(តាកែវ)៖ ក្រុមប្រជាពលរដ្ឋទាំងក្មេងនិងចាស់នៅក្នុងឃុំញ៉េញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវប្រមាណជាងពីរពាន់នាក់ដែលមានជំងឺប្រចាំកាយ ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ម៉ម ប៊ុនហេង ចុះមកជួយព្យាបាលជំងឺដល់ភូមិឃុំដោយឥតគិតថ្លៃ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។
លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា ការចុះមកពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅថ្ងៃនេះគឺ មានកត្តាពីរដែលជំរុញឲ្យលោក ត្រូវតែមកជួយដល់បងប្អូននៅឃុំញ៉េញ៉ងនេះវិញ ដោយសារតែ ទី១ លោកជាអតីត ធ្លាប់រស់នៅក្នុងឃុំញេញ៉ងនេះជាមួយនិងបងប្អូន ដែលធ្លាប់ឆ្លងកាត់ការលំបាកជាមួយគ្នា កាលពីសម័យដែលប្រទេសមានសង្គ្រាម រហូតមកដល់ពេលនេះប្រទេសរបស់យើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍នៅគ្រប់ទីកន្លែង។
ទី២ ដោយសារតែលោកមានសំណាង ដែលសម្តេចតេជោ ហ៊ុន សែន បានតែងតាំងរូបលោកជារដ្ឋមន្ត្រីក្រសួងសុខាភិបាលផង ទើបលោកមានលទ្ធភាពអាចនាំក្រុមគ្រូពេទ្យជំនាញទាំងអស់នេះ មកព្យាបាលជំងឺជូនបងប្អូននៅពេលនេះបានដោយមិនគិតថ្លៃអ្វីទាំងអស់។
លោកបណ្ឌិត ម៉ម ប៊ុនហេង បានបន្តថា នេះជាសកម្មភាពមនុស្សធម៌មួយដែលចង់ឆ្លុះបង្ហាញពីការចេះជួយគ្នាទៅវិញទៅមក និងជាការចូលរួមចំណែកមួយផ្នែក ក្នុងការកាត់បន្ថយនៅភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលកំពុងតែមានការខ្វះខាត ដែលមិនចង់ឲ្យប្រជាពលរដ្ឋចំណាយអស់ថវិការច្រើន ក្នុងការធ្វើដំណើរទៅព្យាបាលជំងឺនៅរាជធានីភ្នំពេញ ឬតំបន់ឆ្ងាយៗ ទើបបានជាលោកដឹកនាំក្រុមគ្រូពេទ្យ ដែលមានជំនាញគ្រប់មុខទាំងអស់នេះចុះមកពិនិត្យ និងធ្វើការព្យាបាលជូនបងប្អូនប្រជាពលរដ្ឋរបស់យើងដល់ភូមិ ឃុំតែម្តង ហើយការព្យាលនេះដែរ គឺមិនមានការគិតថ្លៃសេវាអ្វីទាំងអស់ ។
ឆ្លៀកក្នុងឱកាសនោះដែរ លោកបណ្ឌិត ចាន់ សារុន ប្រធានក្រុមការងារចុះជួយស្រុកត្រាំកក់ បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចឹត្តរបស់លោក ម៉ម ប៊ុនហេង ចុះមកជួយព្យាបាលជំងឺដល់ប្រជាពលរដ្ឋនៅពេលនេះគឺជាស្មារតីមនុស្សធម៌សុទសាធ ដោយស្ដែងចេញពីសេចក្ដីស្រលាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមខ្មែរដូចគ្នា ខ្មែរស្រលាញ់ខ្មែរ ពោលគឺការព្យាបាលនេះមិនប្រកាន់បក្សពួក ពណ៌សម្បុរ សាសនាឬនិន្នាការនយោបាយអ្វីនោះឡើយ។
ការព្យាបាលរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលនេះជូនដល់ប្រជាពលរដ្ឋ គឺជាការយកចិត្តទុកដាក់ និងគិតគូរជានិច្ចពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែគិតគូរជានិច្ចនូវសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចង់អោយមានសុខសុវត្តិភាព និងមានសុខភាពល្អគ្រប់គ្នា ។
លោក សុខ សំណាង ជាប្រជាពលរដ្ឋរស់នៅឃុំញេញ៉ង បានសំដែងការគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពរបស់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីរសុខទុករបស់ប្រជាពលរដ្ឋ ព្រោះកត្តាសុខភាពនេះ គឺជាកត្តាចំបងមួយដែលរួមចំណែកក្នុងការកាត់បន្ថយនៅភាពក្រីក្រ ហើយក៏ជាកត្តាមួយដែលធ្វើអោយប្រជាពលរដ្ឋទាំងមូល រស់នៅជាមួយក្រុមគ្រួសារដោយមានសុភមង្គលផងដែរ៕