(ពោធិ៍សាត់)៖ មន្រ្តីជំនាញសង្កាត់ផ្នែកខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានបង្រ្កាបរថយន្តម៉ាកសាំយ៉ុង ដឹកជញ្ជូនឈើប្រភេទប្រណិតធ្នង់ ខណៈកំពុងធ្វើចរាចរណ៍លើកំណាត់ផ្លូវកៅស៊ូ ១ខ្សែ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១០៖១៥នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៊ូ ១ខ្សែ ស្ថិតក្នុងភូមិស្ដុកខ្លា ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក ពិន សង្គមឧត្តម នាយសង្កាតរដ្ឋបាលព្រៃឈើបាកានបានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នេះថា កម្លាំងមន្រ្តីជំនាញដែលបានចូលរួមសហការគ្នាស្ទាក់ឃាត់ចាប់រថយន្តដឹកជញ្ជូនឈើខាងលើ រួមមានសង្កាត់រដ្ឋបាលព្រៃឈើបាកាន.សង្កាត់រដ្ឋបាលព្រៃឈើក្រុងពោធិ៍សាត់ ផ្នែករដ្ឋបាលព្រៃឈើក្រគរ និងខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។
លោកនាយសង្កាត់រដ្ឋបាលព្រៃឈើបាកានបន្តថា រថយន្តដឹកឈើត្រូវបានកម្លាំងសហការគ្នាធ្វើការបង្រ្កាបខាងលើកម៉ាក សាំយ៉ុង ចង្កូតឆ្វេង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AG 2045 ដឹកជញ្ជូនឈើប្រភេទប្រណិតធ្នង់ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួន។
លោកនាយសង្កាតរដ្ឋបាលព្រៃឈើបាកានបន្តទៀតថា ការបង្រ្កាបរថយន្តដឹកឈើខាងលើ ជាឈើប្រភេទប្រណិតធ្នង់មានចំនួន ១៥៤ដុំ ស្មើរនឹងចំនួន ១,០៥៤ម៉ែត្រត្រីគុណ ហើយចំពោះវត្ថុតាងទាំងរថយន្ត និងឈើទាំងអស់បានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធីស្តីពីរដ្ឋបាលព្រៃឈើ៕