(សៀមរាប)៖ ដោយមានការអនុញ្ញាតពីអាជ្ញាធរអប្សរា លោក ជាវ ប៊ុនធឿន ដែលជាអាជីវករម្នាក់ ហើយដោយមានការចូលរួមពីលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រួមនិងមន្ត្រីអាជ្ញាធរអប្សរា និងមន្ត្រីជលផលមួយចំនួនទៀត បានចូលរួមលែងកូនត្រីពូជ «ត្រីគល់រាំង» ចំនួន ១១១ក្បាល នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ នៅឯកសិន្ធុអង្គរវត្ត ។
លោក ប៊ុនធឿ បានថ្លែងថា៖ ដោយការស្រឡាញ់ និងដើម្បីចូលរួមចំណែកអភិរក្សពូជ «ត្រីគល់រាំង» គឺជាប្រភេទត្រីដែលកម្រ បច្ចុប្បន្នកំពុងប្រឈមនឹងការផុតពូជ ផងនោះ ទើបលោកបានសុំការអនុញ្ញាតពីអាជ្ញាធរអប្សរា យកមកលែងនៅឯកសិន្ធុអង្គរវត្ត នៅមុខលោកតារាជ នាពេលនេះ ។ លោកបានបន្ថែមថា៖ ហើយម្យ៉ាងទៀត បើតាមប្រពែណីយ៍ទំនៀមទំលាប់ ជំនឿដូនតាខ្មែរ តាំងពីបុរាណកាលមក ការលែងត្រី លែងសត្វ គឺដើម្បីនាំមកនូវសេចក្ដីសុខចម្រើន សិរីសួស្ដី និងសុភមង្គលផងដែរ។
ហើយលោកប្រធានមន្ទីរ និងខាងអាជ្ញាធរអប្សរា បានឲ្យដឹងថា៖ ដោយតំបន់នេះជាតំបន់បេតិកភណ្ឌពិភព នៃប្រាសាទអង្គរ ហើយជាតំបន់ដែលមាន ការការពារ អភិរក្ស និងដោយមានការទទួលខុសត្រូវខ្ពស់ ពីអាជ្ញាធរអប្សរា រួមនិងដោយមានការសិក្សាពីមន្ត្រីជំនាញ អំពីស្ថានភាពទឹក និងជីវ:ចម្រុះ នៅតំបន់នេះ ទើបខាងអាជ្ញាធរអប្សរា បានអនុញ្ញាតឱ្យលែង នៅពេលនេះ។
លោកបន្ថែមថា៖ ការប្រលែងត្រីនេះ គឺដើម្បីអភិរក្សពូជត្រីកម្រនេះ សម្រាប់រក្សាទុកឱ្យប្រជាពលរដ្ឋ, ភ្ញៀវជាតិ-អន្តរជាតិ និងក្មេងៗជំនាន់ក្រោយៗ បានឃើញ បានស្គាល់ផងដែរ ។ ក្នុងនោះដែរលោក ប៊ុនធឿន ក៏សូមថ្លែងអំណរគុណចំពោះអាជ្ញាធរអប្សរា មន្ត្រីអាជ្ញាធរជំនាញ សមត្ថកិច្ច ដែលបានអនុញ្ញាតឱ្យលែងត្រីដ៏កម្រនៅទីនេះផងដែរ ៕