(ប៉េកាំង)៖ បន្ទាប់ពីហោះហើរអស់រយៈពេលជាង ៤ម៉ោងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូបានអញ្ជើញដល់ព្រលានយន្តហោះទីក្រុងប៉េកាំងហើយនៅវេលាម៉ោងជាង១២ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ ដោយទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំចិន។

យោងតាមការចេញផ្សាយលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ដំណើរអញ្ជើញដល់របស់សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូត្រូវទទួលបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីលោក Liu Zhenmin អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក ស្យង់ ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងឥស្សរជនជាន់ខ្ពស់ថ្នាក់ដឹកនាំរដ្ឋាភិបាលចិន។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ៨ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ ដើម្បីចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែឧសភា ឆ្នាំ២០១៧។

ការអញ្ជើញទៅចូលរួមវេទិកាខាងលើរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ហ្ស៊ី ជិនពីង ប្រធានា ធិបតីចិន។

យោងតាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសចិននេះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមជាមួយប្រមុខរដ្ឋាភិបាល និងប្រមុខរាជរដ្ឋាភិបាលដទៃទៀត ក្នុងកិច្ចប្រជុំតុមូលសម្រាប់ថ្នាក់ដឹកនាំ ដែលមាន លោក ហ្ស៊ី ជិនពីង ជាប្រធាន ហើយសម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនោះ ក្រោមប្រធានបទ «ពង្រឹងចំណងទាក់ ទងរវាងប្រជាជន និងប្រជាជន»។

ទន្ទឹមនឹងកិច្ចប្រជុំនេះ សម្តេចតេជោ នឹងមានជំនួបជាមួយ លោក អ៊ែដេណឺបាត ចាហ្គាល់ទុលហ្គា នាយករដ្ឋមន្រ្តី ម៉ុងហ្គោលី និងទទួលជួបសម្តែងការគួរសមពីប្រធានក្រុមហ៊ុនចិនមួយចំនួនផងដែរ។

អំឡុងបំពេញទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំចិន រួមមាន ជំនួបជាមួយ លោកប្រធានាធិបតីចិន ហ្ស៊ី ជិនពីង, លោកនាយករដ្ឋមន្រ្តី លី ខឹឈាង, លោក ចាង តេជាំង ប្រធានសភាតំណាងប្រជាជនចិន និង លោក យូ ផឹងស៊ីង ប្រធានសភាប្រឹក្សា នយោបាយចិនផងដែរ។

លោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងមុនចាកចេញពីកម្ពុជាថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកសារពី ១៤ទៅ១៧នឹងត្រូវចុះហត្ថលេខា ដែលបង្ហាញពីជោគជ័យ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសចិន។

សម្ដេចតេជោ ក៏នឹងអញ្ជើញចូលរួម វេទិការពាណិជ្ជកម្ម និងទេសចរណ៍ ដែលជាវេទិកា ដើម្បីជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងកម្ពុជា-ចិន ហើយដែលតាមគម្រោងប្រទេសទាំងពីរ មានផែនការនឹងជំរុញទំហំពាណិជ្ជកម្មឱ្យកើនដល់ ៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ចិន បានកើនដល់ ៥ពាន់លានដុល្លាររួចហើយនោះ។

សម្តេចតេជោ ហ៊ុន សែន ក៏នឹងធ្វើសន្និសីទព័ត៌មានជាមួយអ្នកសារពត៌មានចិន ហើយក៏មានកម្មវិធីជួបសំណេះសំណាលជាមួយនិស្សិត និងសិក្ខាកាមកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិនជាង ១៨០នាក់ ហើយក៏នឹងអញ្ជើញទៅទីក្រុងស៊ីអាន នៃខេត្តសានស៊ី ដើម្បីធ្វើជា អធិបតី នៃការសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា។

តាមការគ្រោងទុក សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណប្រតិភូជាន់ខ្ពស់ នឹងនិវត្តមកដល់កម្ពុជាវិញ នៅក្រោយម៉ោង ៩យប់ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០១៧។

សូមបញ្ជាក់ដែរថា គណៈប្រតិភូរាជរដ្ឋាភិបាល ដែលអមដំណើរសម្តេចតេជោ ទៅចូលរួមវេទិកានេះ រួមមាន៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល, រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន, រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមទាំងសមាជិករាជរដ្ឋាភិបាលជាន់ខ្ពស់ដទៃទៀត៕