(ភ្នំពេញ)៖ នៅថ្ងៃទី១៣-១៤-១៥ ខែឧសភា គឺជាថ្ងៃដ៏នក្ខត្ដឫក្សដែលប្រជាជាតិកម្ពុជាទូទំាងប្រទេស បានចូលរួមអបអរសាទរ ក្នុងព្រះរាជពិធីចម្រើន ព្រះជន្ម ព្រះករុណាព្រះបាទនរោត្ដមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ ក្នុងសង្គមខ្មែរ ពាក្យប្រារព្វក្នុងបាវចនាគឺ «ជាតិ សាសនា ព្រះមហាក្សត្រ»។ ចំពោះពាក្យទំាងបីនេះ ជាពាក្យមានខ្លឹមសារសំខាន់បំផុត ជាពាក្យមានគុណតម្លៃថ្លៃថ្លាបំផុត ជាពាក្យដ៏គួរឲ្យគោរពស្មើនិងអាយុជីវិតនៃជនរួមជាតិ ខ្មែរទំាងទ្បាយ។ ទន្ទឹមនិងនេះចំពោះបាវចនាទំាងបីនេះ ក៏មានជនរួមជាតិខ្មែរយើងខ្លះក៏បានលើកជាចម្ងល់ថា បទនគររាជដែលមាន ៣បទគឺ៖
បទទី១៖ សរសើរព្រះបារមីព្រះមហាក្សត្រ
បទទី២៖ សរសើរការរចនាប្រាង្គប្រាសាទបុរាណ
បទទី៣៖ សរសើរតម្លៃការកាន់ព្រះពុទ្ធសាសនា ថាហេតុអ្វី បានជាយកបទទី១- «សូមពួកទេព្ដា រក្សាព្រះមហាក្សត្រយើង…» ដាក់នៅខាងដើមទៅវិញ? តើមានន័យបែបណា?
អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ និងជាអ្នកនិពន្ធសៀវភៅស្ដីពី ប្រវត្ដិទង់ជាតិ ភ្លេងជាតិ នគររាជ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ចំពោះពាក្យ «ជាតិ សាសនា ព្រះមហាក្សត្រ» គឺជាបាវចនាបែបអភិរក្សរបស់ជាតិយើង ហើយដែលប្រើរហូតមកដល់សព្វថ្ងៃនេះ យើងអាចនិយាយបានថា ទ្រង់ឈប់ធ្វើជាស្ដេចលើ ប្រជារាស្រ្ដ បើនិយាយក្នុងន័យសាសនា (ទេវរាជ) ដូចមុនទៀតហើយ ប៉ុន្ដែទ្រង់គឺជាព្រះមហាក្សត្រជាតិខ្មែរមួយអង្គវិញ។
ក្នុងន័យនេះ បើយើងពិនិត្យមើលទៅលើអត្ថន័យ បទគោរពទង់ជាតិ «នគររាជ» ទំាងបីបទនេះ ចំពោះបទទី១ រៀបរាប់ថា «សូមពួកទេព្ដារក្សាមហាក្សត្រ យើង...» គឺចង់បញ្ជាក់ប្រាប់អំពីជំនឿរបស់មនុស្សទៅលើពពួកទេព្ដា ដែលមានព្រះមហាក្សត្រជាតំណាង ព្រោះថា បើប្រជារាស្រ្ដមានជំនឿទៅលើពពួកទេព្ដា ទៅលើពិភពឋានសួគ៌ដែលតំណាងឲ្យសភាវៈល្អ គឺប្រាកដជាជួយទ្រទ្រង់ដល់ប្រជារាស្រ្ដ និងមាតុភូមិយើងឲ្យមានភាពសំបូររុងរឿងគង់វង់ឋិតថេរចីរកាល តទៅជាក់ជាពុំខាន។
នេះជាសេចក្ដីរាយការណ៍ឲ្យដឹងថាឲ្យតែមនុស្សរស់នៅពិភពឋានកណ្ដាលមានជំនឿនិងគោរពប្រតិបត្ដិតាមគន្លងធម៌ ប្រព្រឹត្ដនូវអំពើល្អ ហើយមានទឹកចិត្ដឧស្សាហ៍ព្យាយាម ដោយនំាគ្នាសាងតែផ្លូវកុសលធម៌ គឺពពួកទេព្ដាតែងតែជួយគ្រប់ពេលវេលា។ ត្រង់ចំណុចនេះលោក រត្ន័ សណ្ដាប់ បានបញ្ជាក់ថា បើដូច្នេះ ចំពោះការដែលលើកយកបទទី១ «សូមពួកទេព្ដា រក្សាព្រះមហាក្សត្រយើង...» ដាក់ខាងដើមនេះ គឺជាការឲ្យតម្លៃខ្ពស់លើមនុស្ស តាមរយៈការសរសើរព្រះបារមីព្រះមហាក្សត្រ ដែលបានមកពីការប្រទានពរពីពពួកទេព្ដា ក៏ដូចជាសត្ដនិករទំាងទ្បាយ ព្រោះថាបើជាស្ដេច គឺកុំឲ្យភ្លេចភ្លំាងស្មារតី កុំកាច់ចង្គូម និងធ្មុងព្រះនគរ ហើយក៏កុំគប្បីញីញក់ទង់ជ័យព្រះនគរ កុំរឹបរឹតរាជទ្រព្យក្នុងព្រះនគរឲ្យសោះ។ តែផ្ទុយមកវិញ គួរគប្បីមានព្រះឥរិយាបថល្អ ស្មោះត្រង់សប្បុរសធម៌ ប្រកបដោយសទ្ទាជ្រះថ្លា គឺដើម្បីឲ្យកើតនូវសិរីមង្គល សេចក្ដីសុខចម្រើនដល់ព្រះនគរទំាងបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។
