(កណ្តាល)៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត តាមបណ្តោយព្រែករកាកោង ស្រុកមុខកំពូល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ នៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនេះ ត្រូវចំណាយអស់ថវិកាសរុបប្រមាណ ១២ លានដុល្លារអាមេរិក។
គម្រោងនេះមានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ប្រភពទឹកពីព្រែក ប្រឡាយរួចបញ្ចូលអាង និងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវគោកពី ភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយទៀត និងបណ្តាញប្រព័ន្ធស្រោចស្រពខ្វាត់ខ្វែង ប្រឡាក់ក្រឡាគ្នា ទៅវិញទៅមកយ៉ាងជិតស្និទ្ធិ ដោយមានប្រជាជនប្រមាណ៨,៤០០ គ្រួសារ ស្មើចំនួន៧ ឃុំជាអ្នកទទួលផលពីគម្រោងនេះ រួយមានឃុំរកាកោងទី១ រកាកោងទី២ ស្វាយអំពារ សំបួរមាស ព្រែកដំបង ឬស្សីជ្រោយ និងព្រែកអញ្ជាញ។
គម្រោងនេះនឹងបង្កើនបរិមាណទឹក និងលទ្ធភាពស្រោចស្រពបានចំនួនពីរដងក្នុងមួយឆ្នាំ បង្កើនផ្ទៃដីបង្កបង្កើនផលស្រែវស្សា និងប្រាំងប្រមាណ ១០,៣៨០ហិកតា ព្រមទាំងផ្ទៃដីដាំដំណាំរួមផ្សំផ្សេងៗទៀត និងមានទឹកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ និងសត្វពាហនៈទៀតផង។
គម្រោងនេះ ត្រូវបានចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទី១ ត្រូវអនុវត្តបញ្ចប់ជាស្ថាពរ ហើយដំណាក់កាលទី២ ត្រូវបានចាប់ផ្តើមសាងសង់កាលពីខែកុម្ភះ ឆ្នាំ២០០១៧កន្លងទៅ ដែលមកដល់នឹងបច្ចុប្បន្នសម្រេចបាន លទ្ធផលប្រមាណ៦៥%ហើយ។
លោក វង្សី វិស្សុត បានថ្លែងថា ប្រទេសកម្ពុជាដ៏កំសត់របស់យើង បានទទួលរងគ្រោះ, ការបែកបាក់ និងការបាត់បង់ទឹកទឹកដី និងបាត់បង់ឯកភាពជាតិ ដោយសារសង្រ្គាមហែកហួរ និងការលាបព័ណ៌គ្នា ប្រមាណជាង ៥០០ ឆ្នាំមកហើយ ហើយទើបតែទទួលបានសន្តិភាព និងឯកភាពជាតិពេញលេញ ស្ថិតក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រដ្ឋាភិបាលតែមួយ និងកងទ័ពតែមួយ នៅក្នុងឆ្នាំ១៩៩៨ ។ ដូចនេះ យើងត្រូវចូលរួមថែរក្សាសន្តិភាព និងឯកភាពជាតិ ដែលកម្ពុជាយើងសម្រេចបានមកដោយលំបាកលំបិន ឱ្យស្ថិតស្ថេរគង់វង្សតរៀងទៅ។
លោក វង្សី វិស្សុត ក៏បានបន្តលើកឡើងផងដែរ អំពីការខិតខំជាក់ស្តែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាងសមិទ្ធផលនានាជាបន្តបន្ទាប់ដូចជា ផ្លូវ ស្ពាន ប្រឡាយទឹក អគ្គីសនី សាលារៀនជាដើម ព្រមទាំងការកែលំអរ និងការបង្ខិតសេវាសាធារណៈឱ្យដល់ជិតប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ រួមទាំងការមិនយកកម្រៃពីសេវាសាធារណៈចាំបាច់មួយចំនួនពីប្រជាពលរដ្ឋ ក្នុងគោលដៅលើកកម្ពស់ជីវភាព និងសម្រាលការលំបាករបស់ប្រជាជន ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរីកច្រើន។
