(តាកែវ)៖ លោក ជា វ៉ាន់ដេត តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារចុះជួយស្រុកបាទី បាននិយាយទៅកាន់កម្មករ-កម្មការិនីជិត៥០០នាក់នៅថ្ងៃសៅរ៍នេះថា ប្រាក់បៀវត្សរ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងជាពិសេស កម្មករ-កម្មការិនី នឹងកើនឡើងថែមទៀត បើសិនជាប្រទេសយើងមានស្ថេរភាពដូចសព្វថ្ងៃ។
តែមួយរយៈពេលខ្លី លោកតំណាងរាស្ត្ររូបនេះ បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋជាង៣ម៉ឺននាក់ នៅស្រុកបាទីទាំងមូល មិនថាជាកម្មករ គ្រូបង្រៀន ឬ និវត្តន៍ជនឡើយ តាមរយៈការចុះសួរសុខទុក្ខជាប្រចាំជាមួយពួកគាត់ និងប្រឹងប្រែងឆ្លើយតប នឹងតម្រូវការភ្លាមៗ ។
លោក វ៉ាន់ដេត បានមើលឃើញពីអ្វីដែលជាសេចក្តីត្រូវការ និងជាអាទិភាពដែលចាំបាច់ លោកត្រូវជួយជាបន្ទាន់ ជាពិសេសឃុំត្រពាំងក្រសាំង ការជួសជុលសន្ទះទឹកមួយចំនួន ប្រគល់និងលើកស្លាកគណបក្សចំនួន៧០ស្លាក និងផ្លូវជាច្រើនកំណាត់ប្រវែងប្រហែល៧គីឡូម៉ែត្រ ដែលប្រជាពលរដ្ឋ កម្មករ-កម្មការិនី ចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃ៕