(បន្ទាយមានជ័យ)៖ ​លោក​ឧបនាយក​រដ្ឋមន្ត្រី ​កែ ​គឹ​មយ៉ា​ន ​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល ​និង​ជា​ប្រធាន​ក្រុមការងារ​គណៈកម្មាធិការ​កណ្ដាល ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ ​នៅ​ថ្ងៃទី១៤ ​ខែឧសភា ​ឆ្នាំ២០១៧នេះ ​បាន​ចុះ​ជួប​សំណេះសំណាល ​និង​សួរសុខទុក្ខ​ជាមួយ ​សមាជិក​-​សមាជិកា ​គណបក្សប្រជាជន​កម្ពុជា​ជិត៤ពាន់​នាក់ ​នៅក្នុង​ស្រុក​ចំនួន២នៃ​ខេត្ត​បន្ទាយមានជ័យ ​រួមមាន​ស្រុក​មង្គលបូរី ​និង​សេរី​សោភ័ណ ​ដើម្បី​ណែនាំ​ពី​ការងារ​ពង្រឹង​បក្ស ​និង​ការងារ​ឆ្ពោះទៅ​កាន់ ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ​នា​ព្រឹក​ថ្ងៃទី ​០៤ ​ខែមិថុនា ​ឆ្នាំ ​២០១៧ខាងមុខនេះ ​។

ឧបនាយក​រដ្ឋមន្ត្រី ​កែ ​គឹ​មយ៉ា​ន ​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់ ​សម្ដេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី ​នៃ​កម្ពុជា ​និង ​សម្ដេចចក្រី ​ហេង ​សំ​រិន ​សម្ដេច​ក្រឡាហោម ​ស ​ខេង ​សម្ដេច​វិបុល​សេនា​ភក្ដី ​សាយ ​ឈុំ ​និង​ថ្នាក់ដឹកនាំ​គណបក្សប្រជាជន​កម្ពុជា​ដទៃផ្សេង​ទៀត ​ដែល​តែងតែ​គិតគូរ​ចំពោះ​សុខទុក្ខ ​និង​ការរស់នៅ​របស់​សមាជិក​-​សមាជិកា​គណបក្សប្រជាជន​កម្ពុជា​របស់​យើង​។

គណបក្សប្រជាជនកម្ពុជា​ កើតពីប្រជាជន​ បម្រើប្រជាជន​​ ហើយដែលកំពុងដឹកនាំប្រទេស និងជាអ្នកនាំយកសន្តិភាព និងស្ថេរភាពជូនប្រជាជនទូទៅ ជាពិសេសគឺបានថែរក្សាសន្តិភាព ស្ថេរភាព​ និងការអភិវឌ្ឍគ្រប់វិស័យ ក្នុងប្រទេសរហូតដល់បច្ចប្បន្ន និងទៅថ្ងៃអនាគត​។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យអង្គពិធីយើងទាំងមូលក្រោកឈរ ស្មឹងស្មាត ចូលរួមរំលែកទុក្ខ និងគោពរវិញ្ញណក្ខន្ធ ដល់យុទ្ធជនដែលបានពលីជីវិត ក្នុងបេសកម្មអង្គការសហប្រជាជាតិ នៅអាហ្រ្វិកកណ្ដាលនាពេលថ្មីៗនេះ ។

ក្នុង​នោះ​ដែរ ​ឧបនាយក​រដ្ឋមន្ត្រី ​បាន​ក្រើន​រម្លឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​សូម​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​ត្រូវតែ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ​និង​ឆ្លើយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​គ្រប់​ប្រភេទ ​ដោយ​កុំ​សាក​​គ្រឿងញៀន​សូម្បីតែ​ម្តង​ ​ព្រោះ​ការប្រើ​គ្រឿងញៀន​គឺ​បំផ្លាញ​អនាគត​ខ្លួនឯង​ ​គ្រួសារ​ ​និង​សង្គមជាតិ​ ​និង​សូម​ជួយ​អប់រំ​ផ្សព្វផ្សាយ ​បន្ត​ដល់​មនុស្សជា​ទី​ស្រលាញ់​ ​ឱ្យធ្វើ​ជា​ពលរដ្ឋ​ល្អ​​ដោយ​មិន​ជួញដូរ​ ​មិន​រក្សាទុក​ ​មិន​ចរាចរ​​នូវ​គ្រឿងញៀន​គ្រប់​ប្រភេទ​ ​។

ឧបនាយក​រដ្ឋមន្ត្រី ​កែ ​គឹ​មយ៉ា​ន ​ក៍​បាន​ឧបត្ថម្ភ ​សមាជិក​-​សមាជិកា​ក្នុង​ម្នា​ក់ៗ​ទទួល​បាន ​សា​រ៉ុង១ ​គណបក្ស​ទាំង៤ឃុំ​-​សង្កាត់ ​ក្នុង​មួយ​ឃុំ​សង្កាត់​ទទួល​បាន​ថវិកា១លាន​រៀល ​និង​អង្ករ២តោន​, ​អនុវិទ្យាល័យ​ស្រះរាំង​ថវិកា៥០ម៉ឺន​រៀល  ​និង​ថវិកា​កសាង​ឧបត្ថម្ភ​បន្ថែម ​ដល់​អនុវិទ្យាល័យ​ស្រះរាំង​ចំនួន១ម៉ឹ​នដុល្លា​រអា​មេ​រិក​៕