(រតនគិរី)៖ ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកគ្រូ អ្នកគ្រូ ដែលលះបង់អស់កំលាំងកាយ កំលាំងចិត្ត បណ្តុះបណ្តាលធនធានមនុស្ស ដែលជាធនធានដ៏សំខាន់សម្រាប់ជាតិ។
ទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញទៅសំណេះសំណាលសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូចំនួន២៦៧នាក់ ដែលបង្រៀនទូទាំងស្រុកបរកែវ និងស្រុកអណ្តូងមាស នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ។
ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី លី ធុជ បានជម្រាបដល់លោកគ្រូ អ្នកគ្រូ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បានខិតខំយកចិត្តទុកដាក់លើជីវភាពរស់នៅ របស់លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ។ គណបក្សប្រជាជនមានគោលនយោបាយ យ៉ាងច្បាស់លាស់ក្នុងការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិភាពសង្គម និងអភិវឌ្ឈន៍ ជាពិសេសក្នុងការអភិវឌ្ឍនៅមូលដ្ឋាន ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ឲ្យសមស្របតាមកំណើនសេដ្ឋកិច្ចជាតិយើង។
ទេសរដ្ឋមន្ត្រី លី ធុជ ស្នើសុំឲ្យលោកគ្រូ អ្នកគ្រូ បន្តគាំទ្រគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា គឺ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងបន្តអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យរីកចម្រើនថែមទៀត៕