(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ម៉ា ឈឿន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម អំពាវនាវឱ្យពលរដ្ឋចូលរួមបោះឆ្នោតគាំទ្រគណបក្ស ប្រជាជន ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើននៃសង្គមជាតិបន្តទៀត។
នាយឧត្តមសេនីយ៍ ថ្លែងបែបនេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តបទុមារាម(វត្តឈូក) ស្ថិតក្នុងឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ឧសភានេះ។
នាយឧត្តមសេនីយ៍ ម៉ា ឈឿន ថ្លែងបន្តថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបាននាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ តាមរយៈគោលនយោបាយឈ្នះៗរបស់សម្តេចតេជោហ៊ុន សែន។ តាមរយៈសុខសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ បានធ្វើឱ្យយើងមាន ឱកាសក្នុងការ អភិវឌ្ឍប្រទេសជាតិទទួលបានការ រីកចំរើនលើគ្រប់វិស័យ ក្នុងនោះ បើនិយាយពីវិស័យព្រះពុទ្ធសាសនា សព្វថ្ងៃមានការរីកចំរើនខ្លាំង តួយ៉ាងការកកើតឡើងនៃសមិទ្ធផលនៅវត្តឈូកនាពេលនេះជាសក្ខីភាពស្រាប់។
នាយឧត្តមសេនីយ៍ បានបន្តទៀតថា កម្ពុជាយើង ទើបទទួលបានសុខសន្តិភាពពេញលេញក្នុងអំ ឡុងពេល១៩ ឆ្នាំប៉ុណ្ណោះ ហើយ ក្នុងរយៈ ពេលនេះ តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៍ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន បាន ធ្វើឱ្យសមិទ្ធិផល សង្គមជាតិ លើគ្រប់វិស័យមានការរីកចំរើននៅទូទាំងផ្ទៃប្រទេស ហើយភាពរីកចំរើនរបស់ប្រទេសជាតិនេះ ពិតជាមិនអាចខ្វះបាននូវសុខសន្តិភាពឡើយ។ ជាមួយគ្នានេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ទាំងអស់ត្រូវរួប រួមគ្នាការពារ សុខសន្តិភាពឱ្យបានរឹងមាំ ដើម្បីការអភិវឌ្ឍរីកចំរើនបន្តទៀត។
ស្របពេលដែលប្រទេសជាតិកាន់តែខិតជិតមកដល់ថ្ងៃបោះឆ្នោតឃុំ សង្កាត់នាពេលឆាប់ៗនេះ នាយឧត្តមសេនីយ៍បានអំពាវនាវឱ្យពលរដ្ឋទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នាដើម្បីជ្រើសរើសតំណាងដឹកនាំក្នុងមូលដ្ឋានឱ្យបានរីកចំរើន រួមទាំងជំរុញឱ្យ អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងលើការការពារសុខសន្តិភាព សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អ ធ្វើយ៉ាងណាធានាឱ្យដំណើរការបោះឆ្នោតឃុំ សង្កាត់ខាងមុខ ប្រព្រឹត្តទៅ ដោយតម្លា ភាព សុក្រឹតភាព យុត្តិធម៌ ប្រជាធិបតេយ្យ អាចទទួលយកបានទាំងអស់គ្នា។
សូបបញ្ជាក់ថាសមិទ្ធដែលសម្ពោធថ្ងៃនេះមាន ក្លោងទ្វាចំនួនពីរ ឧបដ្ឋានសាលាមួយខ្នង ផ្លូវបេតុងក្នុងវត្ត ប្រាសាទតម្លល់ព្រះព្រហ្ម បង្គោលភ្លើង សាលាបាលី កុដិ និងសមិទ្ធផលនានាមួយចំនួនទៀត សរុបថវិការចំណាយលើការកសាងសមិទ្ធផលទាំអស់នេះ អស់ទឹក ប្រាក់ជិតមួយលានដុល្លារសហរដ្ឋអាមេរិក។ ជាមួយពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្តឈូកនេះ នាយឧត្តមសេនីយ៍ក៍បាន ប្រគេនបច្ច័យចំនួន៥លានរៀលដល់វត្តផងដែរ៕