(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន បានថ្លែងថា វេទិកានេះ បានជួយលើកកម្ពស់មុខមាត់របស់កម្ពុជា ជាពិសេសធ្វើឲ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ថា កម្ពុជាបច្ចុប្បន្នកំពុងរីកចម្រើន មិនមែនហ៊ុមព័ទ្ធដោយភ្លើងសង្រ្គាម ដូចកម្ពុជាកាលពីអតីតកាលទៀតនោះឡើយ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News បន្ទាប់ពីបញ្ចប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់អាស៊ាននៅក្នុងប្រទេសកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់១២ ខែឧសភា គឺទទួលបានជោគជ័យខ្លាំង ហើយទទួលបានអ្នកចូលរួមយ៉ាងច្រើនថែមទៀតផង។

បើតាមលោក ស៊ុន ចាន់ថុល ប្រយោជន៍ដែលកម្ពុជាទទួលបានវេទិកានេះ គឺបានធ្វើឲ្យពិភពលោកបានយល់កាន់តែច្បាស់ពីប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គឺមិនដូចអតីតកាលដែលយាយីដោយភ្លើងសង្រ្គាមនោះឡើយ។ ការបង្ហាញឲ្យពិភពលោកបានដឹង និងស្គាល់កាន់តែច្បាស់នូវស្ថានភាពរបស់កម្ពុជានេះ វានឹងធ្វើឲ្យអ្នកវិនិយោគកាន់តែច្បាស់លាស់ក្នុងចិត្តរបស់ពួកគេ ដើម្បីសម្រេចថា តើពួកគេត្រូវសម្រេចចិត្តមកវិនិយោគ និងបណ្តាក់ទុនរកស៊ីនៅកម្ពុជា ឬយ៉ាងណា?

«ប្រយោជន៍ធំបំផុតរបស់យើងគឺការផ្លាស់ប្តូរមុខមាត់ប្រទេសជាតិយើងឲ្យពិភពលោកទាំងមូលដឹង ឃើញថានេះ កម្ពុជា មិនមែនកម្ពុជាបែកបាក់ដូចសម័យសង្រ្គាមទេ។ គឺកម្ពុជា មានស្ថេរភាពនយោបាយ មានសុខសន្តិភាព មានការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច។ល។ ពីដើមគេមិនស្គាល់កម្ពុជាយើងរបៀបម៉េចទេ តែទាល់គេឃើញផ្ទាល់ និងការផ្សព្វផ្សាយទៅកាន់មនុស្សរាប់លាននាក់ទូទាំងពិភពលោក តាមរយៈការផ្សាយផ្ទាល់នេះ ជាការកែមុខមាត់ និងលើកកម្ពស់ប្រទេសជាតិយើងឲ្យគេទទួលស្គាល់ថា ជាប្រទេសរីកចម្រើន»។ លោកទេសរដ្ឋមន្រ្តីបញ្ជាក់បន្ថែម។

បើតាមលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្នុងវេទិកានេះ លោកក៏បានពិភាក្សាពីការរកប្រភពទុនដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រវាងប្រទេសអាស៊ានទាំងអស់ ធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនទំនិញ និងអ្នកទេសចរកាន់តែងាយស្រួល។

សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ត្រូវបានប្រកាសបិទបញ្ចប់នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ វេទិកានេះ ទទួលបានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល អ្នកវិនិយោគ ព្រមទាំងធុរកិច្ចជនមកពីបណ្តាក្រុមហ៊ុនល្បីៗលើពិភពលោកសរុបប្រមាណ ៧០០នាក់។

នៅឆ្នាំ២០០៨ខាងមុខនេះ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់អាស៊ាននេះ នឹងត្រូវធ្វើឡើងនៅប្រទេសវៀតណាម៕