(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត រៀបចំពិធីបុណ្យចម្រើនព្រះជន្មថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រង់ ៦៤ យាងចូល ៦៥ព្រះវស្សា។
ក្នុងឱកាសនោះ លោក ថង សាវុន បានអាននូវសារលិខិតថ្វាយព្រះពរក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋគ្រប់ជនជាតិទូទាំងខេត្ត ថ្វាយព្រះរាជសព្វសាធុការពរជ័យ ថ្វាយ ព្រះមហាក្សត្រខ្មែរ សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មានយុយឺនយូរ ព្រះបញ្ញាញាណវៀងវៃ ដើម្បីព្រះអង្គគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសុខក្សេមក្សាន្តដល់ប្រជានុរាស្ត្រ៕