(តាកែវ)៖ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងជាប្រធានគណៈពង្រឹងស្រុកអង្គរបូរី រួមជាមួយសហការី នៅចុងសប្តាហ៍នេះ បានចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ សមាជិកសមាជិកាក្រុមបក្ស ក្នុងឃុំព្រែកផ្ទោល និងឃុំបាស្រែ ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងឱកាសនោះលោក បានណែនាំពីផែនការមួយចំនួន សម្រាប់ត្រៀមយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ ដែលនឹងចាប់ផ្តើមនាពេលឆាប់ៗ ខាងមុខនេះ។
នៅក្នុងពិធីសំណះសំណាលខាងលើនេះលោក សុខុម ភគវន្តមុនី បានលើកឡើងថា ក្រុមបក្សតាមភូមិ គឺជារចនាសម្ព័ន្ធគ្រប់គ្រងថ្នាក់ក្រោម ដ៏សំខាន់របស់គណបក្សនៅតាមមូលដ្ឋាន ដែលត្រូវយកចិត្តទុកដាក់ខ្ពស់។ ការគ្រប់គ្រងក្រុមបក្ស គឺជាយុទ្ធសាស្ត្រចម្បង ក្នុងការដណ្តើមជ័យជំនះ ក្នុងការបោះឆ្នោត។
លោក សុខុម ភគវន្តមុនី បានផ្តាំផ្ញើឲ្យប្រធានក្រុមបក្សទាំងអស់ ត្រូវពង្រឹងសមាជិក សមាជិកបក្សរបស់ខ្លួន ជាពិសេសត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានជោគជ័យសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៤ ឆ្នាំ២០១៧ ខាងមុខនេះ ឲ្យខានតែបាន៕