(ភ្នំពេញ)៖ មន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញប្រមាណ ១៨ភាគរយហើយ បានធ្វើកិច្ចសន្យាលក់លំនៅឋានជូនក្រុមហ៊ុន បន្ទាប់ពីព្រមទទួលសំណងពីក្រុមហ៊ុនក្នុងតម្លៃ ១,៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
មន្រ្តីរូបនោះបានបញ្ជាក់ថា បន្ទាប់ពីមានការព្រមព្រៀងគ្នារវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ក្រោមកិច្ចសម្របសម្រួលរបស់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនោះ នៅព្រឹកថ្ងៃទី១៣ ខែឧសភា នេះ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំធ្វើកិច្ចសន្យាជូនប្រជាពលរដ្ឋ។ គិតត្រឹមម៉ោង ១១ថ្ងៃនេះ លំនៅចំនួន ៩០យូនីត ស្មើនិងប្រមាណ ១៨ភាគរយហើយ ត្រូវបានប្រជាពលរដ្ឋធ្វើកិច្ចសន្យាលក់ជូនក្រុមហ៊ុន។
សូមបញ្ជាក់ថា ក្រោមកិច្ចសម្របសម្រួលជាលើកចុងក្រោយរបស់លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ តំណាងក្រុមហ៊ុនជប៉ុន Arakawa និងប្រជាពលរដ្ឋរស់នៅក្នុងអគារប៊ូឌិញ «ស» បានព្រមព្រៀងគ្នា ដោយផ្តល់សំណងជូនប្រជាពលរដ្ឋ ១,៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដើម្បីជាថ្នូរនឹងការចាកចេញរបស់ពួកគេ។
សម្រាបការរុះរើសម្ភារៈចេញពីលំនៅឋាននេះ ក្រុមហ៊ុនបានជួយចេញថ្លៃក្នុងមួយគ្រួសារ ១០០ដុល្លារថែមទៀតផង។ ការរុះរើលំនៅឋានគ្រោងធ្វើឡើងនៅអំឡុងខែមិថុនា ខាងមុខនេះ។
អគារប៊ូឌិញនេះ មានចំនួនសរុបប្រមាណ ៤៩៣យូនីត ស្មើនិង ៣៩៣គ្រួសារ។
សូមជម្រាបថា អគារប៊ូឌីញ «ស» នេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំងនេះ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើប មានកម្ពស់ប្រមាណ ២១ជាន់ ដោយគ្រោងចំណាយថវិកាប្រមាណ ៧០-៨០លានដុល្លារអាមេរិក៕