(កណ្តាល)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីក្នុងពិធីឆ្លងឧបដ្ឋានសភាក្នុងវត្តពិសីឧត្តម (ហៅវត្ត ព្រែកឫស្សី) ស្រុកកោះធំ ខេត្តកណ្តាល និងជួបសំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណ ២០០០នាក់។
ក្នុងពិធីនេះក៏មានការចូលរួមពីលោក ហេង តៃគ្រី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក ចៅ តុល នាយករងខុទ្ទកាល័យ សម្តេចតេជោ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកកោះធំ និងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។
ក្រោយពីបានស្តាប់របាយការណ៍ពីលោក អេង មោក្ខ អភិបាលស្រុកកោះធំរួចមក នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខដល់សមាជិក សមាជិកា ប្រជាពលរដ្ឋ សិស្សានុសិស្ស ពុទ្ធបរិស័ទទាំងអស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។
នាយឧត្តមសេនីយ៍ បានលើកឡើងពីប្រវត្តិដ៏ជូរចត់ និងទុក្ខវេទនាបំផុត ដែលប្រជាពលរដ្ឋកម្ពុជាបានជួបប្រទះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាក់ស្តែងនៅវត្តពិសីឧត្តមនេះតែម្តងត្រូវបានបំផ្លាញខ្ទេចខ្ទីគ្មានសល់ទេ ហើយពេលនោះដែរ ពុំមានគណបក្សនយោ បាយ ឬជនមួយចំនួន ដែលអះអាងថា ជាអ្នកស្នេហាជាតិចេញមុខមកជួយប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីការសម្លាប់យ៉ាងឃោរឃៅព្រៃផ្សៃនោះទេ គឺមានតែសម្តេចទាំងបី ដែលដឹកនាំរំដោះ និងកសាងប្រទេសជាតិ តាំងពីបាតដៃទទេ ពីគំនរផេះផង់ ហើយបាននាំសុខសន្តិភាព ស្ថិរភាព ពេញផ្ទៃប្រទេស។
នាយឧត្តមសេនីយ៍បានលើកឡើងយ៉ាងច្បាស់ថា «ការពារដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានោះទេ ទោះត្រូវចាយក្នុងតម្លៃណាក៏ដោយ ហើយលោកបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋរាភិបាលកម្ពុជា បានខិតខំពុះពារ គ្រប់ឧបសគ្គ រក្សាបាននូវ សុខសន្តិភាព ស្ថេរភាព រហូតអភិវឌ្ឍ ប្រទេសជាតិឈានឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យបន្តទៀត»។
នាយឧត្តមសេនីយ៍រូបនេះ សង្កត់ធ្ងន់ថា «បើគ្មានគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលទេ សង្គ្រាមនៅកម្ពុជា មកដល់ពេលនេះក៏នៅមិនទាន់ចប់ផង សូមពុក ម៉ែ បងប្អូន ត្រូវយល់ពីបញ្ហានេះ កុំចាញ់បោកជនអគតិមួយចំនួន ដែលតែងតែញុះញុង ចង់បំផ្លាញសុខសន្តិភាពដែលយើងទទួលបានយ៉ាងលំបាក។ ប៉ុន្តែមានជនមួយក្តាប់តូច តែងតែលើកតម្កើងថ្ងៃ២៣ តុលា ដោយចោទរាជរដ្ឋាភិបាលថាបានរំលោភកិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងបារីស ២៣តុលាទៅវិញ។ អ្នកឯងត្រូវទទួលស្គាល់ថា បើគ្មានថ្ងៃ៧មករាទេ ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា នោះដែរ ហើយ ក៏គ្មានសិទ្ធមនុស្ស គ្មានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរីកចម្រើន លូតលាស់លើគ្រប់វិស័យ ដូចសព្វថ្ងៃនេះដែរ»។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានឧបត្ថម្ភ សាលាស្រុកកោះធំនូវថវិកា ១លានរៀល, លាសាឃុំកំពង់កុងថវិកា ៤០ម៉ឺនរៀល, អាវុធហត្ថ ៤០ម៉ឺនរៀល សឹករង ៤០ម៉ឺនរៀល ព្រមទាំងចែកជូនអំណោយអនុស្សាវរីយ៍ ដល់តាជីយាយជី លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ សិស្សានុសិស្ស និង កងកម្លាំងប្រដាប់អាវុធផងដែរ៕