Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមធានារ៉ាប់រងកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការធានារ៉ាប់រង លើការរំខានធុរកិច្ច

15-05-2017 07:10

(ភ្នំពេញ)៖ សមាគមធានារ៉ាប់រងកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយពន្យល់ពីសារៈសំខាន់ នៃការប្រើប្រាស់សេវាធានារ៉ាប់រង លើកការរំខានធុរកិច្ច ដើម្បីឲ្យម្ចាស់អាជីវកម្ម មានធនធានគ្រាប់គ្រាន់ សម្រាប់ចំណាយលើប្រតិបត្តិការ និងចំណាយផ្សេងៗ។

សមាគមបានពន្យល់ថា ការធានារ៉ាប់រងលើការរំខានធុរកិច្ច (ឬពេលខ្លះត្រូវបានហៅថា ការធានារ៉ាប់រងលើការខាតបង់ ផ្នែកហិរញ្ញវត្ថុ ឬការធានារ៉ាប់រងលើការបាត់បង់ប្រាក់ចំណេញ) ធ្វើសំណងលើការបាត់បង់ប្រាក់ ចំណូលអាជីវកម្ម ដោយសារតែការខូចខាតជាយថាហេតុ ចំពោះទ្រព្យសម្បត្តិរបស់ពួកគេ ដែលបណ្តាលមកពីអគ្គិភ័យ ឬហានិភ័យផ្សេងទៀត ក្រោមវិសាលភាពនៃកិច្ចសន្យាធានា រ៉ាប់រងលើទ្រព្យសម្បត្តិ។

សមាគមបានឲ្យដឹងទៀតថា «វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ម្ចាស់អាជីវកម្ម ដើម្បីធានាថា ពួកគេនៅតែមានប្រាក់គ្រប់គ្រាន់ សម្រាប់ចំណាយលើប្រតិបត្តិការអាជីវកម្ម និងការចំណាយបន្ថែមផ្សេងៗ ទោះបីអាជីវកម្មនោះមិនមានប្រតិបត្តិការ ពេញលេញក៏ដោយ ឬក៏អាជីវកម្មត្រូវបញ្ឈប់ប្រតិបត្តិការ ជាបណ្តោះអាសន្នដែល អាចកាត់បន្ថយប្រាក់ចំណូល របស់ពួកគេក្នុងអំឡុងពេលនោះ»

ការចំណាយទាំងនោះ រួមមាន៖
* ការចំណាយថេរ៖ ការជួលអគារ ការចំណាយទឹកភ្លើង ប្រាក់ខែបុគ្គលិក ។ល។
* ការចំណាយបន្ថែម៖ ការជួលអគារបណ្តោះអាសន្នសម្រាប់ប្រតិបត្តិការ ការជួលអ្នកម៉ៅការសាងសង់ ការជួលគ្រឿងម៉ាស៊ីនបណ្តោះអាសន្ន ការចំណាយលើថ្លៃឈ្នួលថែមម៉ោងរបស់និយោជិត ។ល។

សមាគមបានពន្យល់ទៀតថា «ការធានារ៉ាប់រងលើការរំខានធុរកិច្ច មិនត្រូវបានផ្តល់ជាកិច្ចសន្យាធានារ៉ាប់រងដាច់ ដោយឡែកតែឯងនោះទេ ប៉ុន្តែជាទូទៅ វាត្រូវបានបន្ថែមនៅក្រោមកិច្ចសន្យាធានារ៉ាប់រងអគ្គិភ័យ។ ជាមួយនឹងការធានារ៉ាប់រង លើការរំខានធុរកិច្ច ម្ចាស់អាជីវកម្មត្រូវបានធានាថា នឹងត្រឡប់ទៅរកប្រតិបត្តិការធម្មតារបស់ពួកគេវិញ ដោយមិនមានការព្រួយបារម្ភឡើយ។ លោកអ្នក រមែងសម្រាន្តបានសុខស្រួលនាពេលរាត្រី ប្រសិនលោកអ្នក មានការធានារ៉ាប់រងមួយនេះ»