(កំពង់ស្ពឺ)៖ នៅក្នុងជំនួបជាមួយមេក្រុមបក្សចំនួន៥១១នាក់ មកពីភូមិ៤ នៃឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ហេង សុខគង់ អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបរសេដ្ឋទទួលបន្ទុកឃុំភក្តី និងឃុំកាត់ភ្លុក នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ លោកតា ឈុន សេង អាយុ ៧៩ឆ្នាំ ជាអតីតប្រធានគណបក្ស សម រង្ស៊ី និងបច្ចុប្បន្នជាអនុប្រធានគណបក្សសង្គ្រោះជាតិឃុំភក្តី បានស្នើសុំទម្លាក់ស្លាកបក្សព្រះអាទិត្យ និងសុំចូលមករួមរស់ជាមួយបក្សប្រជាជនកម្ពុជាវិញ។
លោកតាបានលើកឡើងថា រយៈពេល១៥ឆ្នាំហើយ ដែលលោកនៅតស៊ូ ក្រាញននៀលជាមួយគណបក្សសម រង្ស៊ី និងបក្សសង្គ្រោះជាតិ លោកឃើញថាគណបក្សនេះមិនដែលបានធ្វើអ្វីសោះជូនជាតិ និងមាតុភូមិ ក៏ដូចជាប្រជាជនក្នុងភូមិ ឃុំរបស់លោកតា ក្រៅតែពីនយោបាយញុះញង់ ភូតកុហក លាបពណ៌ និងធ្វើឱ្យខ្មែរបងប្អូនឯងឈ្លោះគ្នាគ្មានទីបញ្ចប់ រីឯថ្នាក់ដឹកនាំគណបក្សស្រុក និងឃុំទៀតសោតគិតតែពីពុករលួយ ប្រមូលលុយមូលនិធិពីប្រជាជនយកទៅចែកគ្នា យកលុយពីបេក្ខជនគ្រប់រូបចាប់ពីរាប់ម៉ឺនរៀល ដល់រាប់ពាន់ដុល្លារ ហើយឱ្យឈរលេខរៀងល្អ ដោយមិនគិតពីអ្នកតស៊ូនោះឡើយ ។ ដូច្នេះសូមបងប្អូនកុំជឿថាគណបក្សនេះ ស្នេហាជាតិ ស្នេហាប្រជាជន បើថាស្នេហាលុយ និងបក្សពួកខ្លួនទើបត្រឹមត្រូវជាង ។
លោកតាបានបន្ថែមទៀតថា ការដែលលោកតាចូលមករួមរស់ជាមួយគណបក្សប្រជាជននោះ គឺដោយសារមើលឃើញពីគុណបំណាច់របស់ថ្នាក់ដឹកនាំ និងគណបក្សនេះចំពោះជាតិ មាតុភូមិកម្ពុជា ហើយលោកតាក៏គ្មានប្រាថ្នាចង់បានតួនាទី បុណ្យសក្តិអ្វីដែរ គឺគ្រាន់តែចង់ឃើញ ជនជាតិខ្មែរយើងចេះ រួមសុខទុក្ខជាមួយគ្នា ហើយនិងចង់ឱ្យបងប្អូន កូន ក្មួយរបស់លោកតាបានរស់នៅជួបជុំជាមួយ អ្នកភូមិផងរបងជាមួយគ្នាដោយក្តីសប្បាយរីករាយ កុំឱ្យមួយថ្ងៃៗនៅតែកើតទុក្ខរឿងដើរនិយាយដើមគេ បង្ខូចបង្កាច់កេរ្ត៍ឈ្មោះគេ លាបពណ៌គេដូចកាលនៅបក្សសង្គ្រោះជាតិនោះទៀតបានហើយ ហើយលោកតាសន្យាថានឹងដឹកដៃ ណែនាំបងប្អូន សាច់ញាតិ និងអ្នកធ្លាប់គាំទ្រលោកតាទាំងអស់មករួមគ្នា ក្នុងមហាគ្រួសារគណបក្សប្រជាជនកម្ពុជាតែមួយ ។
