(ភ្នំពេញ)៖ មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋសហគមន៍ប៊ូឌីញ «ស» ចំនួន២០៣គ្រួសារហើយ (២០៣Units) បានមកធ្វើកិច្ចសន្យាទិញលក់ នៅក្រសួងរៀបចំដែនដី បន្ទាប់ពីយល់ព្រមលក់ផ្ទះរបស់ពួកគាត់ ក្នុងតម្លៃ១៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េនោះ។
បើតាមមន្ត្រីក្រសួងរៀបចំដែនដី បានបញ្ជាក់ទៀតថា នៅមានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត បានកំពុងបន្តចុះឈ្មោះ ដើម្បីរៀបចំដំណើរការកិច្ចសន្យាទិញលក់ជាមួយ ក្រសួងជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា ក្រោមកិច្ចសម្របសម្រួលជាលើកចុងក្រោយរបស់លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧ តំណាងក្រុមហ៊ុនជប៉ុន Arakawa និងប្រជាពលរដ្ឋរស់នៅក្នុងអគារប៊ូឌិញ «ស» បានព្រមព្រៀងគ្នា ដោយផ្តល់សំណងជូនប្រជាពលរដ្ឋ ១,៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដើម្បីជាថ្នូរនឹងការចាកចេញរបស់ពួកគេ។
សម្រាបការរុះរើសម្ភារៈចេញពីលំនៅឋាននេះ ក្រុមហ៊ុនបានជួយចេញថ្លៃក្នុងមួយគ្រួសារ ១០០ដុល្លារថែមទៀតផង។ ការរុះរើលំនៅឋានគ្រោងធ្វើឡើងនៅអំឡុងខែមិថុនា ខាងមុខនេះ។
អគារប៊ូឌិញនេះ មានចំនួនសរុបប្រមាណ ៤៩៣យូនីត ស្មើនិង ៣៩៣គ្រួសារ។
សូមជម្រាបថា អគារប៊ូឌីញ «ស» នេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំងនេះ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើប មានកម្ពស់ប្រមាណ ២១ជាន់ ដោយគ្រោងចំណាយថវិកាប្រមាណ ៧០-៨០លានដុល្លារអាមេរិក៕