បើអធិប្បាយត្រង់ចំណុចតទៅទៀត មានន័យថា សេនាបតីនិងសេនាទាហានមានឈ្មោះថា «ជាចង្គូមឬធ្មុង» ព្រះនគរ។ ព្រះរាជបុត្រ ឬញាត្ដិវង្ស មានឈ្មោះថា «ថ្លើម ឬទ្រូង» ព្រះនគរ។ ព្រាហ្មបុរោហិត អ្នកចេះព្រះត្រែបិដក អ្នកកវី អ្នកនិពន្ធ អ្នកស្រោវជ្រាវ មានឈ្មោះថា «ភ្នែក ច្រមុះ មាត់ ត្រចៀក» ព្រះនគរ។ អ្នកប្រាជ្ញ មានឈ្មោះថា «ទង់ជ័យ» ព្រះនគរ។ ឧកញ៉ា មហាសេដ្ឋី អ្នកជំនួញ មានឈ្មោះថា «ឆ្អឹងសរសែរ» ព្រះនគរ។ បណ្ដាប្រជារាស្រ្ដ មានឈ្មោះថា «ស្បែក» ព្រះនគរ។ គ្រប់ជំពូកគ្រប់ជនទំាងអស់នេះ កុំជិះជាន់ សង្កត់សង្កិនដែលនំាឲ្យកើតក្ដៅក្រហាយ គឺឲ្យផ្សាយតែព្រះហឫទ័យមមែមមាញឹក នឹកអាណិតគ្រប់ពួក គ្រប់ក្រុម។ ហើយបួងសួងដល់ទេព្ដាដែលរក្សាព្រះស្វេតច្ឆត្រ នូវទេព្ដាឆកាមាសួគ៌ទំាង១៦ជាន់ សូមចង្អុលផ្គរភ្លៀង ឲ្យស្រួលបរិបូណ៍ក្នុងព្រះនគរ។
ត្រង់ចំណុចនេះផងដែរលោក រត្ន័ សណ្ដាប់ ក៏បានថ្លែងនូវអំណរអរព្រះគុណដល់ព្រះករុណាព្រះបាទនរោត្ដមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា គឺព្រះអង្គ ពិតជាបានបំពេញនូវគុណតម្លៃជាក្សត្រ បានយ៉ាងខ្ជាប់ខ្ជួនជាទីប្រពៃថ្លៃថ្លាបំផុត ព្រោះតែហេតុនេះហើយ បានជាយើងឃើញថាសព្វថ្ងៃ ប្រជារាស្រ្ដដែលជ្រកក្រោមម្លប់របស់ព្រះអង្គ គឺរស់នៅយ៉ាងមានសេចក្ដីសុខក្នុង «សន្ដិភាព» និងការរីកចម្រើនជាលំដាប់ពីរមួយឆ្នាំទៅមួយឆ្នាំ គួរឲ្យមានមោទនភាពជាទីបំផុត ។
ជាសរុបលោក បានបញ្ជាក់ថា បើដូច្នេះ ចំពោះបទនគររាជ ដែលបានលើកយកបទទី១ «សរសើរព្រះបារមីព្រះមហាក្សត្រ» ដាក់ខាងដើមនេះ គឺចង់បញ្ជាក់អំពីគុណតម្លៃរបស់មនុស្សតាមរយៈព្រះមហាក្សត្រជាតំណាង ព្រោះថា «ជាតិ សាសនា» ដែលអាចគង់វង្សទៅបានគឺអាស្រ័យលើមនុស្សនេះឯង។ ដោយហេតុថា បើសង្គមយើង មានធនធានមនុស្សប្រកបដោយថាមពលខ្លំាងក្លា សមត្ថភាពខ្ពង់ខ្ពស់ គឺប្រាកដជាការពារជាតិ មាតុភូមិបានយ៉ាងរឹងមំា រុងរឿងដូចសម័យមហានគរ ហើយសាសនាក៏មានការរីកចម្រើនព្រមជាមួយគ្នាផងដែរ។ ផ្ទុយទៅវិញ បើយើងមិនឲ្យតម្លៃលើធនធានមនុស្ស ឬក៏ធនធានមនុស្សយើងខ្សោយ គឺអ្វីៗយើងពុំអាចការពារបានទ្បើយ។
បើដូច្នេះ ចំពោះបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» គឺជាគុណនំាឲ្យកើតភាតរភាព សាមគ្គឺជាតិ ដើម្បីឲ្យយើងព្រួតដៃគ្នាកសាងជាតិ ដោយផ្សារភ្ជាប់អតីត បច្ចុប្បន្ន អនាគត គឺកុំឲ្យភ្លេចជាតិ៕