នៅក្នុងពិធីប្រកាសទទួលលោកតា ឈុន សេងនេះដែរ លោក ហេង សុខគង់ បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឆាយ ថន ប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារចុះជួយខេត្ត និងលោក យឹម សុខុម ប្រធានក្រុមការងារចុះជួយស្រុកបរសេដ្ឋ ជូនចំពោះបងប្អូនមេគ្រួសារបក្សទាំងអស់ និងបានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំ ប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបម្រើដោយស្មោះត្រង់ចំពោះសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋទាំងអស់ក្នុងឃុំពីសំណាក់ ក្រុមការងារចុះជួយឃុំដែលមានលោក លី ចាន់សុភក្តី ជាប្រធាន លោកស្រីទន្តបណ្ឌិត ឡេង សុខគីម ជាអនុប្រធាន និងសហការីទាំងអស់ ហើយក៏សូមថ្លែងអំណរគុណដល់គណបក្សឃុំ និងសមាជិក សមាជិកាបក្សដែលជានិច្ចកាលរួមសាមគ្គីគ្នាដើម្បីភាពរឹងមាំ និងភាពឈ្នះរបស់គណបក្សគ្រប់កាលៈទេសៈ ។
លោក ហេង សុខគង់ បានថ្លែងអំណរគុណដល់លោកតា ឈុន សេង ដែលបានភ្ញាក់រលឹកទាន់ពេលវេលាបន្ទាប់ពីរយៈេពល១៥ឆ្នាំ ក្នុងការបម្រើបក្សប្រឆាំងមួយនេះ ហើយគ្មានសល់អ្វីក្រៅពីផ្ទះខ្ទមតូចមួយ ដោយសារវង្វេងនឹងនយោបាយប្រជាភិថុត សន្យាខ្យល់របស់បក្សប្រឆាំង ហិនហោចអស់ទ្រព្យសម្បត្តិដែលខំរកទទួលទានដោយលំបាកតាំងពីក្មេងមក ។
លោក បានសង្កត់ធ្ងន់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលធានាបាននូវសុខសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍជូនប្រជាជាតិ និងប្រជាជនកម្ពុជា ហើយក៏មានតែគណបក្សទវតានេះដែរ ដែលឈ្នះឆ្នោតហើយគណបក្សណាក៏អាចរស់នៅ ជាមួយបានប្រកបដោយភាពសុខដុមរមនា ក្រោមដំបូលដ៏ត្រជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស ។
លោកបានស្នើឱ្យសមាជិកគណបក្សទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ព្រោះថាជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា ជាជ័យជំនះរបស់បងប្អូនទាំងអស់គ្នា ជាជ័យជំនះនៃភូមិ ឃុំយើង និងជាជ័យជំនះ នៃអនាគតដ៏រុងរឿងសម្រាប់កូនចៅរបស់បងប្អូនគ្រប់ៗជំនាន់ ។
សូមបញ្ជាក់ជូនថា នេះជាលើកទី៣ហើយ ដែលលោក ហេង សុខគង់ និងសហការីបានទទួលមេៗសំថ្នាក់ឃុំរបស់បក្សព្រះអាទិត្យ មកចូលរួមរស់ជាមួយបក្សទេវតា ដែលលើកទី១ គឺលោក វួក ធួន បេក្ខជនពេញសិទ្ធិលេខរៀងទី៧ និងជាប្រធានក្រុមប្រឹក្សាយុវជន គណបក្សឃុំកាត់ភ្លុក លើកទី២ គឺលោក សៀង ស៊ីធន បេក្ខជនពេញសិទ្ធិលេខរៀងទី៥ ហើយក្នុងថ្ងៃនេះគឺលោកតា ឈុន សេង អនុប្រធានគណបក្សសង្គ្រោះជាតិឃុំភក្តីនេះតែម្តង៕