត ឆ្លងដែនសាសន៍ដទៃដូចជាអាមេរិក បារាំងជាដើម មិនលើកតម្កើងជាតិសាសន៍ខ្មែរខ្លួនឯងឡើយ។ ម្យ៉ាងទៀត សកម្មជនទាំងនោះវាយតម្លៃថា តើឱ្យរំពឹងម្តេចកើត បើមេដឹកនាំបក្សប្រឆាំងគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន និងចូលចិត្តឱនក្បាលឱ្យបរទេសដឹកមុខ និងចូលចិត្តហៅបរទេសមកគ្រប់គ្រងខ្មែរ និងផ្សារភ្ជាប់ខ្លួនទៅក្រោមឥទ្ធិពលបរទេស។ សម្តីស្រឡាញ់ជាតិ និងប្រជាជនឱ្យរលួយ តែធាតុពិតទាំងក្រុមបាន និងកំពុងជញ្ជក់ឈាមពីរាស្ត្រមួយចំនួន ដែលកំពុងលង់ខ្លួន។
៤-សាបព្រោះខ្យល់ តែមិនទទួលយកព្យុះ៖ ដើម្បីមហិច្ឆតាអំណាចរបស់ខ្លួន បក្សប្រឆាំងនឹងមិនខ្លាចញញើតក្នុងការអូសទាញកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាម សាជាថ្មីឡើយ។ ចាប់តាំងពីដើមរៀងមក ថ្នាក់ដឹកនាំបក្សប្រឆាំងបានសាបព្រោះ នូវគ្រាប់ពូជជេរ ពូជប្រមាថ ពូជសងសឹក ពូជស្អប់ខ្ពើមខ្មែរគ្នាឯង និងសាបព្រោះគ្រាប់ពូជរើសអើងប្រឆាំងជាតិសាសន៍ និងគ្រាប់ពូជលាបពណ៌លើថ្នាក់ដឹកនាំ មន្ត្រី សកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជន ទៅជាជនជាតិវៀតណាមជាដើម។ ឥឡូវគ្រាប់ពូជទាំងនេះបានដុះ និងបង្ហាញពីកំហឹងរបស់អ្នកគាំទ្របក្សប្រឆាំងមកលើដៃគូរបស់ខ្លួនម្ខាងទៀត។
សង្គ្រាមអាចផ្ទុះឡើងគ្រប់ពេល មិនចាំបាច់ឡើយសង្គ្រាមប្រើសព្វាវុធឡើយ តែសង្គ្រាមពាក្យសម្តីក៏អាចបំពក់ជាភ្នក់ ភ្លើងសង្គ្រាមបានដែរ។បក្សសង្គ្រោះជាតិមិនអាចគ្រប់គ្រងសកម្មជនរបស់ខ្លួនបានឡើយ ហើយក៏មិនអាចគ្រប់គ្រងស្ថានការណ៍ទាំងមូលបានដែរ។ បាតុកម្មក្រោយ ការបោះឆ្នោតឆ្នាំ ២០១៣ ជាឧទាហរណ៍ស្រាប់ បក្សសង្គ្រោះជាតិអាចហួចហៅមនុស្សមកធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតបាន តែមិនអាចគ្រប់គ្រងកម្លាំង របស់ខ្លួនបាន រហូតដល់បង្កភាពអនាធិបតេយ្យ ខូចសណ្តាប់ធ្នាប់ និងមាន ចរិតជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរបបដឹកនាំ និងរដ្ឋាភិបាលស្របច្បាប់។ ពួកគេសាបព្រោះខ្យល់ តែមិនទទួលខុសត្រូវខ្យល់ព្យុះដែលកើតចេញពីទង្វើរបស់ខ្លួន។
បក្សប្រឆាំងធ្វើនេះគ្រាន់តែដើម្បីបំពេញចិត្ត និងធ្វើតាមចៅហ្វាយនាយបរទេសខ្លួន និងយកជីវិតរាស្ត្រស្លូតត្រង់ជាឈ្នាន់ដើម្បីទៅរកអំណាចទាំងងឹត ងងល់ប៉ុណ្ណោះ។ អ្នកដែលចាកចេញពីបក្សបាននិយាយថា ពួកគាត់ស្រឡាញ់សន្តិភាព និងបន្តចូលរួមអភិវឌ្ឍជាតិ ព្រោះឆ្អែតហើយសង្គ្រាម បំផ្លិចបំផ្លាញជាតិ និងមិនបន្តជឿការឃោសនាបោកប្រាសរបស់ ក្រុមបក្សប្រឆាំងឡើយ។
សកម្មជនដែលបានចាកចេញបានអំពាវនាវដល់សកម្មជនដទៃទៀតថា សូមកុំ ចាក់អង្ករយកអង្កាម។ គណបក្សប្រឆាំងបានត្រឹមតែបោកប្រាសរាស្ត្រ ប៉ុណ្ណោះ ហើយដើម្បីបានសំឡេងឆ្នោតគាំទ្រ ពួកគេមិនញញើតនឹងសន្យាខ្យល់ទេ។ បងប្អូនមួយ ចំនួនបានជឿលង់ក្នុងឧបាយកលនេះនៅឡើយ។ ដើម្បីចៀសវាងការ បោកប្រាស សន្យាខ្យល់ទាំងនេះ ពួកគាត់ស្នើឱ្យបងប្អូនប្រជាពលរដ្ឋកុំលង់ក្នុងការភូតកុហក និងត្រូវពិនិត្យមើលលទ្ធផលដែលសម្រេចបាន ជាជាងការសន្យាខ្យល់ តែគ្មានសង្ឃឹមនឹងទទួលបាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូវមានចាបមួយក្នុងដៃ ប្រសើរជាងមានចាបម្ហៃនៅលើមេឃ៕
ដោយ៖ ចៅចាក់ស្មុក