(ពោធិ៍សាត់)៖ ដោយសារតែសម្រស់ធម្មជាតិព្រៃភ្នំដ៏សម្បូរបែប នៅស្រុកវាលវែងដែលពោពេញដោយអេកូរទេសចរណ៍ ធម្មជាតិដ៏ស្រស់ត្រកាល មិនចេះរីងស្ងួត គួបផ្សំនិងសុខសុវត្ថិភាពល្អប្រសើរផងនោះ បានទាក់ទាញបេះដូងភ្ញៀវទេសចរណ៏អន្តរជាតិ ជាពិសេសប៉ែកអឺរ៉ុបមកដើរលេងកំសាន្ត ជាបន្តបន្ទាប់មិនដែលអាក់ខានឡើយ។
លោក ឯម ភួវិបុល នាយកដែនការពារជំរកសត្វព្រៃភ្នំសំកុស នៃមន្ទីរបរិស្ថានខេត្តពោធិសាត់ បានប្រាប់អោយដឹងថា៖ ក្នុងចន្លោះមួយអាទិត្យឫកន្លះខែម្តង មានភ្ញៀវបរទេសតែងតែមកដើទៅតាមរកំសាន្ត នៅតាមតំបន់ជួរភ្នំនានាទៅតាមចំណង់ចំណូលចិត្ត របស់ពួកគេដោយមាន ការការពារសុវត្ថិភាពនិងនាំផ្លូវដោយមន្ត្រីរបស់លោកដែលប្រចាំការនៅតំបន់នោះផងដែរ។
លោកបានបន្តឲ្យដឹងថា៖ ភ្ញៀវទេសចរណ៏បរទេសដែលតែងតែ មកដើរកំសាន្តជាញឹកញាប់នៅតាមតំបន់ព្រៃភ្នំ ក្រមថ្មមិនដែលដាច់យ៉ាងនេះ ភាគច្រើនគឺមកពីអឺរ៉ុបជាពិសេស ជនជាតិបារាំងដោយពួកគេចូលចិត្តគយគន់ នៅតាមជ្រោះជ្រងជ្រលងដងអូរដែលសំបូរ ទៅដោយធនធានធម្មជាតិ ជាពិសេសព្រៃឈើ ដូចជាតំបន់ ភ្នំទំព៏រ ភ្នំសំកុស ភ្នំខ្មោច និងតំបន់ព្រៃភ្នំអូរសោមជាដើម។ល។ ជាមួយនិងដំណើរកំសាន្តរបស់ពួកគេ គឺមិនបានខ្វល់ខ្វាយអំពី ពេលវេលាឫឧប្បស័គ្គអ្វីបន្តិចឡើយ បើទោះជាត្រូវដេកផ្លូវ រឺត្រូវធ្វើដំណើរតំរ៉ូវអោយឆ្លងកាត់អូរ
ជ្រោះ ត្រូវឆ្លងភ្នំកាត់ព្រៃយ៉ាងណានោះ មិនមែនជាបញ្ហាចោទសំរាប់ដំណើរកំសាន្តរបស់ពួកគេឡើយ។
ផ្ទុយទៅវិញគឺជាការដើរកំសាន្តដ៏រីករាយបំផុតចំពោះពួកគេទៅវិញទេដែលស្រឡាញ់សម្បត្តិធនធានធម្មជាតិពិតៗនៅតំបន់ទាំងនោះអមដោយសំលេងទឹកជ្រោះធ្លាក់ សំលេងសត្វព្រៃយំជាដើម។
លោក ប៉ាន់ មរកត់ ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានបញ្ជាក់អោយដឹងផងដែរថាដោយសារតែ ប្រទេសរបស់យើងរស់នៅក្នុងសុខសន្តិភាព មានសុវត្ថិភាពគ្រប់ទីកន្លែង ដែលជាកត្តានាំអោយភ្ញៀវបរទេស ចាប់ចិត្តប្រត្តិព័ត្រធ្វើដំណើរមកកំសាន្ត យ៉ាងសប្បាយរីករាយដោយមិនមាន ការព្រួយបារម្មណ៏អំពីឧបស័គ្គ អ្វីរាំងស្ទះដល់ដំណើរកំសាន្តរបស់ពួកគេ។
ម្យ៉ាងវិញទៀតការដែលពួកគេធ្វើដំណើរមកកំសាន្ត នៅតាមតំបន់ព្រៃភ្នំយ៉ាងដូច្នេះដោយសារការស្រឡាញ់ ចូលចិត្តធនធានធម្មជាតិដែលជា អេកូរទេសចរណ៏ធម្មជាតិពិតៗ នៅក្នុងតំបន់ភួមិសាស្រ ស្រុកវាលវែង ខេត្តពោធិសាត់។
លោកបានបញ្ជាក់បន្ថែមថា ដោយសារភ្ញៀវបរទេសចូលចិត្តដើរកំសាន្ត តាមព្រៃភ្នំនៅតំបន់ខាងលើជាបន្តបន្ទាប់ មិនដាច់យ៉ាងដូច្នេះមន្ទីរបានមាន គំរោងរៀបចំអោយមានតង់ នៅតាមសហគមន៏នានាដើម្បីអោយភ្ញៀវបោះតង់នេះ សំរាកកំសាន្តផងដែរ៕