(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកថ្មពួក បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋកុំឲ្យចាញ់ការសន្យាខ្យល់ទាំងឡាយ ដែលនាំឲ្យខកបំណង និងអាចនាំឲ្យជាតិមានមហន្តរាយ។
ការថ្លែងរំលឹកបែបនេះ បានធ្វើឡើងក្នុងពេលរូបលោកចុះសំណេះសំណាលជាមួយបងប្អូនពិការ អតីតយុវជន និងប្រជាពលរដ្ឋប្រមាណជា ២០០នាក់ នៅឃុំ-ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក សេរី កុសល បានថ្លែងថា «បច្ចុប្បន្ននេះឪពុក ម៉ែ បងប្អូន ទាំងអស់គ្នា បានដឹងហើយថា CPP រួមរស់ជាមួយគ្នា បើមានទុក្ខព្រួយ គឺមានវត្ថមានគណបក្សប្រជាជនកម្ពុជា មិនដូចអ្នកថា អ្នកសន្យាខ្យល់ នយោបាយក្រៅស្រុក នយោបាយលើអាកាស ទាំងអស់នោះបានជួយ ឬ បានចូលអភិវឌ្ឍន៍ដែរឬទេ?»។
លោកទេសរដ្ឋមន្ត្រីថ្លែងបន្តថា «តើបងប្អូនដឹងថា ការដឹកនាំបប្រទេសឆ្ពោះមានពេលនេះ មានការអភិវឌ្ឍន៍គ្រប់វិស័យ មានផ្លូវគ្រួស ផ្លូវបេតុង ផ្លូវកៅស៊ូ ផ្លូវអាកាស ស្ពានថ្ម ស្ពានអានាស ផ្ទះថ្ម ផ្ទះវិឡា សាលារៀន វត្តអារាម និងហេដ្ឋាន ចរនាសម្ព័ន្ធផ្សេងៗជាច្រើន វិស័យសុខាភិបាល វិស័យអប់រំ អ្វីដែលពិសេសនោះគឺសេដ្ឋកិច្ចកម្ពុជាមានកើនឡើង សុខ សន្តិភាព ស្ថេរភាព ស្ងប់ស្ងាត់ ទាំងអស់នេះគឺមានការដឹកនាំប្រទេសដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា»។
សូមបញ្ជាក់ថា ក្នុងកិច្ចសំណេះសំណាលនាព្រឹកមិញនេះ លោក សេរី កុសល ផ្តល់អំណោយមួយចំនួន ដល់ជនពិការ ១០នាក់ ក្នុងម្នាក់ៗ ទទួលបានអង្ករចំនួន២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ មី ១កេស ទឹកបរិសុទ្ធ ១កេស ក្រមា១ និងថវិកា ៨ម៉ឺនរៀល។ រីឯពលរដ្ឋចូលរួមប្រមាណជា២០០នាក់ ទទួលបានកាដូកំដរដៃ នៅក្រមា ១ម្នាក់ និងថវិកា ១ម៉ឺនរៀល អ្នកមានកូនតូច ក្រមា១ ថវិកា ២ម៉ឺរៀល។
ស្រ្តីទើបសំរាលកូន ៦៨គ្រួសារ ១គ្រួសារទទួលបាន ថវិកា១០ម៉ឺនរៀល ក្រមា១ ប្រេងខ្យល់ ថ្នាំសង្កូវ ១កញ្ចប់ធំ៕