(បន្ទាយមានជ័យ)៖ សកម្មជនគណបក្សសង្គ្រោះជាតិ (CNRP) ជាង៣០០នាក់ មកពីឃុំចំនួន៣ របស់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧នេះ បានបន្តដើរចេញពីបក្សប្រឆាំងក្រោយពីពួកគេអស់ជំនឿលើមេដឹកនាំ។
ក្រោយប្រកាសដើរចេញពីបក្សប្រឆាំងភ្លាម ក្រុមសកម្មជនទាំងនេះ បានសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
លោក អាត់ ខែម សមាជិកគណ:អចិន្រ្តៃយ៍គណបក្សខេត្តបន្ទាយមានជ័យ បានអញ្ជើញទៅស្វាគមន៍ និងប្រកាសទទួលយកក្រុមសកម្មជនទាំងនេះ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧នេះ ដែលមកពីឃុំសំរោង ឃុំចង្ហា និងឃុំសឹង។
នៅក្នុងឱកាសនោះលោក អាត់ ខែម បានថ្លែងថា ប្រជាពលរដ្ឋទាំង ក្រោយពីបានមើលឃើញនូវការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន និងសកម្មភាពដឹកនាំផ្ទាល់នៅក្នុងខេត្តរបស់លោកឧបនាយករដ្ឋមន្រ្តីកែ គឹមយ៉ាន ទើបពួកគាត់សម្រេចចិត្តចាកចេញពីបក្សប្រឆាំង ហើយមកចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជន ដើម្បីចូលរួមកសាងប្រទេសកាន់តែរីកចំរើនខ្លាំងឡើង។
បើតាមលោក អាត់ ខែម នៅតាមឃុំស្រុកស្វាយចេកឯណោះវិញ ក៏មានសកម្មជនបក្សប្រឆាំងជាច្រើនផងដែរ បានចាកចេញពីបក្សមួយនេះផងដែរ។