(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧នេះថា ករណីបាញ់សម្លាប់មន្រ្តីអាជ្ញាធរទន្លេសាប ចំនួន៣ គ្រាប់បណ្តាលឲ្យស្លាប់នៅក្នុងរថយន្តកាលពីយប់មិញនោះ គឺជារឿងគំនុំ មិនមែនជាករណីប្លន់នោះទេ។
លោក យឹម សារ៉ាន់ បានបញ្ជាក់ថា រឿងយប់មិញបើតាមជំនាញសមត្ថកិច្ចពិនិត្យមិនមែនជាករណីប្លន់ទេ ជាករណីគំនុំច្រើនជាង យើងមិនទាន់ដឹងថាផ្តើមចេញមកពីមូលហេតុអីទេ។
ជាមួយគ្នានេះ លោកអធិការបានបន្ថែមថា ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នៅពេលនេះកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បាននិងកំពុងស្រាវជ្រាវតាមចាប់ជនដៃដល់។
សូមបញ្ជាក់ថា កាលពីយប់មិញមន្ត្រីអាជ្ញាធរទន្លេសាបម្នាក់ត្រូវខ្មាន់កាំភ្លើង បាញ់៣គ្រាប់ស្លាប់ នៅក្នុងរថយន្ត ខណៈជនរងគ្រោះបើករថយន្តមកដល់សង្កាត់កកាប តាមផ្លូវចូលច្រកវត្តអង្គតាមិញ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះសឿង ផានិត អាយុ២៨ឆ្នាំ រស់នៅសង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ ហើយជាមន្រ្តីម្នាក់នៅក្រសួងធនធានទឹក។ ជនរងគ្រោះត្រូវខ្មាន់កាំភ្លើងបាញ់ចំនួន៣គ្រាប់ ពេលកំពុងបើករថយន្តម៉ាក Camry សេរីខ្ពស់មួយគ្រឿង បណ្តាលឲ្យស្លាប់តែម្តង ដោយមិនទាន់ដឹងមូលហេតុនោះទេ ខណៈនៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា ជនរងគ្រោះមានតួនាទីជាអនុប្រធានការិយាល័យនីតិកម្ម អាជ្ញាធរបឹងទន្លេសាបពិតប្រាកដមែន។
លោកថា មន្រ្តីរូបនេះមានចរឹកស្លូតបូត ប៉ុន្តែមិនដឹងមកពីហេតុអ្វី បានជួបគ្រោះអកុសលបែបនេះឡើយ ដោយលោកសូមចូលរួមសោកស្តាយ និងអាណិតយ៉ាងខ្លាំង។
បន្ទាប់ពីកើតហេតុ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានដឹកនាំកម្លាំងនគរបាល សហការជាមួយកម្លាំងអាវុធហត្ថចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីសួរនាំ និងធ្វើការស្រាវជ្រាវ តាមចាប់ជនដៃដល់បន្តទៀត។
ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកចេញពីក្នុងរថយន្ត ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