(កំពង់ស្ពឺ)៖ រថយន្ត៣គ្រឿងបុកគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ40-41 ដែលបណ្តាលឲ្យអ្នកដំណើស្លាប់៤នាក់ និងរបួសធ្ងន់ស្រាលចំនួន២១នាក់ ស្ថិតនៅភូមិរំលោង ឃុំវល្លិស រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយពណ៌ស (ឡានបែន) ពាក់ស្លាកលេខភ្នំពេញ 3D-2933 មិនស្គាល់អ្នកបើកបរ(ចុះរត់គេចខ្លួនបាត់) បើកបរពីលិចទៅកើតមកដល់ចំណុចខាងលើ បានបុករថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ (ឡានការ៉េ) ពាក់ស្លាកលេខភ្នំពេញ 2J-0849 បើកបរដោយឈ្មោះ រឹត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង បើកបរបញ្ច្រាសទិសគ្នាបណ្ដាឲ្យក្រឡាប់ផ្ងាជើង រួចរថយន្តបែនក៏រេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកសាំយ៉ុង (ប្រភេទទេសចរណ៍) ពាក់ស្លាកលេខភ្នំពេញ 2Q-4362 បើកបរពីកើតមកលិច បណ្ដាលឲ្យស្លាប់៤នាក់ និងរបួស២១នាក់ ក្នុងនោះស្រី១០នាក់។
លោក វិន ឡេងហួង មេបញ្ជាការអាវុធហត្ថស្រុកសំរោងទង ចំនួនអ្នកស្លាប់អាចបន្តកើនឡើងទៀត ព្រោះអ្នករបួសខ្លះមាន ស្ថានភាពធ្ងន់ធ្ងរ ចំណែកឯវត្ថុតាងត្រូវបានកម្លាំងនគរបាលចរាចរណ៍យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។
តាមសេចក្តីរាយការណ៍ថា មកដល់ម៉ោងប្រមាណ៩៖២០នាទី បញ្ហាការកកស្ទះចរាចរណ៍បានកើតឡើងយ៉ាងខ្លាំង នៅចំណុចកើតហេតុ ដោយកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានទៅជួយអន្តរាគមន៍ជាបន្តបន្ទាប់៕