(សៀមរាប)៖ អគារមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូរបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលសៀមរាប បានឲ្យដឹងថា អគារមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ត្រូវបានដំណើរការសាងសង់ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ដោយក្រុមហ៊ុនកាំត្រង់ស៊ីប លើផ្ទៃដីទំហំ ៦ហិកតា មានអគារមន្ទីរជំនាញសរុបចំនួន២៦ មន្ទីរដែលជាប្រភេទអគារភ្លោះចំនួន ១២អគារ និងអគារទោលចំនួន ២អគារ ហើយអគារនីមួយៗមានទំហំ ២០,៥០ X ២៣,៨០ម៉ែត្រ មានកម្ពស់០២ជាន់ ១៥បន្ទប់ មានសាលប្រជុំមួយ ឃ្លាំងទុកដាក់សម្ភារៈ និងបន្ទប់សម្រាប់ទុកដាក់ឯកសារចំនួន ០៣បន្ទប់ និងដំបូលប្រកក្បឿងស្រកាលិញ និងបំពាក់ដោយបរិក្ខាម៉ាស៊ីនត្រជាក់ ភ្ជាប់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធភ្លើង បណ្តាញទូរស័ព្ទ ប្រព័ន្ធការពាររន្ទះ ជណ្តើរខាងក្នុង និងជម្រាលជនពិការចំនួន ១កន្លែង។
លោក ឃឹម ប៊ុនសុង បន្តថា អគរាមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាបនេះ ក៏មានការរៀបចំសួនច្បារ ដាំដើមឈើ ចំណតយានយន្ត របងព័ន្ធជុំវិញទីតាំងមណ្ឌលរដ្ឋបាល ក្លោងទ្វារធំ និងរោងសន្តិសុខច្រកចេញចូលចំនួន ០៣ច្រក រៀបចំខឿន និងដងទង់ជាតិសរុបថវិកា ចំនួន ៧៦ប៊ីលាន ៣០លានរៀល(ជិត២០លានដុល្លារ)។ លើសពីនេះទៀត មានផ្ទៃដីចំនួន ២,៥០ហិកតា សម្រាប់ធ្វើទីលានសាធារណៈ និងដីបម្រុងចំនួន ០,៦៣ហិកតាផងដែរ។
លោកអភិបាលខេត្តសៀមរាប ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្តសៀមរាប បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានជួយសម្រួល និង ផ្តល់ទីតាំងសាងសង់អគាររដ្ឋបាលដ៏ស្រស់ស្អាតនេះ ដែលមានទីតាំងស្ថិតនៅជិតទីប្រជុំជន ដែលធ្វើឲ្យមន្ត្រីរាជការយើងធ្វើដំណើរទៅមកបម្រើការងារមាន ភាពងាយស្រួល ហើយក៏ជាការប្រមូលផ្តុំរបស់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នអង្គភាពផងដែរ ។
ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានលើកឡើងថា ការរៀបចំរដ្ឋបាលប្រមូលផ្តុំនេះឡើង គឺជាភាពងាយស្រួលក្នុងការដឹកនាំលើការដោះស្រាយនូវរាល់បញ្ហាផ្សេងៗ ដែលកើតឡើងបានទាន់ពេលវេលា។
ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ឲ្យដឹងផងដែរ អំពីរបៀបរបបបំពេញការងាររដ្ឋបាល នៅតាមបណ្តាប្រទេសជឿនលឿនលើសកលលោក ដែលមានលក្ខណៈប្រហាក់ប្រហែលក្នុងការកែទម្រង់រដ្ឋបាលនៅកម្ពុជាយើងផងដែរ។ ម៉្យាងទៀតការរៀបចំមណ្ឌលរដ្ឋបាលប្រមូលផ្តុំនេះឡើងនៅខេត្តសៀមរាប គឺជាគំរូមួយដ៏ល្អសម្រាប់បណ្តាខេត្តនានា ក្នុងការបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឲ្យមានភាពងាយស្រួល និង កាត់បន្ថយនូវពេលវេលាក្នុងការមកធ្វើទំនាក់ទំនងទៀតផង។
ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានគូសបញ្ជាក់ថា «ការប្រមូលផ្តុំគ្នាធ្វើការងារនេះ ធ្វើឲ្យកិច្ចការងាររដ្ឋបាលយើងខ្លាំង។ សូមធ្វើការយ៉ាងណាឲ្យបានល្អ ដូចកាលការបំពេញការងាររបស់មន្ត្រី បុគ្គលិកក្នុងសម័យរដ្ឋកម្ពុជានោះ គឺជាការប្រសើរបំផុត»។
ឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ខេត្តសៀមរាប គឺជាសមរភូមិដែលត្រូវបានបញ្ចប់សង្រ្គាមស៊ីវិល ចុងក្រោយបង្អស់នាឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយក៏មានកិច្ចអភិវឌ្ឍរីក ចម្រើនបានយ៉ាងឆាប់រហ័សទៅលើវិស័យទេសចរណ៍។
ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់មន្ត្រីរាជការទាំងអស់បម្រើការតាមមន្ទីរក្នុងខេត្តទាំងអស់ ត្រូវធ្វើយ៉ាងណាឲ្យអគារសំណង់ថ្មីនេះ ប្រកបទៅបរិស្ថាន បរិយាកាសបរិសុទ្ធ ព្រមទាំងធ្វើការលើកនូវសោភណ្ឌភាព គឺត្រូវធ្វើការដាំដុះកូនឈើ និង ថែទាំអគារទៀតផង។ ម៉្យាងទៀតនេះ ជាសមិទ្ធផលថ្មីសម្រាប់បងប្អូនមន្ត្រីរាជការ ក៏ដូចប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានជួយសម្រួលទុក្ខលំបាកផ្សេងៗរបស់មន្រ្តីរាជការផង ក៏ដូចជាបង្កើននូវភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការមកទទួលយកសេវាផ្សេងៗ ពីមន្ទីរអង្គភាពផងដែរ ។
សូមបញ្ជាក់ថា អគារសំណង់មន្ទីរក្នុងខេត្តសៀមរាបនេះ ត្រូវបានសាងសង់ទៅតាមរចនាបទដ្ឋានជាលក្ខណៈរបស់ខ្មែរ ដោយខេត្តសៀម រាប ជាជង្រុកនៃសម្បត្តិវប្បធម៌ អរីយធម៌ជាតិខ្មែរ ហើយបានកំពុងទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្តមកពីគ្រប់មជ្ឈដ្ឋាននៅលើពិភពលោក ហើយអគារទាំងនេះជាសំណង់ស្ថាបត្យកម្មមួយលើទឹកដីប្រវត្តិសាស្ត្រ និង សម្រាប់បណ្តាខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើជាគំរូឲ្យដូចរដ្ឋបាលខេត្តសៀមរាប៕