លោកក៏បានលើកឡើងផងដែរ អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋដែលជាក្រុមជនងាយរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ និងជនចាស់ជរាគ្មានទីពឹង។ លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា បើគ្មានកំណើនសេដ្ឋកិច្ចទេ គឺយើងក៏នឹងគ្មានអ្វីសម្រាប់ ធ្វើការបែងចែកជូនប្រជាពលរដ្ឋមកវិញដែរ ពោលគឺយើងនឹងមិនអាចកសាងផ្លូវ ស្ពាន ប្រឡាយទឹក សាលារៀន អគ្គិសនី និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងតម្លើងប្រាក់បៀវត្សជូនមន្រ្តីរាជការនោះដែរ។ ក្នុងន័យនេះ កម្ពុជាត្រូវសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នាំ ចាប់ពីនេះ រហូតដល់ឆ្នាំ២០៣០ ដើម្បីក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ហើយប្រជាជនកម្ពុជាគ្រប់រូបនឹងទទួលបាន នូវឱកាសរកប្រាក់ចំណូលបានកាន់តែច្រើន, ទទួលបានការអប់រំកាន់តែមានគុណភាពខ្ពស់, ទទួលបានការងារកាន់តែល្អ និងមានជីវភាពកាន់តែប្រសើរឡើង។
ដើម្បីសម្រេចគោលដៅនេះ គឺមានតែរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេដែលអាចធ្វើកិច្ចការនេះបាន។ ដូចនេះ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមផ្តល់ការទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន ដើម្បីអនាគតរបស់ជាតិយើង និងកូនចៅរបស់យើង។
ក្នុងន័យនេះលោកសូមសំណូមពរដល់បងប្អូននៅទីនេះ ក៏ដូចជាបងប្អូននៅក្នុងស្រុកមុខកំពូលទាំងមូល និងនៅទូទាំងប្រទេស សូមកុំចាញ់បោកការលាបព័ណ៌, ការអុចអាល, ការញុះញ៉ុង, ការភូតកុហកបោកប្រាស់របស់បក្សដទៃ ដោយត្រូវធ្វើការពិចារណាឱ្យ បានច្បាស់លាស់ និងត្រូវយកការជាក់ស្តែងជាធំ, កុំយកអារម្មណ៍ជាធំ, សូមមើលព្រៃទាំងមូល កុំមើលដើមឈើតែមួយដើម ហើយត្រូវចាប់យកឱកាសមាសនេះឱ្យជាប់ និងកុំបោះបង់ឱកាសដែលកំពុងមានក្នុងដៃ ដូចពីអតីតកាល ដើម្បីសន្តិភាព,ស្ថិរភាព, ឯកភាពជាតិ, និងការអភិវឌ្ឍ ព្រមទាំងភាពសម្បូរសប្បាយរុងរឿង។
ជាមួយនឹងការចូលរួមអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋឃុំស្វាយអំពារ និងឃុំសំបួរមាស ដែលទទួលបាននូវសមិទ្ធផលជាបន្តបន្ទាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋឃុំទាំងពីរ ដែលមានព្រំប្រទល់ជាប់និងនៅជិតរាជធានីភ្នំពេញទាំងពីរនេះ លែងមានការលំបាកក្នុងការធ្វើដំណើរ មករាជធានីភ្នំពេញ ដោយជិះទូកដូចមុនទៀត, លោកបានស្នើប្រជាពលរដ្ឋទាំងមេត្តាចូលរួមថែរក្សាសមិទ្ធផលទាំងឡាយដែលបានកសាងរួច ជាពិសេសរួមគ្នាលុបបំបាត់នូវសកម្មភាពអសកម្មផ្សេងៗនៅមូលដ្ឋាន ដូចជាការប្រើប្រាស់ និងជួញដូរគ្រឿងញឿន និងល្បែងស៊ីសងគ្រប់ប្រភេទ។
លោកក៏បានស្នើដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សូមបន្តកែលំអរការផ្តល់សេវាសាធារណៈជូនប្រជាជន និងដោះស្រាយសំណូមរពរ និងការលំបាក់របស់ប្រជាជនដោយសកម្ម និងស្មោះត្រង់៕