(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញបញ្ចុះបឋមសិលា ដំណើរការសាងសង់ ស្ពានឈើកោះរកគោ ប្រវែង៨៦x៤,២ម៉ែត្រ ក្រោយពិបាកក្នុងការឆ្លងកាត់ជាខ្លាំងនៅរដូវវស្សា ជាពិសេសធ្លាប់មានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។
ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណដីវាលជាប់ស្ទឹង ស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត លោក ទី ថានី អនុប្រធានក្រុមការងារ សមាជិកសមាជិកាជាក្រុមការងារចុះជួយស្រុកភ្នំក្រវាញ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក សូរ សាហុង អភិបាលស្រុកភ្នំក្រវាញ បានជម្រាបជូនថា សព្វថ្ងៃនេះកោះរកគោ មានប្រជាពលរដ្ឋរស់នៅ ៦៥៤នាក់ ស្មើនឹង១៨៤គ្រួសារ ភាគច្រើនប្រកបមុខរបរកសិកម្ម ពឹងផ្អែកលើដំណាំក្រូច និងខ្លះទៀតប្រមូលអនុផលព្រៃឈើ។
លោកអភិបាលស្រុកបន្តថា ប្រជាពលរដ្ឋប្រចាំថ្ងៃធ្វើដំណើរចេញចូល និងដឹកកសិផល ទៅផ្លូវជាតិលេខ៥ ឆ្លងស្ទឹងជិះទូក មានការលំបាកជាខ្លាំងក្នុងរដូវវស្សា រហូតមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ៣នាក់ ក្នុងនោះលិចទូកស្លាប់២នាក់ និងលង់ទឹកស្លាប់១នាក់។
ស្ថិតក្នុងស្ថានភាពបែបនេះ ប្រជាពលរដ្ឋបានធ្វើសំណើដល់អាជ្ញាធរភូមិឃុំ ហើយសំណើរនេះបានទៅដល់ក្រុមការងារថ្នាក់កណ្តាល ទើបសម្រេចជួយសាងសង់ស្ពានឆ្លងស្ទឹងនេះ ជាប្រយោជន៍ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានស្រួលនាពេលនេះតែម្តង។
លោក ទី នរិន្ទ និងលោក ម៉ៅ ធនិន បានថ្លែងថា ស្ពានឈើនេះ គឺជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធិផលជាច្រើនទៀត ដែលគណបក្សប្រជាជនកម្ពុជាគ្រប់ផ្នែក គ្រប់ថ្នាក់ បានកសាងឡើង គឺផ្តើមចេញពីវប្បធម៌សាមគ្គីចែករំលែក ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជន ដោយមិនប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ។
លោកបានលើកឡើងថា បន្ទាប់ពីស្ពានឈើនេះស្ថាបនាហើយ ការដឹកជញ្ជូនដំណាំកសិផលឆ្លងកាត់ ពិតជាងាយស្រួលជាងមុន ហេតុនេះហើយបានជាប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ក្នុង ការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ គ្រប់ទីកន្លែងទូទាំងប្រទេស ក្នុងនោះក៏មានអគ្គិសនីផងដែរ ត្រូវបានទម្លាក់តម្លៃជាបន្តបន្ទាប់ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។
ថ្នាក់ដឹកនាំទាំងពីរ បានជម្រាបជូនថា ខេត្តពោធិ៍សាត់គឺជាខេត្តមួយក្នុងចំណោម ២៥រាជធានី/ខេត្ត ដែលប្រមុខរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធបានច្រើនជាងគេ ដូចជាទំនប់ទី៣ និងទី៥ នៅក្នុងស្រុកភ្នំក្រវាញ ដែលអាចតម្កល់ទឹកបានជាង៥០លានម៉ែត្រគូប, ផ្លូវជាតិលេខ៥៥ ដែលបាននឹងកំពុងស្ថាបនាបានជាង៧៨%ហើយ តភ្ជាប់ពីផ្លូវជាតិ៥ ឆ្ពោះទៅកាន់ឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំប្រទល់ខេត្តត្រាត ប្រទេសថៃ និងផ្លូវលំជនបទក្រាលកៅស៊ូ ១០ខ្សែ ប្រវែង១២៥,៥គីឡូម៉ែត្រ ដែលបាននឹងកំពុងស្ថាបនា នេះដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឲ្យបានគ្រប់ៗគ្នា ដោយបញ្ជាក់ថា នៅសល់២២ថ្ងៃទៀតទេ នឹងដល់ថ្ងៃបោះឆ្នោតហើយ។
នៅក្នុងឱកាសនោះ លោក ម៉ៅ ធនិន និងលោក ទី នរិន្ទ ក៏បានចែកជូនវត្ថុកំដរដៃដល់ប្រជាពលរដ្ឋ និងប្រជាការពារដែលបានចូលរួមជាង២០០នាក់ ក្នុងម្នាក់ថវិកា១ម៉ឺនរៀល ព្រមទាំងបានអញ្ជើញបញ្ចុះបឋមសិលាសាងសង់ស្ពានចាប់ពីពេលនេះតទៅ៕