(បាត់ដំបង)៖ បន្ទាប់ពីបានប្រជុំណែនាំជាមួយអ្នកសង្កេតការណ៍ បោះឆ្នោត CPP ឃុំភ្នំសំពៅ ស្រុកបាណន់ នៅពេលព្រឹករួចមកប្រជាពលរដ្ឋ ក្នុងឃុំភ្នំសំពៅទាំងអស់នាំគ្នា សប្បាយចិត្តយ៉ាងខ្លាំង ដែលបានទទួលសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីក្រុមការងារ CPP ឃុំបានប្រគល់ជូនប្រឡាយបង្ហូរទឹក១ខ្សែ អមដោយផ្លូវលំប្រវែងជាង ២,៤៣២ ម៉ែត្រ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិក្តោង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
លោក ហែម ថេង ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅបានថ្លែងថា អ្នកសង្កេតការណ៍គណបក្ស CPP ដើរតួនាទីសំខាន់ណាស់ គឺពួកគាត់ជាតំណាងឲ្យបក្សមូលដ្ឋានទាំងមូល ក្នុងការត្រួតពិនិត្យឃ្លាំងមើលរាល់សកម្មភាពទូទៅ នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។
បន្ទាប់ពីបានណែនាំពីនីតិវិធីផ្សេងៗដល់អ្នកសង្កេតការណ៍រួចមក លោកប្រធានបានប្រាប់មន្រ្តីបក្សមូលដ្ឋានទាំងអស់គ្នាថា យើងត្រូវធ្វើកិច្ចការនានា តាមគោដៅរៀងៗខ្លួនស្របទៅតាមច្បាប់ គ.ជ.ប បានកំណត់។ ក្នុងកិច្ចប្រជុំណែនាំនេះដែរ លោកប្រធានក៏បានឧត្ថមថវិកា ដល់អ្នកសង្កេតការណ៍បក្សទាំង៤២នាក់ ម្នាក់ៗទទួលបាន៤ម៉ឺនរៀល សកម្មជន២៥នាក់ ម្នាក់ទទួលបាន៥ម៉ឺនរៀល ប្រជាការពារក្នុង៤២នាក់ ម្នាក់ទទួលបាន២ម៉ឺនរៀល ដោយឡែកបេក្ខភាពក្រុមប្រឹក្សាឃុំ៣១នាក់ លោក សុខ ផល ប្រធានក្រុមការងារបក្សស្រុកបាណន់ បានឧបត្ថម្ភ ម្នាក់២០ម៉ឺនរៀល។
នៅរសៀលថ្ងៃដដែល ប្រធានក្រុមការងារនិងបេក្ខភាពក្រុមប្រឹក្សាឃុំ បានចុះទៅប្រគល់ប្រឡាយ១ខ្សែ អមដោយផ្លូវលំ មានមាត់លើ៤ម៉ែត្រ និងជម្រៅ៤ម៉ែត្រ ប្រវែង២,៤៣២ម៉ែត្រ ។ ពលរដ្ឋទាំងអស់បានថ្លែងអំណរគុណ ដល់លោកប្រធានក្រុមការងារឃុំភ្នំសំពៅយើងនេះថា ប្រជាពលរដ្ឋយើងគឺត្រូវការផ្លូវ ស្ពាន លូ ថ្នល់ ពិសេសប្រឡាយបង្ហូរទឹកសម្រាប់ចែកចាយចូលស្រែ ធ្វើឲ្យកសិករយើងមានទឹកធ្វើស្រែគ្រប់គ្រាន់ លែងខ្វះទឹកធ្វើស្រែទៀតហើយ ដោយសារតែមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានកសាងសមិទ្ធិផលជាច្រើនជូនប្រជាពលរដ្ឋ លើគ្រប់វិស័យអភិវឌ្ឍន៍ភូមិឃុំយើងពិតៗ មិនដែលសន្យាម្តងណាទេ តែបានធ្វើជាក់ស្តែង។ ដោយតំរូវការពួកគាត់ស្ទើតែគ្រប់គ្រាន់គ្មានខ្វះចន្លោះនោះ ទើបពួកគាត់និយាយថា «អ្នកបម្រើពួកគាត់ គាត់បោះឆ្នោតជូនអ្នកនោះ ហើយមិនបោះឆ្នោតឲ្យពួកសន្យាខ្យល់បោកប្រាស់នោះឡើយ»៕