(ព្រះវិហារ)៖ ជាមួយនឹងការមមាញឹកចុះមូលដ្ឋានខេត្តព្រះវិហារនោះ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ លោក សួស យ៉ារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារមកពីគណបក្សប្រជាជនកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដែលហាក់ដូចជាប្រជាជនសាមញ បានចូលរួមពិធីឡើងផ្ទះរបស់ប្រជាពលរដ្ឋក្រីក្រ នៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
ការចូលរួមពិធីជប់លៀងនោះ បានធ្វើឡើងបន្ទាប់ តំណាងរាស្រ្ត លោក សួស យ៉ារ៉ា និង លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានចុះប្រគល់អំណោយផ្ទះជូនប្រជាពលរដ្ឋទាំងនោះ បន្ទាប់ពីសង្កេតឃើញថា ពួកគេមានការខ្វះខាត មិនមានលទ្ធភាពសង់ផ្ទះដោយខ្លួនឯង។
សេចក្តីរាយការណ៍បានឱ្យដឹងថា នៅក្នុងពិធីឡើងផ្ទះនោះ លោក សួស យ៉ារ៉ា និងលោកអភិបាលខេត្ត ត្រូវបានទទួលស្វាគមន៍ជាមួយនំបញ្ចុកប្រចាំភូមិ ដែលរៀបចំដោយប្រជាពលរដ្ឋ។ ទោះបីជា ពិធីជប់លៀងឡើងផ្ទះនោះតូចក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋបានសម្តែងភាពរីករាយយ៉ាងខ្លាំង បន្ទាប់ពីមានតំណាងរាស្រ្ត និងអភិបាលខេត្តចូលរួមជាមួយពួកគាត់ និងយកចិត្តទុកដាក់ចំពោះពួកគាត់។
សូមជំរាបថា នៅក្នុងឱកាសនោះ លោក សួស យ៉ារ៉ា ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ជំរាបជូនប្រជាពលរដ្ឋ ដែលជានិច្ចកាល សម្តេចតែងគិតគូអំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ៕