(ប៉េកាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនេះ បន្ទាប់ពីបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ប្រទេសចិនភ្លាម បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគធំៗមួយចំនួនចូលជួបសម្តែងការគួរសម និងពិភាក្សាពីការងារវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ថ្នាក់ដឹកនាំក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសមនោះ បានគូសបញ្ជាក់ថា ពួកគេមានការពេញចិត្តពេញថ្លើមខ្លាំងចំពោះការវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រមទាំងគ្រោងដាក់ទុនច្រើនពាន់លានដុល្លារបន្ថែមទៀត ដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ថ្នាក់ដឹកនាំក្រុមហ៊ុនចិនដែលបានបានចូលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៣ ខែឧសភា ម្សិលមិញនេះរួមមាន៖ ក្រុមហ៊ុនវិនិយោគទុនចិន China Huanneng Group, ក្រុមហ៊ុនវិនិយោគទុន China National Heavy Machinery Company និងក្រុមហ៊ុន China Communications Construction Company។
ក្រុមហ៊ុនទាំង៣នេះ បានវិនិយោគលើការសាងសង់ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ និងសាងសង់វារីអគ្គិសនី។ លោក Liu Qitao ប្រធានក្រុមហ៊ុន China Communications Construction Company ប្រទេសចិន បានជំរាបជូនសម្តេចតេជោ ហ៊ុន សែន អំពីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនរបស់លោកបានធ្វើការវិនិយោគកសាងផ្លូវ ថ្នល់ ចំនួន ១៦គម្រោងរួចមកហើយ ដែលបានបណ្តាក់ទុន ១,៦០០លានដុល្លារអាមេរិក។
បើតាមលោក Liu Qitao ក្រុមហ៊ុនលោកនឹងបណ្តាក់ទុនវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដែលមានប្រវែង ១៩០គីឡូម៉ែត្រ ដោយគ្រោងវិនិយោគទឹកប្រាក់ជាច្រើនពាន់លានដុល្លារថែមទៀត ដោយគ្រោងនឹងបើកការដ្ឋានសាងសង់នៅមុនបំណាច់ឆ្នាំ២០១៧នេះ។ ក្រុមហ៊ុនលោក ក៏ចាប់អារម្មណ៍លើគម្រោងសាងសង់ផ្លូវដែក និងកំពង់ផែក្នុងប្រទេសកម្ពុជាផងដែរ។
ដោយឡែកលោក លូ វិនជុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China National Heavy Machinery Company បានឲ្យដឹងថា ក្រុមហ៊ុនលោកបានចាប់ផ្តើមវិនិយោគក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៧ ដោយក្រុមហ៊ុនបានមើលឃើញពីសក្តានុពល និងបរិយាកាសស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងមានការគាំទ្រលើកទឹកចិត្តពីរាជរដ្ឋាភិបាល។
ក្រុមហ៊ុនរបស់លោក បានបន្តបណ្តាក់ទុនបន្ថែមទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។ កន្លងមកនេះ ក្រុមហ៊ុនរបស់លោកបានទទួលជោគជ័យក្នុងការបណ្តាក់ទុនកសាងវារីអគ្គិសនីស្ទឹងតាតៃ (B.O.T) ដែលបានដំណើរការយ៉ាងរលូន ពិសេសការកសាងខ្សែបណ្តាញបញ្ជូនអគ្គិសនីទៅតាមតំបន់ជនបទ។ កន្លងមកនេះ ក្រុមហ៊ុនរបស់លោកបានបោះទុនវិនិយោគចំនួន ១,៤៧០លានដុល្លារអាមេរិករួចមកហើយ។ ទន្ទឹមនឹងនេះ គឺក្រុមហ៊ុនលោកក៏បានចូលរួមចំណែកកសាងបណ្តាញខ្សែបញ្ជូនអគ្គីសនីប្រមាណ ៣០% ក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា «ក្រុមហ៊ុនពេញចិត្ត និងគាំទ្រទិសដៅអភិវឌ្ឍន៌របស់ សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលក្នុងការតភ្ជាប់បណ្តាញអគ្គិសនីរហូតដល់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋដើម្បីអោយមានភ្លើងប្រើប្រាស់បាន។ ក្រៅពីការចូលរួមចំណែកលើការកសាងវារីអគ្គិសនី ក្រុមហ៊ុនរបស់លោកក៏បានចូលរួមចំណែកលើការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសដល់យុវជនកម្ពុជាអោយមានសមត្ថភាពចំណេះដឹង និងជំនាញអគ្គីសនីច្បាស់លាស់»។
លោក ឆាវ ផីស៊ី ប្រធានក្រុមហ៊ុន China Huanneng Group បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនលោកបានបណ្តាក់ទុនវិនិយោគវារីអគ្គិសនីសេសាន្តពីរ ខេត្តស្ទឹងត្រែង ដែលសហការវិនិយោគជាមួយនិងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង។
លោកបន្តថា ដោយមានកិច្ចសហការល្អជាមួយក្រុមហ៊ុនក្នុងស្រុក គឺក្រុមហ៊ុនកំពុងដំណើរការសាងសង់វារីអគ្គិសនីសេសាន្តពីរ។ នៅក្នុងខែកញ្ញាខាងមុខនេះ ក្រុមហ៊ុននឹងបិទទំនប់ទឹក ដើម្បីតភ្ជាប់បណ្តាញអគ្គីសនីហើយនឹងគោរពអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញជាកិត្តិយសក្នុងពិធីបិទទំនប់ទឹកវារីអគ្គិសនី។ ចំពោះការវិនិយោគលើវិស័យអគ្គីសនីនេះ គឺផ្តល់ផលប្រយោជន៍ខ្លាំងណាស់សម្រាប់កម្ពុជា។
លោក ឆាវ ផីស៊ី បានបន្ថែមថា គម្រោងវារីអគ្គិសនីសេសាន្តគឺជាគំរោងដ៏ធំទី១ របស់ក្រុមហ៊ុនលោកក្នុងប្រទេសកម្ពុជា ហើយគម្រោងនេះ នឹងផ្តល់ថាមពលអគ្គិសនីប្រើប្រាស់ដល់ប្រជាពលរដ្ឋរហូតដល់បណ្តាភូមិតាមជនបទ តបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ចំពោះមុខ សម្តេចតេជោនាយករដ្ឋមន្រ្តីថា ក្រុមហ៊ុនរបស់លោកដែលបានចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គឺមិនធ្វើឲ្យរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាខកចិត្តឡើយ។ គំរោងរបស់វិនិយោគនេះ គឺបានចូលរួមយ៉ាងសកម្មចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ហើយមិនធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងបរិស្ថានឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានសំដែងការពេញចិត្ត និងបានវាយតម្លៃខ្ពស់ ចំពោះការវិនិយោគរបស់ក្រុមហ៊ុនចិននៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាត្រូវការថាមពលអគ្គិសនី និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើនថែមទៀត ដើម្បីបម្រើជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានបន្តលើកទឹកចិត្តឲ្យក្រុមហ៊ុនបន្តដាក់ទុនវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត៕